អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គមមួយ​ដែល​ពាក្យ​ថា​«គុណភាព» មិន​ត្រូវ​បាន​គេ​នឹកនា!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រូបភាព ប្រទេស​កម្ពុជា​ហាក់ដូចជា​កំពុងតែ​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​សកលភាវូបនីយកម្ម​ហើយ​ហាក់​បង្ហាញថា ខ្លួន​កំពុង​ដើរ​ស្រប​នៅក្នុង​ចរន្ត​របស់​ពិភពលោក​នេះ។ ជាក់ស្តែង សម្ភារៈទំនើបៗត្រូវបាន​នាំចូល​យ៉ាង​ព្រោងព្រាត ចំណែក​បម្លាស់ប្តូរ​វប្បធម៌​ក៏បាន​កើតឡើង​យ៉ាង​សេរី​ដែរ។ ការរីកលូតលាស់​បាន​ស្តែងឡើង​ស្ទើរ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​អប់រំ និង​សុខាភិបាល។ ប៉ុន្តែ ជា​ខ្លឹមសារ​វិញ ការប្រណាំង​ប្រជែង​គ្នា​ច្រើនតែ​ធ្វើឡើង​តែ​បរិមាណ និង​រូបភាព​ខាងក្រៅ​តែ​ភ្លេច​គិតពី​គុណភាព ដែលជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​សង្គម។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

©rfi- បួណា
ផ្សាយពាណិជ្ជកម្ម

នៅ​ស្ទើរតែ​គ្រប់​វិស័យ និង​គ្រប់​សកម្មភាព មនុស្ស​ខ្មែរ​ជាច្រើន​ក្នុងសម័យ​បច្ចុប្បន្ន ហាក់ដូចជា​កំពុងតែ​ស្ថិតក្នុង​និន្នាការ​មួយ​ដែល​នាំគ្នា​គិតតែ​ពី​បរិមាណ​ដើម្បី​បង្ហាញ​រូបភាព​ខាងក្រៅ​ឲ្យ​គេ​ឃើញថា​សម្បើម ប៉ុន្តែ គេ​បែរជា​មិនសូវ​គិតគូរ​ទាល់តែសោះ​អំពី​គុណភាព។ មាន​ឧទាហរណ៍​រាប់មិនអស់​ដែល​អាច​បញ្ជាក់បាន​អំពី​បញ្ហា​នេះ ទាំង​ផ្អែក​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រឹង និង​ទន់។

សំណង់​អគារផ្សេងៗដែល​កំពុង​រី​ល​លូតលាស់​ព្រោងព្រាត​ជាពិសេស​សំណង់ផ្ទះ​សម្រាប់​លក់ អគារ​សម្រាប់​ជួល រហូតដល់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវ័ន្ត​នានា​ដូចជា​ស្ពាន​និង​ផ្លូវ​ជាដើម​ភាគច្រើន​ត្រូវបាន​សាងសង់ឡើង​ដោយ​ខ្វះ​គុណភាព។ កង្វះ​គុណភាព​ក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បានធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ចំណែកឯ​កង្វះ​គុណភាព​ក្នុង​វិស័យ​សំណង់​អគារ​គឺជា​ក្តីបារម្ភ​យ៉ាង​ធំធេង​មួយ​សម្រាប់​អនាគត​អ្នក​ដែល​កំពុង​ជ្រកកោន​ក្រោម​អគារ​ទាំងនោះ។

កង្វះ​គុណភាព​នៅក្នុង​វិស័យ​អប់រំ​បានធ្វើ​ធនធានមនុស្ស​ដែល​ផលិត​ចេញពី​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ក្នុងប្រទេស​ភាគច្រើន​នៅ​ខ្សោយ​ជាង​ប្រទេសជិតខាង​យ៉ាងខ្លាំង។ បច្ចុប្បន្ននេះ ការប្រណាំង​ប្រជែង​គ្នា​ដើម្បី​រៀន​យក​សញ្ញាបត្រ​ខ្ពស់​គឺជា​និន្នាការ​គួរ​ឲ្យ​កត់សម្គាល់​និង​គួរ​ឲ្យ​លើកទឹកចិត្ត។ កុំថាឡើយ​តែ​ក្នុងចំណោម​យុវជន តែ​ការ​ប្រណាំងប្រជែង​គ្នា​យក​សញ្ញាបត្រ​ខ្ពស់​ក៏បាន​កើតឡើង​ផងដែរ​នៅក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់ ជាពិសេស​មន្ត្រីរាជការ​ដែលមាន​តួនាទី​តែម្តង។ ប៉ុន្តែ សញ្ញាបត្រ​មួយចំនួន​មិនបាន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​ពិតប្រាកដ​របស់​អ្នកទទួល​ឡើយ ពោលគឺ​វា​គ្រាន់តែ​ជាវ​ត្ថុ​សម្រាប់​សម្ញែង​ដើម្បី​បង្កើន​ឥទ្ធិពល​របស់ខ្លួន​តែប៉ុណ្ណោះ។

នៅក្នុង​វិស័យ​សុខាភិបាល​ក៏​ដូចគ្នា​ដែរ មន្ទីរពេទ្យ មណ្ឌល​សុខភាព​សាធារណៈ និង​មន្ទីរ​ព្យាបាល​ឯកជន កំពុង​រីកដុះដាល​ព្រោងព្រាត។ ប៉ុន្តែ ការរីកចម្រើន​ខាង​បរិមាណ​លឿន​ជាង គុណភាព។ ការចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅឯ​ប្រទេសជិតខាង​យ៉ាង​សន្ធឹកសន្ធាប់​ជា​រៀងរាល់ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​បញ្ជាក់​ពី​កង្វះ​ទំនុកចិត្ត​របស់​ពួកគេ​ទៅលើ​សេវា​សុខាភិបាល​ក្នុងស្រុក។ ក្រៅពី​គុណភាព តម្លៃ​ព្យាបាល​ខ្ពស់​ក៏​ជា​សម្ពាធ​ដ៏​ធ្ងន់​មួយទៀត​ទៅលើ​អ្នកទទួល​សេវា​ជាពិសេស​គឺ​អ្នកក្រីក្រ។
ម្យ៉ាងទៀត គុណភាព​ការងារ​ហាក់ដូចជា​មិនត្រូវ​បានចាត់ទុក​ជាអាទិ​ភាព​ចម្បង​ទេ ជាពិសេស​ក្នុង​ស្ថាប័ន​សាធារណៈ​តែម្តង។ អ្នកធ្វើការ​មួយចំនួន​ចង់​បានតែ​រូបភាព​បង្ហាញ​ពី​សកម្មភាព​របស់ខ្លួន​ឲ្យ​គេ​ឃើញ​ជាជាង​គិតគូរ​ពី​គុណភាព​ការងារ​ដែល​ទទួលបាន។ ចំណែកឯ​ធនធានមនុស្ស រាប់​តាំងពី​អ្នកមាន​សញ្ញាបត្រ​រហូត​ដល់​ពលករ​ដែល​ប្រើ​កម្លាំង​សុទ្ធសាធ​ក៏​នៅ​ខ្វះ​គុណភាព​យ៉ាងខ្លាំង​ដែរ។ កង្វះ​គុណភាព​ការងារ និង​ធនធានមនុស្ស​ក៏មានដែរ​នៅក្នុង​បក្សនយោបាយ និង​ក្រុម​អាជីពផ្សេងៗទៀត​ដែល​កំពុងធ្វើការ​បម្រើ​សង្គម។ នៅពេលដែល​កង្វះ​គុណភាព​កើត​មាននៅ​គ្រ​ប់ប​វិស័យ​បែបនេះ តើ​អនាគត​សង្គម​ខ្មែរ​រំពឹង​លើ​អ្វី? ក្នុងស្ថានភាព​បែបនេះ តើ​កម្ពុជា​អាច​ទទួលផល​ប្រយោជន៍​ពី«សហគមន៍​អាស៊ាន​តែមួយ វាសនា​តែមួយ» យ៉ាងដូចម្តេច?

យ៉ាងណាក៏ដោយ បើទោះបីជា​យឺត​ពេល​បន្តិច​មែន តែ​នៅ​មិនទាន់​ហួសពេល​ទេ​ដែល​ខ្មែរ​គួរ​នាំគ្នា​ផ្តើម​គិតគូរ​អំពី​គុណភាព។ ក្នុង​បរិបទ​ដូច​សព្វថ្ងៃ ពាក្យ​ថា«គុណភាព»គួរតែ​ត្រូវបាន​ចាត់ទុកជា​ត្រីមុខ​សម្រាប់​គ្រប់​កិច្ចការ និង​គ្រប់​វិស័យ​ទាំងអស់​ពីព្រោះ​វា​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ឲ្យ​សង្គម​រីកចម្រើន​ទៅមុខ​ប្រកបដោយ​និរន្តរភាព។ ផ្ទុយទៅវិញ ការបន្ត​នាំគ្នា​បំភ្លេចចោល​នូវ​គុណភាព​ហើយ​នាំគ្នា​គិតតែ​បរិមាណ និង​រូបភាព​សម្បក​ក្រៅ សង្គម​ខ្មែរ​នឹងមិន​ខុស​អ្វី​ពី​ស្គរ​ដែល​លឺ​តែ​សំឡេង​ខ្ទរខ្ទារ តែ​ប្រហោង​ក្នុង​ធ្លុង នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ