អានតួអត្ថបទ
ជប៉ុន

ជប៉ុន​បង្កើត​មូលនិធិ​ពិសេស​ដើម្បី​សង​ការ​ខូចខាត​ដល់​ជនរងគ្រោះ​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា

នៅថ្ងៃ​ពុធ ៣ សីហា ២០១១​​នេះ សភា​ជប៉ុន​បាន​អនុម័ត​ច្បាប់​​បង្កើត​មូលនិធិ​ពិសេស​មួយ ដើម្បី​សង​ការ​ខូចខាត​ដល់​ជនរងគ្រោះ​ ដោយសារ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា។ មូលនិធិ​ពិសេស​នេះ គឺ​ជា​មូលនិធិ​របស់​រដ្ឋ ក៏ប៉ុន្តែ ក្រុមហ៊ុន​តិបកូ (TEPCO) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​ ក៏​នឹង​ត្រូវ​ចូល​រួម​វិភាគទាន​មួយ​ចំណែក​ធំ​ដែរ។

អគារ​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដែល​ត្រូវ​ផ្ទុះ​បណ្តាល​ឲ្យ​​លេចធ្លាយ​ធាតុវិទ្យុសកម្ម
អគារ​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដែល​ត្រូវ​ផ្ទុះ​បណ្តាល​ឲ្យ​​លេចធ្លាយ​ធាតុវិទ្យុសកម្ម ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ច្បាប់​បង្កើត​មូលនិធិ​ពិសេស​ត្រូវ​បាន​អនុម័ត ក៏ប៉ុន្តែ ជប៉ុន​នៅ​មិនទាន់​កំណត់​លម្អិត​នៅឡើយទេ​ថា តើ​​មូលនិធិ​នេះ​បាន​លុយ​ពី​ប្រភព​ណា?

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ (Kyodo) មូលនិធិ​ពិសេស​នេះ​នឹង​ចាប់ផ្តើម​ដំបូង ជាមួយ​នឹង​ទឹកប្រាក់​ប្រមាណ ២៦ពាន់​លាន​ដុល្លារ ដែល​បាន​មក​ពី​ការ​លក់​សញ្ញាប័ណ្ណ​ពិសេស​របស់​រដ្ឋ។ ក្រុមហ៊ុន​តិបកូ ដែល​ជា​ម្ចាស់​រោងចក្រ​នុយក្លេអ៊ែរ​ហ្វ៊ូគូស្ហ៊ីម៉ា​ ព្រមទាំង​ក្រុមហ៊ុន​អគ្គិសនី​​នុយក្លេអ៊ែរ​ផ្សេងទៀត ក៏​នឹង​ត្រូវ​ចូលរួម​ចំណែក​ជា​វិភាគទាន​ប្រចាំ​ឆ្នាំ ក្នុង​មូលនិធិ​ពិសេស​នេះ​ដែរ។

គួរ​រំឭក​ឡើងវិញ​ថា ដោយសារ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា កាល​ពី​ខែ​មីនា​កន្លងទៅនេះ ប្រជាជន​ប្រមាណ ៨ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។ ក្រៅពីនេះ​ការ​ដាំដំណាំ ការ​ចិញ្ចឹម​សត្វ ការនេសាទ និង​វិស័យ​ទេសចរណ៍​ ក៏​ទទួលរង​នូវការ​ខូចខាត​យ៉ាង​ខ្លាំង​ដែរ។

រដ្ឋាភិបាល​ជប៉ុន និង​ក្រុមហ៊ុន​តិបកូ បាន​ទទួលរង​នូវការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ភាព​យឺតយ៉ាវ​ក្នុង​ការ​សងការ​ខូចខាត​ដល់​ជនរងគ្រោះ។ នៅថ្ងៃ​ពុធ​នេះ កសិករ​ប្រមាណ ៣០០​នាក់​បាននាំគ្នា​ធ្វើ​បាតុកម្ម នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន​តិបកូ ដើម្បី​ទាមទារ​សំណង។

អ្នក​ជំនាញ​សេដ្ឋកិច្ច​ជប៉ុន​ខ្លះ​យល់ថា ការ​ណ៍​ដែល​រដ្ឋាភិបាល​ចាប់ផ្តើម​បញ្ចេញ​លុយ​ទៅ​សង​ជនរងគ្រោះ​នុយក្លេអ៊ែរ គឺ​ជា​ដំណឹង​ល្អ​មួយ មិនត្រឹមតែ​សម្រាប់​ជនរងគ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ក៏​ជា​ដំណឹង​ល្អ​​សម្រាប់​សេដ្ឋកិច្ច​ជប៉ុន​ផងដែរ ព្រោះ​ថា លុយទាំង​នេះ​នឹង​ត្រូវ​​ហូរចូល​ក្នុង​សេដ្ឋកិច្ច​ជប៉ុន។

ក៏ប៉ុន្តែ សំណួរ​ដែល​ចោទ គឺ​នៅត្រង់ថា តើ​លុយ​ទាំងនេះ​មាន​ប្រភព​មក​ពីណា? ការ​ពឹងផ្អែក​ខ្លាំងពេក​លើ​ការ​លក់​សញ្ញាប័ណ្ណ​រដ្ឋ​មិនមែន​ជា​មធ្យោបាយ​ល្អ​ប៉ុន្មាន​ទេ ពីព្រោះ​ វា​នឹង​ធ្វើ​ឲ្យ​បំណុល​សាធារណៈ​របស់​ជប៉ុន​ ដែល​កំពុង​តែ​មាន​ទំហំ​ធំធេង​ស្រាប់ កាន់តែ​កើនឡើង​ថែមទៀត។ ប្រសិន​បើ​យក​វិភាគទាន​ច្រើន​ពេក​​​ពី​ក្រុមហ៊ុន​​អគ្គិសនី​ វា​អាច​នឹង​ធ្វើ​ឲ្យ​​តម្លៃ​​អគ្គិសនី​​កើនឡើង ហើយ​វា​ត្រឡប់​ទៅ​ជា​បន្ទុក​ដល់​​មុខចំណាយ​របស់​​ប្រជាពលរដ្ឋ​ជប៉ុន​ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ