អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កង្វះ​មូលដ្ឋាន​គ្រឹះ​ធ្វើ​ឲ្យ​គុណភាព​ធនធាន​មនុស្ស​ខ្សោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ក្នុងចំណោមបញ្ហាសំខាន់ៗជាច្រើន​ក្នុង​វិស័យ​អប់រំ​កម្ពុជា​បច្ចុប្បន្ន​គឺ និស្សិត​សាកល​វិទ្យាល័យ​ភាគច្រើន​មិន​ត្រឹមតែ​ខ្សោយ​ខាង​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះ​ទេ តែ ពួកគេ​ភាគច្រើន​សរសេរ​ភាសាជាតិ​មិនបាន​ត្រឹមត្រូវ និង​ខ្សោយ​ខាង​ការជជែក​ពិភាក្សា។ សាស្ត្រាចារ្យ​ថ្នាក់ឧត្តមសិក្សា​ជាច្រើន​បាន​រអ៊ូរទាំដូចៗគ្នា​អំពី​បញ្ហា​នេះ ខណៈដែល​និយោជក​ជាច្រើន​ដែល​រើស​បុគ្គលិក​ទៅធ្វើ​ការ​ក៏​ជួបនឹង​បញ្ហា​ដូចគ្នា​ដែរ។ ទោះបីជា​ពួកគេ​បានបញ្ចប់​បរិញ្ញាបត្រ ឬ​កំពុង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ក៏​និស្សិត​ភាគច្រើន​ខ្វះ​សមត្ថភាព​និយាយ​ឬ​សរសេរ​ភាសាជាតិ​ឲ្យ​បាន​ត្រឹមត្រូវ។ នេះ​ជាស​ញ្ញា​អាសន្ន​មួយ​ក្នុង​វិស័យ​អប់រំ​កម្ពុជា។

គ្រួសារ​អ្នកក្រីក្រ​ដែលគ្មាន​ជម្រើស​នៅតែ​បន្ត​បញ្ជូន​កូន​ទៅ​សាលារដ្ឋ​
គ្រួសារ​អ្នកក្រីក្រ​ដែលគ្មាន​ជម្រើស​នៅតែ​បន្ត​បញ្ជូន​កូន​ទៅ​សាលារដ្ឋ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

វា​ពិតជា​មិនមែនជា​រឿង​គួរ​ឲ្យ​មើលស្រាល​ឡើយ​នៅពេលដែល​សាស្ត្រាចារ្យ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ជាច្រើន​បាន​ត្អូញត្អែរ និង​អ្នកខ្លះ​គ្រវីក្បាល​ស្ទើរ​ដាច់​ដោយសារតែ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ភាគច្រើន ឬ​រហូតដល់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មួយចំនួន​ផង​មិនអាច​សរសេរ​ភាសា​ខ្មែរ​បាន​ត្រឹមត្រូវ និង​បញ្ចេញមតិ​យ៉ាង​លំបាក​នៅពេលដែល​ពួកគេ​ឡើង​បកស្រាយ​មេរៀនម្តង។

មិនមែន​តែ​សាស្ត្រាចារ្យ​ទេ សូម្បីតែ​និយោជក​ដែល​ជ្រើសរើស​បុគ្គលិក​ទៅ​បម្រើ​ការងារ​ក៏​ជួប​បញ្ហា​ដូចគ្នានេះដែរ។ ពួកគេ​បាន​សម្តែង​ការហួសចិត្ត​ដ្បិត​បុគ្គលិក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់​មួយចំនួន​មាន​សមត្ថភាព​ទាប​ជាង​សញ្ញាបត្រ​ឆ្ងាយ​ណាស់។ នេះ​គឺជា​សញ្ញា​អាសន្ន​ដ៏​ធំ​មួយ​សម្រាប់​អនាគត​ប្រទេស​កម្ពុជា។ អាសន្ន​ដោយហេតុថា ប្រទេសមួយ​មិនអាច​ពឹង​លើ​ធនធានមនុស្ស​គ្មាន​គុណភាព​បានទេ។

មាន​មូលហេតុ​ជាច្រើន​ដែល​បណ្តាល​ឲ្យ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​មិនសូវមាន​គុណភាព។ មូលហេតុ​សំខាន់​ជាងគេ​គឺ​ប្រព​ន្ធ័​អប់រំ​ដែល​មិនអាច​ផ្តល់​គ្រឹះ​រឹងមាំ​ដល់​សិស្ស។ ទម្លាប់​នៃ​ការបង្រៀន​និង​ការរៀន​ជាពិសេស​ចាប់ពី​ថ្នាក់​បឋម​ដល់​វិទ្យាល័យ​មិន​អំណោយផល​ទាល់តែសោះ​ដល់​ការសរសេរ និង​ការជជែក​វែកញែក​រប​ស់សិ​ស្ស។ ក្នុង​ប្រព​ន្ធ័​អប់រំ​កម្ពុជា ជាទូទៅ​សិស្ស​អង្គុយចាំតែ​ស្តាប់​គ្រូ ចំណែកឯ​គ្រូ​វិញ​ចូលចិត្ត​និយាយ​ឲ្យ​សិស្ស​ស្តាប់​ច្រើនជាង ឲ្យ​សិស្ស​បង្កើត​គំនិត ជជែក​ពិភាក្សាគ្នា និង​សរសេរ​ឲ្យ​បាន​ច្រើន។ ទម្លាប់​នេះ​បានធ្វើ​ឲ្យ​សិស្ស​បាត់បង់​ឱកាស​ក្នុងការ​សរសេរ ឬ​ក្នុងការ​ពិចារណា និង​ស្រាវជ្រាវ​ដើម្បី​បង្កើន​ធនធាន​បញ្ញា​របស់ខ្លួន។

និយាយ​ពី​វិស័យ​អប់រំ​កម្ពុជា មាន​កត្តា​ច្រើនយ៉ាង​ប្រទាក់ក្រឡា​គ្នា​ដែល​ធ្វើ​ឲ្យ​ធនធានមនុស្ស​នៅ​ទន់ខ្សោយ។ កត្តា​គ្រូ កត្តា​សិស្ស កត្តា​ឳ​ពុក​ម្តាយ ទម្លាប់​មិន​ចូលចិត្ត​អាន រួមផ្សំ​នឹង​និន្នាការ​សង្គម​ដែល​ផ្តល់​តម្លៃ​លើ​ប្រាក់​និង​សម្ភារៈ​ជាង​មនសិការ​និង​ចំណេះវិជ្ជា សុទ្ធតែជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ក្រិន​បញ្ញា​ស្មារតី​របស់​យុវវ័យ​ខ្មែរ។ ជីវភាព​ខ្វះខាត​មិន​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​ថ្នាក់ក្រោម​បំពេញ​តួនាទី​របស់ខ្លួន​បានល្អ​ឡើយ។ ចំណែកឯ​សិស្ស​វិញ​ក៏​ហាក់ដូចជា​មិនសូវ​មានការ​តាំងចិត្ត​ខំរៀន​ប៉ុន្មាន​ដែរ តែ​ពួកគេ​ភាគច្រើន​ត្រូវបាន​អូសទាញ​ដោយ​និន្នាការ​សម្ភារៈ​និយម និង​ការសប្បាយ​ភ្លើតភ្លើន​ទៅតាម​វប្បធម៌​មិនល្អ​មួយចំនួន​ដែល​ហូរ​ចូល​ពី​បរទេស។

នៅឯ​ផ្ទះ ឪពុកម្តាយ ឬ​អាណាព្យាបាល​ភាគច្រើន​មិនសូវ​ជាមាន​ពេល​តាមដាន​កូន, បង្រៀន​កូន និង​ធ្វើជា​គំរូ​ដល់​កូន​ក្នុងការ​សិក្សា​រៀនសូត្រ​ឡើយ។ កុំថាឡើយ​តែ​អ្នក​ដែលមាន​ជីវភាព​ទ័លក្រ សូម្បីតែ​អ្នកមាន​ជីវភាព​ធូរធារ ឬ​មធ្យម​ខ្លះ ក៏​មិនទាន់​ឲ្យ​តម្លៃ​ទៅលើ​សៀវភៅអាន​សម្រាប់​កូន​នៅឡើយ​ដែរ។ មានគ្រួសារ​ខ្មែរ​តិចតួច​ណាស់​ដែល​ចំណាយពេល​និង​ចំណាយ​ប្រាក់​ទិញ​សៀវភៅ​ឲ្យ​កូន​អាន​ឬ​មាន​ទម្លាប់​នាំ​កូន​ទៅ​កន្លែង​លក់​សៀវភៅ។ ការផ្តល់​អំណោយ​សៀវភៅ​ដល់​កុមារ​នៅតែ​ជា​រឿង​គួរ​ឲ្យ​ខ្មាសអៀន​មួយ​នៅក្នុង​សង្គម​ខ្មែរ។ កត្តា​ទាំងនេះហើយ​ដែល​ធ្វើ​គ្រឹះ​នៃ​ការសិក្សា​របស់​កុមារ​មិន​រឹងមាំ​តាំងពី​ថ្នាក់ក្រោម​មកម្ល៉េះ។

ដើម្បី​ស្រាយ​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ ការកែប្រែ​កម្មវិធីសិក្សា​និង​ការគិតគូរ​ដល់​ជីវភាព​គ្រូបង្រៀន​គឺជា​គន្លឹះ​ចាំបាច់​មិនអាច​ខ្វះ​បាន។ តាមពិត ក្រសួង​អប់រំ​បាន​ដើរ​មួយ​ជំហាន​រួចទៅហើយ​តាមរយៈ​ការជំរុញ​ប្រព​ន្ធ័«សិស្ស​មជ្ឈមណ្ឌល» ប៉ុន្តែ វា​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។ នៅមាន​កិច្ចការ​ច្រើន​ទៀត​ដែល​ក្រសួង​ត្រូវ​ពុះពារ​ធ្វើ​ឲ្យ​បាន។ ទន្ទឹមនឹង​នោះដែរ ឳ​ពុក​ម្តាយ​ក៏ត្រូវ​ជួយ​ចូលរួមចំណែក​ដើម្បី​លើកកម្ពស់​ការសិក្សា​រប​ស់​កូន​ដែរ។

បន្តិចទៀតនេះ កម្ពុជា​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។
ប្រសិនបើ​ធនធានមនុស្ស​នៅ​ខ្សោយ​បែបនេះ កម្ពុជា​នឹងមិន​អាច​ទាញ​ផលប្រយោជន៍​ពី​សហគមន៍​អាស៊ាន​តែមួយ​បានទេ ហើយ​អនាគត​ប្រទេសជាតិ​ក៏​មិនដឹង​ពឹងពាក់​លើ​អ្វី​ដែរ។ ដូច្នេះ ដល់ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​ឲ្យ​បាន​នូវ​គុណភាព​អប់រំ​របស់ខ្លួន​ពីព្រោះ​ប្រទេសមួយ​អាច​អភិវឌ្ឍ​ជឿនលឿន​បាន​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ធនធានមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ