សត្វភេសមុទ្រប្រមាណ ៣៥ ០០០ ក្បាលរត់ឡើងគោក នៅរដ្ឋអាឡាស្កា
មានសត្វភេសមុទ្រប្រមាណ ៣៥ ០០០ ក្បាលកំពុងប្រមូលផ្តុំគ្នា នៅតាមបណ្តោយឆ្នេរសមុទ្រមួយក្នុងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក។ មូលហេតុចម្បងដែលបណ្តាលអោយសត្វភេសមុទ្រទាំងនោះមកផ្តុំគ្នា នៅអាឡាស្កា គឺបរិមាណទឹកកកនៅមហាសមុទ្រអាកទិករលាយខ្លាំងពេក ក្នុងកំឡុងរដូវក្តៅឆ្នាំនេះ។ការប្រែប្រួលអាកាសធាតុពិសេសការឡើងកំដៅផែនដីត្រូវបានគេសង្ស័យថា ជាដើមចមនៃហេតុការណ៍ដ៏កម្រមួយនេះ។ អ្នកជំនាញកំពុងព្រួយបារម្ភពីជោគវាសនារបស់សត្វភេសមុទ្រទាំងនោះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៤
វិទ្យាស្ថានភូគព្ភរូបវន្តសហរដ្ឋអាមេរិក (Institut américain de Géophyisque) បានអោយដឹងថា ការរលាយទឹកកកដ៏លឿនបែបនេះបានបណ្តាលអោយពពួកសត្វភេសមុទ្រទាំងនោះពុំអាចរស់នៅសុខសាន្តបានឡើយ។ កាលពីប៉ុន្មានថ្ងៃមុន គេសង្កេតឃើញមានសត្វភេសមុទ្រចំនួនប្រមាណតែ ១៥០០ ក្បាលប៉ុណ្ណោះរត់ឡើងដីគោកនៅម្តុំតំបន់ Point Lay នាភាគពាយ័ព្យនៃអាឡាស្កា។ ប៉ុន្តែក្នុងរយៈពេលតែ ៤ ថ្ងៃប៉ុណ្ណោះ ចំនួននេះបានកើនឡើងទ្វេជាបួន ពោលគឺបានកើនរហូតទៅដល់ ៣ ៥០០០ ក្បាល។
អ្នកជំនាញរបស់ទីភ្នាក់ងារសាគរសាស្រ្ត និងបរិយាកាសសហរដ្ឋអាមេរិក (Agence américaine océanographique et atmospérique) បានបញ្ជាក់អោយដឹងថា ស្ថាប័នរបស់ខ្លួនបានធ្វើការឃ្លាំមើលតាមផ្លូវអាកាសជាប្រចាំដើម្បីតាមដានចលនាបំលាស់ទីរបស់សត្វភេសមុទ្រទាំងនោះ។ ភាពមិនប្រក្រតីនេះបណ្តាលមកពីកត្តាពីរគឺ ការឡើងកំដៅបរិយាកាសផែនដី និងការថយចុះស្រទាប់ទឹកកកនៅតំបន់មហាសមុទ្រអាកទិក។ ហេតុការណ៍នេះបានធ្វើអោយអ្នកវិទ្យាសាស្រ្តព្រួយបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់ជីវិតនៅលើផែនដី នាពេលអនាគត។
សំរាប់រដូវក្តៅឆ្នាំនេះ បរិមាណផ្ទាំងទឹកកកនៅមហាសមុទ្រអាកទិកបានថយចុះខ្លាំងជាងពេលណាទាំងអស់ ពោលគឺមានទំហំតែប្រមាណជា ៥ លានគីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ បើប្រៀបធៀបកាលពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១២ ទំហំនេះមានរហូតទៅដល់ជាង ៦ លានគីឡូម៉ែត្រការ៉េ។ នេះជាសញ្ញាបញ្ជាក់អោយដឹងថា បរិស្ថាននៅតំបន់មហាសមុទ្រទឹកកកអាកទិកកំពុងជួបបញ្ហាខ្លាំងប៉ះពាល់ជីវិតរស់នៅរបស់សត្វ និងរុក្ខជាតិ។
ជាធម្មតា សត្វភេសមុទ្រនេះមានទំលាប់រស់នៅលើផ្ទាំងទឹកក និងចុះទឹករាក់ដើម្បីស្វែងរកចំណី។ ដោយសារតែវាពុំអាចហែលទឹកជ្រៅបានយូរ ពពួកសត្វភេសមុទ្រនេះត្រូវការផ្ទាំងទឹកកកដើម្បីសំរាកកាយ។ ប៉ុន្តែ នៅពេលដែលផ្ទាំងទឹកកកឆាប់រលាយខ្លាំងពេកធ្វើអោយសត្វភេសមុទ្រត្រូវចុះទឹកជ្រៅ ដែលជាបញ្ហាពិបាកសំរាប់ពួកវា ក្នុងការស្វែងរកចំណី។ ដូច្នេះ សត្វទាំងនោះត្រូវបង្ខំចិត្តរត់រកជម្រកនៅលើដីគោកវិញដើម្បីអាចរស់នៅក្បែរទឹករាក់បាន។
បើតាមអ្នកជំនាញ មកដល់ពេលនេះគេពុំអាចដឹងថា ការផ្លាស់ប្តូរអាកប្បកិរិយារបស់សត្វភេសមុទ្រនេះអាចប៉ះពាល់ដល់អាយុជីវិតរបស់ពួកវា ឬយ៉ាងណានោះទេ។ ប៉ុន្តែ សំរាប់កូនភេសមុទ្រវិញ ជីវិតរបស់ពួកវាអាចជួបបញ្ហា ព្រោះការរស់នៅលើដីគោកអាចធ្វើអោយពួកវាពុំសូវមានកំលាំងក្នុងការបំលាស់ទីស្វែងរកចំណីបានឡើយ។ គិតមកដល់ពេលនេះ មានសត្វភេសមុទ្រចំនួន ៥០ ក្បាលបានស្លាប់ដោយសារការកិនសង្កត់គ្នាពេលរត់ឡើងលើដីគោក។ ដើម្បីចៀសវាងកុំអោយសត្វភេទាំងនោះមានអារម្មណ៍ភ័យខ្លាច រដ្ឋាភិបាលអាមេរិកបានសំរេចហាមយន្តហោះ និងឧទ្ធម្ភាគចក្រកុំអោយហោះហើរក្នុងកំរិតទាប នៅលើទីតាំងនោះ ជាពិសេសប្រជាជនក្នុងតំបន់ត្រូវបានហាមឃាត់មិនអោយចូលទៅទីកន្លែងនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ