អានតួអត្ថបទ
ជប៉ុន-នុយក្លេអ៊ែរ

រដ្ឋាភិបាល​​បើក​ការ​អនុញ្ញាត​ដំណើរការ​ម៉ាស៊ីន​ប្រតិកម្ម​ជា​ថ្មី​

ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​គ្រោះមហន្តរាយ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Fukushima និង​ទោះបី​ជា​មាន​ការ​ប្រឆាំង​ខ្លាំងក្លា​ពី​សំណាក់​ពលរដ្ឋ​ក្តី រដា្ឋភិបាល​ជប៉ុន នៅ​ថ្ងៃ​សៅរ៍​១៦​មិថុនា​នេះ បាន​បើក​ការ​​អនុញ្ញាត្ត​ឲ្យ​ចាប់​ដំណើរការ​ជាថ្មី​ឡើង​វិញ​ម៉ាស៊ីន​ប្រតិកម្មពីរ ​ នៅ​តំបន់​ អូសាកា ដើម្បី​ចៀសវាង ការ​ដាច់​ភ្លើង នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​រដូវក្តៅ​ដែល​មាន​អាកាសធាតុ​ក្តៅ​និង​សើម។ ជា​​សេចក្តី​​សម្រេចចិត្ត​​មួយ​​នៅ​ក្នុង​​កាលៈទេសៈ​​​ពិបាក​​បន្តិច​ពីព្រោះ​​កម្រិត​​ប្រជា​ប្រិយ​ភាព​​របស់​​លោក​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន Yoshihiko Noda បាន​ស្រុត​ចុះ​ខ្លាំង​មែន​ទែនបន្ទាប់ពី​​មហន្តរាយ​​នុយក្លេអ៊ែរ​នៅ Fukushima​ កាលពី​ថ្ងៃ​១១​មីនា​២០១១ ។

គ្រោះមហន្តរាយនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima
គ្រោះមហន្តរាយនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Fukushima Flickr/*L
ផ្សាយពាណិជ្ជកម្ម

 ម៉ាស៊ីន​ប្រតិកម្ម​ទាំង​ពីរ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Ohi ដែល​ត្រូវ​ចាប់​ដំណើរការ​ឡើង​វិញ​​នោះ​ ស្ថិតនៅក្នុង​ការ​គ្រប់គ្រង​របស់​​​​ក្រុមហ៊ុន  Kansai Electric Power Co ​ ដែលធ្វើ​អាជីវកម្ម​​នៅ​តំបន់ អូសាកាប៉ែកខាងលិចប្រទេសជប៉ុន។ ការ​ចាប់​ដំណើរការ​ម៉ាស៊ីន​ប្រតិកម្ម​នេះ នឹង​អាច​នាំ​ទៅ​ដល់​ការ​ចាប់​ដំណើរ​ការ​ម៉ាស៊ីន​នុយក្លេអ៊ែរ​ផ្សេង​ទៀត ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ពី​សំណាក់​​ប្រជាជន​ជប៉ុន​ក្តី ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​របស់​ពួក​គេ និង​សុវត្ថិភាព​នៃ​ម៉ាស៊ីន​ប្រតិកម្ម​ជប៉ុន​ផ្សេង​ទៀត ដែល​សរុប​មាន ៥០​គ្រឿង​។

 
លោក Yukio Edano រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​ថាមពលបាន​ថ្លែង​ថា “ ​ពុំមាន​មធ្យោបាយ​​អស្ចារ្យ​ណា​មួយ​អាច​​ដោះស្រាយ​បាន​ភ្លាម​ទេ​នៅ​ក្នុង​វិស័យ​ការពារ​គ្រោះ​មហន្តរាយ” ។ ប៉ុន្តែ​ដោយសារ​យើង​ធ្លាប់​មាន​បទ​ពិសោធន៍​បន្ទាប់ពី​គ្រោះថ្នាក់​​នៅ​​ Fukushima មក ឥឡូវនេះ រដ្ឋាភិបាល បាន ​ដាក់​ចេញ​​នូវ​វិធាន​ការ​ការពារ​សុវត្ថិភាព​បានល្អ​ប្រសើរ​​ជាង​មុនហើយ"-នេះ​ជា​ការ​អះអាង​របស់​លោក ​Yukio Edano នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់ពីបាន​ជូន​ដំណឹងនេះរួចមក។

ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​ផ្តល់​សន្ទុះ​នៅ​លើ​វិស័យ​នុយក្លេអ៊ែរនា​ពេល​នេះ​ គឺ​​ជា​ជ័យ​ជំនះ​មួយ​សំរាប់​វិស័យ​នុយក្លេអ៊ែរ​ជប៉ុន និង​ក៏​សំរាប់​ឧស្សាហកម្ម​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​ដែរ ដែល​កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​ឡើង​ថ្លៃ​ភ្លើង​ហួសហេតុ។

គួររំលឹកថា បន្ទាប់ពីគ្រោះមហន្តរាយនៅ Fukushima មកប្រជាជនជប៉ុន ​នៅតែ​បន្ត​បញ្ចេញ​​កំហឹង​ប្រឆាំង​រដ្ឋាភិបាល​និង​ក្រុមហ៊ុនតិបកូ​ដែល​ជា​អ្នក​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Fukushima អំពី​អសមត្ថភាព​ក្នុង​ការគ្រប់គ្រងស្ថានការណ៍​ក្រោយពី​អគារ​ម៉ាស៊ីន​នុយក្លេអ៊ែរ បាន​ផ្ទុះ​ឆេះ​ និង​ធ្លាយ​ចេញ​នូវ​ធាតុ​វិទ្យុសកម្ម​ជា​គ្រោះថ្នាក់​ដ៏​ធំ​សំរាប់​ជីវិត​មនុស្ស ។​ នៅ​ថ្ងៃសុក្រ ម្សិលមិញនេះ​ បាតុករ ជប៉ុន​ជាច្រើន​រាប់ពាន់នាក់ បាន​ប្រមូលផ្តុំគ្នា នៅ​ពីមុខ​ការិយាល័យ​​របស់នាយករដ្ឋមន្ត្រីជប៉ុន ដើម្បី​ប្រឆាំង​​នឹងសេចក្តី​សម្រេច​ចិត្ត​ទុក​ជា​មុន​នេះ--ដោយ​ពួក​គេ​បាន​ស្រែក​តវ៉ា​យ៉ាង​ខ្លាំងៗ​ថា “ជីវិត​មនុស្ស ​មាន​តម្លៃ​ខ្លាំង​​​ជាងសេដ្ឋកិច្ច”​ ។ ពួក​បាតុករ-បាន​ចោទ​ទៀត​ថា” ការ​បើក​ភ្លើង​ខៀវ​ យ៉ាង​ប្រញាប់​និង​​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​លោក​នាយក​រដ្ឋ​មន្ត្រីណូដាក្នុងការ​បើក​ជាថ្មី ​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Ohi ​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​គិតគូរ​អំពីមតិ​យោបល់របស់​អ្នក​ជំនាញការ​នៅ​ក្នុង​វិស័យ​សន្តិសុខ​នុយក្លេអ៊ែរ​​និង​ អំពី​ការ​ប្រឆាំង​ជំទាស់​​​ពី​សំណាក់​ប្រជាជន​របស់​ខ្លួន​ទេ​។

សូមបញ្ជាក់ថា ប្រជាជនជប៉ុនចំនួន ៧ លាន៥សែននាក់ បានចុះ​ហត្ថលេខា​លើ​​ញត្តិ​មួយ ដែលទាមទារ​ឲ្យរដ្ឋាភិបាលជប៉ុន​បោះបង់​ចោល​ទាំង​ស្រុង​ថាមពល​នុយក្លេអ៊ែរ-៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ