អានតួអត្ថបទ
ជប៉ុន

ជប៉ុន​រំលឹក​ខួប​លើកទី ៦៦ នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​នៅហ៊ីរ៉ូស៊ីម៉ា

នៅ​ថ្ងៃទី ៦ សីហា ឆ្នំា ២០១១ នេះ ប្រទេស​ជប៉ុន​បាន​រៀបចំ​ពិធី​រំលឹក​ខួប​លើក​ទី ៦៦ឆ្នំា​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា​ពី​សំណាក់​សហរដ្ឋអាមេរិក កាល​ណោះ នៅ​ថ្ងៃទី ៦ សីហា ឆ្នំា ១៩៤៥។ ៣​ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ៩ សីហា ឆ្នំា ១៩៤៥ ដដែល អាមេរិក​បាន​ទម្លាក់​មួយ​គ្រាប់​ទៀត​លើ​ទីក្រុង​ណាហ្គាសាគី។ ពិធី​រំលឹកខួប​ឆ្នំា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ៦ខែ ក្រោយ​ពី​ជប៉ុន​បាន​ទទួល​រងគ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ Fukushima។

ជប៉ុន​រំលឹក​ខួប​លើកទី ៦៦ នៃ​ការ​ទម្លាក់​គ្រាប់បែកបរមាណូ​នៅហ៊ីរ៉ូស៊ីម៉ា សីហា ឆ្នំា ២០១១
ជប៉ុន​រំលឹក​ខួប​លើកទី ៦៦ នៃ​ការ​ទម្លាក់​គ្រាប់បែកបរមាណូ​នៅហ៊ីរ៉ូស៊ីម៉ា សីហា ឆ្នំា ២០១១ ®Reuters
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​កាល​ពី ៦៦ឆ្នំា​មុន ពិត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​ដែល​ពិភពលោក ពិសេស​ប្រជាជន​ជប៉ុន​មិន​អាច​បំភ្លេច​បាន​ទេ។ នៅ​ថ្ងៃទី ៦ សីហា ឆ្នំា ១៩៤៥ វេលា​ម៉ោង ៨ និង​១៥នាទី ម៉ោង​ក្នុង​ប្រទេស​ជប៉ុន ទាហាន​អាមេរិកំាង​បាន​ទម្លាក់​​គ្រាប់បែកបរមាណូ​លើកទីមួយ​ទៅ​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា កាលណោះ​បាន​ផ្តាច់​ជីវិត​ជនស៊ីវិល​អស់​ជាង ១៤ម៉ឺននាក់។ គ្រាប់បែកបរមាណូ​លើក​ទីមួយ​នោះ​បាន​ផ្ទុះ​នៅ​កំពស់ ៦០០ម៉ែត្រ ពី​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ហើយ​កម្លំាង​ផ្ទុះ​របស់​វា ស្មើ​នឹង​ជាតិ​ផ្ទុះ​តេអិនតេ​ចំនួន ១ម៉ឺន ៥ពាន់តោន។ ក្រោយ​ពី​ការ​ទម្លាក់​នៅ​ហ៊ីរ៉ូស៊ីម៉ា​នោះ​មក រដ្ឋាភិបាល​ជប៉ុន​ជំនាន់​នោះ​បន្ត​បង្អែបង្អង់​មិន​ព្រម​បញ្ចេញ​ប្រតិកម្ម​អ្វី​ទំាង​អស់។ ស្រាប់​តែ ៣​ថ្ងៃ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃទី ៩ សីហា ឆ្នំា ១៩៤៥​ដដែល ទាហាន​អាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​មួយ​គ្រាប់​ទៀត​ទៅ​លើ​ទីក្រុង ណាហ្គាសាគី កាលណោះ​បាន​ផ្តាច់​ជីវិត​ប្រជាជន​ជប៉ុន​ចំនួន​៧ម៉ឺននាក់​បន្ថែម​ទៀត។ គឺ​ទើប​តែ​មួយ​សប្តាហ៍ បន្ទាប់​ពី​បាន​ទទួល​គ្រាប់បែកបរមាណូ​លើកទី២​នោះ​ទេ ទើប​ជប៉ុន​បាន​បង្ខំ​ចិត្ត​សុំ​ចុះ​ចាញ់ ហើយ​សង្រ្គាមលោក​លើកទី២​ក៏​បាន​បិទ​បញ្ចប់​តំាង​ពី​ពេល​នោះ។

ប៉ុន្តែ ៦៦ឆ្នំា ក្រោយ​មក ព្រឹត្តិការណ៍​នៅ​ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី​នៅ​តែ​បន្ត​តាម​លង​អារម្មណ៍​របស់​ប្រជាជន​ជប៉ុន​បន្ត​ទៀត ព្រោះ​ថា វា​បាន​បន្សល់​ទុក​នូវ​ជន​រងគ្រោះ​រាប់សិបម៉ឺននាក់​ដែល​បាន​ទទួល​រងធាតុវិទ្យុសកម្ម និង​រាប់សិបម៉ឺននាក់​ផ្សេង​ទៀត​ដែល​ខ្លួន​ប្រាណ​របស់​គេ​ត្រូវ​បាន​ដុត​រោល​ដោយ​ភ្លើង និង​កំដៅ​គ្រាប់បែក​បរមាណូ។ ចំណែក​ឯ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ក៏​ត្រូវ​បាន​កម្លំាង​គ្រាប់បែកបរមាណូ​បំផ្លាញ​ខ្ទេចខ្ទី និង​រាបធេង​ដូច​ត្រូវ​គេ​ឈូស​ចោល។

ពិភពលោក​ធ្លាក់​ចូល​សករាជ​នុយក្លេអ៊ែរ

តំាង​ពី​អាមេរិក​បាន​ប្រើប្រាស់​គ្រាប់បែកបរមាណូ​ទំាង​ពីរ​គ្រាប់​ទម្លាក់​លើ​ប្រទេស​ជប៉ុន​ក្នុង​សម័យ​សង្រ្គាមលោក​លើកទី ២​មក បាន​ជម្រុញ​ពិភពលោក​ឲ្យ​ធ្លាក់​ចូល​ក្នុង​សករាជ​នុយក្លេអ៊ែរ និង​បំផុស​ឲ្យ​មាន​ការ​តស៊ូមតិ​ស្តីពី​ភូមិសាស្រ្តនយោបាយ យោធា និង​ទស្សនវិជ្ជា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

សម្រាប់​ក្រុម​អ្នកសន្តិភាពនិយម មាន​អ្នក​ខ្លះ​យល់​ថា ការ​ប្រើប្រាស់​គ្រាប់បែកបរមាណូ គឺ​ជា​រឿង​មិន​គួរ​កើត​មាន​ទេ។ តែ​សម្រាប់​អ្នក​ខ្លះ​ទៀត​យល់​ឃើញ​ថា កុំ​តែ​អាមេរិក​បាន​ប្រើ​គ្រាប់បែកបរមាណូ​ទាន់​ពេល កុំអី​ពិភពលោក​ត្រូវ​ធ្លាក់​ក្នុង​ដៃ​ជប៉ុន ហើយ​សង្រ្គាមលោក​លើកទី ២ ក៏​មិន​មែន​បិទបញ្ចប់​នៅ​ឆ្នំា ១៩៤៥​ដែរ។ ម្យ៉ាង​ទៀត គ្រាប់បែកបរមាណូ​ទំាង ២គ្រាប់​របស់​អាមេរិក​មិន​ត្រឹម​តែ​បាន​ជួយ​ឲ្យ​សង្រ្គាមលោក​ឆាប់​ចប់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទំាង​បាន​ជួយ​ស្រោចស្រង់​ជីវិត​ទាហាន​អាមេរិក​រាប់សិបពាន់នាក់ ជនស៊ីវិល និង​អ្នកទោស​ដែល​ស្ថិត​លើ​ដែនដី​កាន់កាប់​ដោយ​ជប៉ុន​នា​ពេល​នោះ​ទៀត​ផង។

សម្រាប់​ក្រុមអ្នកប្រឆំាង​នឹង​គ្រាប់បែកបរមាណូ​វិញ ពួក​គេ​បាន​មើល​ឃើញ​ថា ការ​ប្រើប្រាស់​គ្រាប់បែកបរមាណូ គឺ​ជា​ឧក្រិដ្ឋកម្មសង្រ្គាម ពីព្រោះ​វា​បាន​សម្លាប់​តែ​ជនស៊ីវិល។ ពួក​គេ​យល់​ឃើញ​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​ពិភពលោក​ត្រូវ​ប្រើប្រាស់​អាវុធ​បរមាណូ​ក្នុង​ការ​ធ្វើ​សង្រ្គាម​ទេ។

ជប៉ុន​យល់​កាន់​តែ​ច្បាស់ ពី​គ្រោះថ្នាក់​នុយក្លេអ៊ែរ

ពិធី​រំលឹក​ខួប​លើក​ទី ៦៦ឆ្នំា​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​លើ​ទីក្រុង ហ៊ីរ៉ូស៊ីម៉ា​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ៦ខែ​បន្ទាប់​ជប៉ុន​បាន​ជួប​ប្រទះ​នូវ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ Fukushima។ គឺ​ជា​គ្រោះ​មហន្តរាយ​មួយ​ដែល​បាន​កើត​ឡើង ក្រោយ​ពី​មាន​គ្រោះរញ្ជួយដី​ក្នុង​ថ្ងៃទី ១១ មីនា ឆ្នំា ២០១១ ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ២ម៉ឺននាក់។

ចម្ងាយ​រវាង​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា និង Fukushima មាន​ប្រមាណ ៨០០ គីឡូម៉ែត្រ។ ប៉ុន្តែ​សម្រាប់​ប្រជាជន​ជប៉ុន​ដែល​ធ្លាប់​បាន​ភ្លក់រសជាតិ​ក្នុង​ព្រឹត្តិការណ៍​នៅ​ហ៊ីរ៉ូស៊ីម៉ា និង​ណាហ្គាសាគី​​កាល​ពី ៦៦ឆ្នំា​មុន ពិត​ជា​បាន​គិត​ពី​ការ​លំបាក​ផ្សេងៗ​ដែល​ប្រជាជន​នៅ Fukushima កំពុង​ជួប​ប្រទះ ពិសេស​គឺ​ការ​រើសអើង​ពី​អ្នក​ដទៃ។ សូម​ជម្រាប​ជូន​ថា ពួក​អ្នក​ដែល​មាន​ស្លាកស្នាម និង​អ្នកជំងឺ​ដោយ​ធាតុវិទ្យុសកម្ម ត្រូវ​បាន​ប្រជាជន​ជប៉ុន​ផ្សេង​ទៀត​មិន​រាប់រក និង​មិន​ហ៊ាន​នៅ​ក្បែរ​ដោយ​ខ្លាច​ឆ្លង។

បញ្ហា​មួយ​ទៀត គឺ​ជម្រើស​យក​ថាមពល​នុយក្លេអ៊ែរ។ តំាង​ពី​ក្រោយ​គ្រោះមហន្តរាយ​នៅ Fukushima មក មាន​ប្រជាជន​ជប៉ុន​ភាគច្រើន​ហាក់​ដូច​ជា​បាន​យល់​កាន់​តែ​ច្បាស់ អំពី​គ្រោះថ្នាក់​ដែល​បាន​កើត​ឡើង​ពី​នុយក្លេអ៊ែរ។ ខណៈ​នេះ រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាជន​បាន​ផ្តើម​ពិចារណា​ឡើង​វិញ អំពី​ការ​ផលិតថាមពល​ដោយ​ប្រើប្រាស់​នុយក្លេអ៊ែរ។ ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី ៦៦ឆ្នំា ថ្ងៃ​នេះ លោក​នាយរដ្ឋមន្រ្តី​ជប៉ុន ណាអូតូ កាន​បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា ចាប់​ពី​អំណើះ​​តទៅ រដ្ឋាភិបាល​នឹង​ផ្តើម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ និង​ទាញ​ប្រទេស​ជប៉ុន​បន្តិច​ម្តងៗ ឲ្យ​ចេញ​ផុត​ពី​ការ​ពឹងពាក់​តែ​លើ​ថាមពល​នុយក្លេអ៊ែរ។ តែ​ពេល​នេះ លោក ណាអូតូ កាន​ដែល​ប្រជាប្រិយភាព​កាន់​តែ​ធ្លាក់​ចុះ​នោះ នៅ​មិន​ទាន់​បាន​កំណត់​ពេល​​វេលា និង​យុទ្ធសាស្រ្ត​ច្បាស់លាស់​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ