អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្ថានភាព​ទីផ្សារ​ការងារ​ឆ្លុះ​បញ្ចាំង​ពី​ការត្រៀម​ខ្លួន​មិន​ទាន់​ល្អ​របស់​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន​ទីផ្សារ​ការងារ​កម្ពុជា​ហាក់​ដូចជា​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​ដ៏​សំខាន់​មួយ។ និស្សិត​ជាច្រើន​ដែល​ចេញពី​សាលា​បាន​ត្អូញតែ្អរ​ពី​កង្វះ​ការងារ​ធ្វើ។ ពួកគេ​ជាច្រើន​គ្មាន​ការងារ​ធ្វើ​ក្នុង​រយៈពេល​យូរ ឬ​រហូត​ដល់​អ្នកខ្លះ​សុខចិត្ត​បោះបង់​មុខ​ជំនាញ​ទៅធ្វើ​ការ​ផ្សេង​ ក្នុងនោះ​ការងារ​ខ្លះ​មិន​ទាំង​តម្រូវ​ឲ្យ​មាន​សញ្ញាបត្រ​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ម្ចាស់​ក្រុមហ៊ុន​ជាច្រើន​បែរ​ជា​ត្អូញត្អែរ​អំពី​កង្វះ​ធនធាន​មនុស្ស​សម្រាប់ធ្វើ​ការងារ​ទៅវិញ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ទីផ្សារ​ការងារ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅ​ឡើយ ខណៈ​ដែល​កម្ពុជា​កំពុង​ត្រៀមខ្លួន​សមាហរណកម្ម​ក្នុង​តំបន់។

យុវជនយុវនារី​ទាំង​នេះ​​ត្រៀម​នឹង​ហក់​ចូល​ក្នុង​ទីផ្សារ​ការងារ​
យុវជនយុវនារី​ទាំង​នេះ​​ត្រៀម​នឹង​ហក់​ចូល​ក្នុង​ទីផ្សារ​ការងារ​ ©rfi-បូណា
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន និស្សិត​ចេញពី​សកលវិទ្យាល័យ​ជាច្រើន​មិន​អាច​រក​ការងារ​បានធ្វើ​ទៅតាម​ជំនាញ​របស់ខ្លួន​ឡើយ។ អ្នកខ្លះ​ទៀត​អាច​រក​ការងារ​បានតែ​ទទួលបាន​ប្រាក់ខែ​តិចតួច​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​សញ្ញាបត្រ។ យុវជន​មួយ​ចំនួន​ទៀត​ដែល​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ ឬ​រហូតដល់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក៏​មាន​ដែរ បាន​សម្រេច​ចិត្ត​ទុក​សញ្ញាបត្រ​មួយ​ឡែក​សិន ហើយ​ងាក​ទៅ​ចាប់យក​ការងារ​មួយ​ដែល​មិន​ទាក់ទង​ទាល់តែ​សោះនឹង​មុខ​ជំនាញ​ដែល​ខ្លួន​បាន​រៀន។ លើសពី​នេះ អ្នក​ខ្លះ​ទៀត​បែរ​ទៅ​ចាប់​យកមុខ​របបរ​ផ្សេង​មួយ​ដែល​មិន​ទាមទារ​សញ្ញាបត្រ​អ្វី​ឡើយ។

ប៉ុន្តែ នៅ​ជ្រុង​ម្ខាង​ទៀត ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ឯកជន​ជាច្រើន បែរជា​ត្អូញត្អែរ​អំពី​ការខ្វះ​ធនធាន​មនុស្ស​សម្រាប់​បម្រើ​ការងារ​ទៅវិញ។ ពួកគេ​អះអាង​ស្រដៀងៗ​គ្នា​ថា ធនធាន​មនុស្ស​ដែល​មាន​ចំណេះ​និង​ជំនាញ​ពិត​ប្រាកដ ពិតជា​ពិបាក​រក​ណាស់។ តើ​នេះ​មាន​ន័យ​ថា ធនធាន​មនុស្ស​ដែល​ចេញពី​សាលា​មាន​ចំនួន​ច្រើន​ជាង​ទីផ្សារ​ការងារ ឬក៏​ពួកគេ​ទាំងនោះ​ខ្វះ​សមត្ថភាព​ធ្វើការ? នេះ​ជា​សំណួរ​ដែល​ត្រូវ​រក​ចម្លើយ។

ជាការ​ពិត ក្នុង​មួយ​ឆ្នាំៗ វិស័យ​អប់រំ​កម្ពុជា​បាន​ផលិត​ធនធាន​មនុស្ស​ជាច្រើន។ តួលេខ​របស់​ក្រសួង​អប់រំ​បង្ហាញ​ថា បច្ចុប្បន្ន មាន​និស្សិត​ជាង ២ សែន​នាក់​កំពុង​រៀន​ថ្នាក់​ឧត្តមសិក្សា​ទាំង​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ក្នុងចំណោម​នោះ និស្សិត​រាប់ម៉ឺន​នាក់​បានទទួល​សញ្ញាបត្រ​និង​ចេញ​ទៅ​កាន់​ទីផ្សារ​ការងារ​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ ធនធាន​មនុស្ស​មួយ​ចំនួន​មាន​គុណភាព​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​នៃ​ទីផ្សារ​ការងារ​នៅឡើយ។

ម្យ៉ាងទៀត ក្រៅពី​គុណភាព ការជ្រើសរើស​មុខវិជ្ជា​របស់​និស្សិត​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​នៃ​ទីផ្សារ​នោះឡើយ។ ជាទូទៅ និស្សិត​ខ្មែរ​ច្រើន​រើស​មុខ​វិជ្ជា​ទៅ​តាម​ការស្រមើស្រមៃ​របស់​ខ្លួន​ដោយ​មិនបាន​សិក្សា​ពី​តម្រូវ​ការងារ​ជាក់ស្តែង​នោះទេ។ ដូច្នេះហើយ​បានជា​ពេល​រៀន​ចប់ ពួកគេ​ពិបាក​រក​ការងារ​ដែល​ត្រូវ​នឹង​មុខជំនាញ។ ក្រៅពីនោះ ប្រព័ន្ធ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ហាក់ដូចជា​មិន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ និង​អ្នក​ដែល​ត្រូវការ​ធនធាន​មនុស្ស​មក​ធ្វើការ​នោះឡើយ។

មិន​ត្រឹមតែ​នៅក្នុង​មជ្ឈដ្ឋាន​អ្នកមាន​សញ្ញាបត្រ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្នុង​ចំណោម​ពលករ​ដែល​ប្រើ​កម្លាំង​បាយ​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ដែរ។ ខណៈដែល​ពលករ​ខ្មែរ​ជាច្រើន​បាន​ចាក​ចេញពី​ស្រុកភូមិ​ដើម្បី​ផ្សងព្រេង​ឆ្លងដែន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​នោះ នៅឯ​ក្នុង​ប្រទេស​ឯណេះ​វិញ​បែរ​ជា​ជួបប្រទះ​នឹង​កង្វះ​កម្លាំង​ពលកម្ម​ទៅវិញ។ នេះ​គឺជា​និន្នាការ​បញ្ច្រាស​ទិស​គ្នា​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍។

ដូច្នេះ នេះ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ស្តី​បន្ទោស​ឬ​ចង្អុលមុខ​គ្នា​ទេ តែ​វា​ជា​ពេលវេលា​ដែល​ខ្មែរ​គ្រប់គ្នា​ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​របស់ខ្លួន។ នៅសល់​ពេល​មិនយូរ​ទៀត​ទេ គោល​នយោបាយ​«អាស៊ាន​មួយ វាសនា​តែមួយ» នឹងត្រូវ​ផ្តើម​អនុវត្ត។ ពេលនោះ គេ​នឹង​មើលឃើញ​កាន់តែច្បាស់​ថា ធនធាន​មនុស្ស​គឺ​ជា​កត្តា​ស្លាប់​រស់​មិនអាច​មើលស្រា​ល​បាន​ឡើយ។ ក្នុង​បរិបទ​នេះ កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​បានល្អ​បំផុត​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែលមាន​ធានធាន​មនុស្ស និង​ខឿន​សេដ្ឋកិច្ច​រឹងមាំ​ជាង។

ការត្រៀម​លក្ខណៈ​នេះ​ទាមទារ​ឲ្យ​មានការ​តាំង​ចិត្ត និង​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់​ភាគី។ គ្រឹះស្ថាន​អប់រំ (ទាំង​រដ្ឋ​និង​ឯកជន) ត្រូវតែ​ផ្តោត​លើ​គុណ​ភាពជា​ចម្បង។ ចំណែក​ឯ​យុវជន​ដែល​ជា​សរសរ​ទ្រូង​ប្រទេស​ជាតិ​នោះ​ក៏ត្រូវ​មានការ​តាំងចិត្ត​យ៉ាង​មុតមាំ​បំផុត  គឺ​តាំងចិត្ត​រៀន​ដើម្បី​យក​ចំណេះ មិនមែន​រៀន​ដើម្បី​យកតែ​សញ្ញាបត្រ​នោះទេ។

ក្រៅពីនោះ ការផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ​គឺជា​សំណាញ់​សុវត្ថិភាព​សង្គម​មួយ​ទៀត​ដែល​ត្រូវ​ពង្រឹង។ ប្រសិនបើ​មិន​ដូច្នោះ​ទេ កម្ពុជា កុំថា​ឡើយ​ដល់​ទៅ​ទាញ​យក​ប្រយោជន៍​ពី​ប្រទេស​ជិត​ខាង សូម្បី​តែ​ទប់ខ្លួន​ឯង​ឲ្យ​នឹង​ក៏​ពិបាក​នឹងធ្វើ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ