អានតួអត្ថបទ
ជប៉ុន

ប្រជាជន​ជប៉ុន​ភាគច្រើន​យល់ព្រម​ឲ្យ​បោះបង់​ថាមពល​នុយក្លេអ៊ែរ

នៅ​ប្រទេស​ជប៉ុន មាន​ប្រជាជន​ម្នាក់​ក្នុង​ចំណោម ៣នាក់​បាន​យល់​ព្រម​ឲ្យ​រដ្ឋាភិបាល​ផ្តើម​ដក​ខ្លួន​បន្តិច​ម្តងៗ​ពី​ការ​ប្រើប្រាស់​ថាមពល​​នុយក្លេអ៊ែរ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ចុះ​ផ្សាយ​ដោយ​កាសែត Asahi Shimbun នៅ​ថ្ងៃ​អង្គារ ទី១៤ មិថុនា។ លទ្ធផល​នៃ​ការ​ស្ទង់មតិ​នេះ​បាន​ធ្វើ​ឡើង ជួន​ចំ​ពេល​ដែល​ក្រុមហ៊ុន Tepco អ្នក​ធ្វើ​អាជីវកម្ម​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ត្រៀមខ្លួន​នឹង​បង់ប្រាក់​សង​ជំងឺចិត្ត​ចំពោះ​ប្រជាជន​ជប៉ុន​ដែល​រងគ្រោះ​ដោយ​ការ​ផ្ទុះ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង​ចំ​ពេល​ដែល​ចំនួន​កម្មករ​ទទួល​រង​ធាតុវិទ្យុសកម្ម​បាន​កើន​ឡើង​យ៉ាង​ច្រើន។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Fukushima ក្នុង​ប្រទេសជប៉ុន
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Fukushima ក្នុង​ប្រទេសជប៉ុន ©Reuters/Air Photo Service/Files
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ក្រោយ​ព្រឹត្តិការណ៍​គ្រោះ​រញ្ជួយដី និង​គ្រោះ​រលកយ័ក្ស​ស៊ូណាមី​នៅ​ថ្ងៃទី ១១ មីនា ឆ្នំា ២០១១ មក មាន​ប្រជាជន​ជប៉ុន​រហូត​ដល់​ទៅ ៧៤% ដែល​បាន​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ចង់​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​បន្តិច​ម្តងៗ ពី​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ រហូត​ដល់​ការ​បិទបញ្ចប់​ដំណើរការ​ទំាង​ស្រុង​នូវ​ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​ទំាង ៥៤ នៅ​ក្នុង​ប្រទេស។ មូលហេតុ គឺ​មក​ពី​វិបត្តិ​នុយក្លេអ៊ែរ​នៅ Fukushima នោះ​ឯង ដែល​បាន​និង​កំពុង​បន្ត​លង​បន្លាច​ប្រជាជន​ជប៉ុន​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

ម្យ៉ាង​ទៀត បើ​យោង​តាម​ទូរទស្សន៍ NHK ចំនួន​កម្មករ​នៅ Fukushima ដែល​បាន​ទទួល​រង​ធាតុវិទ្យុសកម្ម​ដោយ​ផ្ទាល់​បាន​កើន​ឡើង​ជាង ១០០នាក់។ សូម​ជម្រាប​ជូន​ថា តំាង​ពី​ថ្ងៃ​ផ្ទុះ​ម៉ាស៊ីនប្រតិកម្ម​នៅ Fukushima មក មាន​បុគ្គលិក កម្មករ​ជិត ៧ ៨០០នាក់​បាន​ចូល​ធ្វើ​អន្តរាគមន៍​នៅ​ទីនោះ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ​នេះ មាន​បុគ្គលិក កម្មករ​ប្រមាណ​តែ ១ ៨០០នាក់​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ការ​តាមដាន និង​ពិនិត្យ​សុខភាព​យ៉ាង​ម៉ត់ចត់។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ថ្ងៃ​នេះ រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ចាប់​បង្ខំ​ក្រុមហ៊ុន Tepco ដែល​ជា​អ្នក​ធ្វើ​អាជីវកម្ម​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Fukushima ឲ្យ​ផ្តើម​តាមដាន និង​ពិនិត្យ​សុខភាព​លើ​បុគ្គលិក កម្មករ​ផ្សេង​ទៀត​ឲ្យ​បាន​ស៊ីជម្រៅ​ចាប់​ពី​ឥឡូវ​នេះ ដល់​ដំណាច់​ខែ​មិថុនា ពិសេស ចំពោះ​កម្មករ​ណា​ដែល​បាន​ចូល​ខ្លួន​ធ្វើ​អន្តរាគមន៍​នៅ​ក្បែរ​នឹង​ម៉ាស៊ីនប្រតិកម្ម។

ដោយ​ឡែក មាន​កម្មករ​ចំនួន ៨នាក់ ដែល​គេ​បាន​រក​ឃើញ​វត្តមាន​អត្រា​ធាតុវិទ្យុសកម្ម​ដ៏​ខ្ពស់​​នៅ​ក្នុង​បំពង់ ក​របស់​ពួក​គេ។ គឺ​ជា​អត្រា​មួយ​ដែល​ចំនួន​ដូស (dose) មាន​កម្រិត​លើស​ពី​កម្រិត​អនុញ្ញាត ពោល​គឺ​មិន​ត្រូវ​ឲ្យ​លើស​ពី ២៥០ Millisievert ចំពោះ​កម្មករ​ដែល​បម្រើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ។ ចំនួន​ដូស​មាន​កម្រិត​លើស​ពី ២៥០ Millisievert ដែល​នំា​ឲ្យ​កើត​ជំងឺ​មហារីក​នៅ​បំពង់ ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ