អានតួអត្ថបទ

បក្ស​ភ្លើងទៀន​៖​ការចាប់ខ្លួន​មន្ត្រី​បក្ស​នៅ​កំពង់ចាម​ជាការ​គំរាមកំហែង​សកម្មជន​ទូទាំង​ប្រទេស

គណបក្ស​ភ្លើងទៀន​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​សមាជិក​របស់ខ្លួន​ឲ្យមាន​សេរីភាព​ឡើងវិញ ​បន្ទាប់ពី​សកម្មជន​គណបក្ស​ភ្លើងទៀន​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់ចាម ​លោក ​គង់ ថារ៉េត ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​ឆ្នាំ​២០២៤​។ គួរបញ្ជាក់ថា​ លោក គង់ ថារ៉េត ​គឺជា​សមាជិក​គណបក្ស​ប្រឆាំង​ទី៧ ​ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅក្នុង​ខែ​មេសា ​ឆ្នាំ​២០២៤ ​នេះ​។

មន្ត្រីគណបក្សភ្លើងទៀនខេត្តកំពង់ចាមត្រូវអាជ្ញាធរចាប់ខ្លួន
មន្ត្រីគណបក្សភ្លើងទៀនខេត្តកំពង់ចាមត្រូវអាជ្ញាធរចាប់ខ្លួន © FB
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ភ្លើងទៀន​បានចាត់ទុកការ​ចាប់ខ្លួនលោក ​គង់ ថារ៉េត អនុ​ប្រធានគណៈកម្មាធិការ​ប្រតិបត្តិគណបក្ស​ភ្លើងទៀន​ក្រុង​កំពង់ចាម និង​ជាចៅសង្កាត់រង​ទី​២​ នៃសង្កាត់​វាលវង់ ​ក្រុងកំពង់ចាម ​ជាការ​គំរាមកំហែង​ថ្មីមួយទៀត​ក្នុងគោលបំណង​រារាំង​ការធ្វើសកម្មភាព​នយោបាយ​ស្របច្បាប់​របស់គណបក្ស ​និងសកម្មជន​គណបក្សនៅទូទាំង​ប្រទេស។

បើតាម​សេចក្តីថ្លែងការណ៍​របស់គណបក្ស​ប្រឆាំងមួយនេះ ​សមត្ថកិច្ច​មិនបាន​ប្រាប់ពី​មូលហេតុនៃ​ការចាប់ខ្លួន​លោក ​គង់ ថារ៉េត ទេ​។ ចំណែក​មន្ត្រីប៉ូលីស​ជាន់ខ្ពស់​នានា​នៃស្នងការដ្ឋាន​ប៉ូលីស​ខេត្តកំពង់ចាម​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​អ្វីទាំងអស់​។

តែ​លោក អំ សំអាត ​នាយកប្រតិបត្តិ​អង្គការការពារ​សិទ្ធិមនុស្សលីកាដូ​បានមើលឃើញថា ​សកម្មជន ​និងអ្នកនយោបាយ​គណបក្សប្រឆាំង​ត្រូវបានចាប់ខ្លួន​ជាបន្តបន្ទាប់​ ក្រោយគណបក្សភ្លើងទៀន​មិនអាចចូលរួម​បោះឆ្នោតកាលពី​ឆ្នាំ​២០២៣។ ​តាម​លោក អំ សំអាត ការ​បន្តចាប់ខ្លួន​សមាជិកបក្សប្រឆាំង​បានធ្វើឲ្យបរិយាកាស​នយោបាយ​ល្អក់កករ និង​រងការរិះគន់​ពី​សហគមន៍អន្តរជាតិ។​

ក្នុងនាមសង្គម​ស៊ីវិល លោកចង់ឃើញ​អ្នកនយោបាយ​ទាំងអស់​តម្កល់ប្រយោជន៍ជាតិ ​និង​ប្រជាជនជាធំ ​ពោលធ្វើយ៉ាងណា​ឲ្យបរិយាកាស​នយោបាយ​មានការ​ធូរស្រាល​។

សូមរំលឹកថា ​ចាប់តាំងពីដើម​ឆ្នាំ​២០២៣ រហូត​ដល់ខែ​មេសា ឆ្នាំ២០២៤​នេះ មានមន្ត្រី​សំខាន់ៗ​នៅតាមមូលដ្ឋាន​របស់បក្សភ្លើងទៀន​ជាង២០នាក់​ ត្រូវបានអាជ្ញាធរ​ចាប់ខ្លួន និង​ឃុំខ្លួននៅក្នុង​ពន្ធនាគារ។ ​ក្នុងចំណោមអ្នក​នយោបាយដែល​ត្រូវបានចាប់ខ្លួន​ទាំងនោះមាន ​លោក ថាច់ សេដ្ឋា ​អនុប្រធាន​គណបក្ស មាន​សមាជិកគណៈកម្មាធិការ​នាយក ប្រធាន ​និង​អនុប្រធាន​ប្រតិបត្តិគណបក្ស​ភ្លើងទៀនប្រចាំ​ខេត្ត ក្រុង​នានា រួមទាំង​ចៅសង្កាត់​រង និង​ជំទប់ឃុំ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ