អានតួអត្ថបទ
កម្ពុជា

ព្យុះ​កំណាច​ ហាយ​យ៉ាន​បាន​ងាក​ចេញ​ពី​កម្ពុជា​ហើយ​

ជា​ដំណឹង​ល្អ​សម្រាប់​កម្ពុជា។ ព្យុះ​ទីហ្វុង​ហាយយ៉ាន់​ដែល​បានបំផ្លាញ​ភាគកណ្តាល​នៃ​ប្រទេស​​ហ្វីលីពីននោះ​ នឹង​ផ្លាស់​ប្តូរ​ទិស​ឆ្ពោះ​ទៅ​ទីក្រុង​ហាណូយ​ បន្ទាប់​ពី​វា​មកដល់​ភាគ​កណ្តាល​នៃ​តំបន់​ឆ្នេរ​របស់​ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃ​ទី​១០​វិច្ឆិកា​នេះ។ នេះ​បើតាម​ការ​អះអាង​​របស់​លោក​ លឹម គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និងឧតុ​និយម។ ទោះយ៉ាង​ណា​ក៏ដោយ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ឥទ្ធិពល​​​នៃ​ខ្យល់​ព្យុះ​នេះ ក៏​នឹងធ្វើ​អោយ​មានភ្លៀង​ធ្លាក់​ខ្លះ​នៅ​តំបន់​ខ្ពង់រាប​របស់​កម្ពុជា​ដែរ។

ផែនទីបង្ហាញអាកាសធាតុរបស់ប្រទេសកម្ពុជា
ផែនទីបង្ហាញអាកាសធាតុរបស់ប្រទេសកម្ពុជា រូបភាពក្រសួងធនធានទឹក
ផ្សាយពាណិជ្ជកម្ម

ព្យុះ​កំណាច​ហាយយ៉ាន់​ដែល​បាន​បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន ហើយ​​ដែល​ត្រូវកម្ពុជា​ព្យាករណ៍​ថា វា​នឹង​ជះឥទ្ធិពល​នៅ​តំបន់​ខ្ពង់រាប​នៃ​ប្រទេស​កម្ពុជា​នោះ នឹង​ប្តូរ​ទិសដៅ​ងាក​ចេញ​ពីកម្ពុជា​វិញ នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ នៅ​ពេល​វា​ធ្វើ​ដំណើរ​មក​ដល់​តំបន់​ឆ្នេរ​នៃ​ប្រទេស​វៀតណាម។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម លោក​លឹម គាន​ហោ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​នៅ​ថ្ងៃ​នេះ​ថា នៅពេល​ដែល​ព្យុះ​ហាយយ៉ាន​មក​ដល់​តំបន់​ឆ្នេរ​ភាគ​កណ្តាល​នៃប្រទេស​វៀតណាម​នោះ ព្យុះ​នេះ​នឹង​ងាក​ទិសដៅ​ទៅ​ភាគ​ខាងជើង ដោយ​អូស​តាម​តំបន់​ឆ្នេរ​ក្នុង​ប្រទេស​វៀតណាម ឆ្ពោះ​ទៅ​ទីក្រុង​ហាណួយ និង​បញ្ចប់​ទៅ​ក្នុងទីក្រុង​គុនមីង​ ខេត្ត​យូណា​ន​ប្រទេស​ចិន។ ក្នុង​ន័យ​នេះ បើតាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និ​ង​ឧតុនិយម កម្ពុជា​នឹង​រួច​ផុត​កាន់​តែ​ឆ្ងាយ​ពី​ព្យុះ​ហាយយ៉ាន​នេះ។ ទោះ​យ៉ាង​ណា​ក៏ដោយ លោក​រដ្ឋមន្ត្រី​​ប្រាប់​អោយដឹងថា វា​ក៏​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លះ​នៅ​តំបន់​ខ្ពង់រាប​របស់​កម្ពុជា​ដែរ។

គួរ​រម្លឹកថា នៅ​ថ្ងៃទី​៨​វិច្ឆិកា ក្រសួង​ធនធានទឹក​បាន​ជូន​ដំណឹង​​​អំពី​ឥទ្ធិពល​នៃ​ព្យុះ​កំណាច​ ហាយយ៉ាន​ដែល​ជា​ប្រភេទ« Super Typhoon» ដែល​នឹង​​ធ្វើ​ដំណើរ​បុក​ចំភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​នៅ​យប់​ថ្ងៃ​ទី​១០​ វិច្ឆិកា​នេះ​ ដោយ​នឹង​បង្ក​អោយ​មាន​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​នៅ​តំបន់​ខ្ពង់​រាប​របស់​កម្ពុជា ដូច​ជា​ក្នុង​ខេត្ត​ព្រះវិហារ ស្ទឹង​ត្រែង បន្ទាយ​មានជ័យ មណ្ឌល​គិរី រតនៈគិរី និង​ខេត្ត​ក្រចេះ។

ព្យុះ​ហាយយ៉ាន​គឺ​ជា​ព្យុះ​ទី​៣០​​ដែល​ជះ​ឥទ្ធិពល​មក​ដល់​កម្ពុជា។ ជា​រៀងរាល់​ឆ្នាំ កម្ពុជា​ត្រូវ​រង​ឥទ្ធិពល​ខ្យល់​ព្យុះ​​ដែល​កើត​ចេញ​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​​សមុទ្រចិន​ខាង​ត្បូង​ចំនួន​២៧​ ជា​មធ្យម។

ព្យុះ​ហាយយ៉ាន់​​បាន​បង្ក​វិនាសកម្ម​យ៉ាន់​ធ្ងន់ធ្ងរ​នៅ​ក្នុងខេត្ត​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន។ អាជ្ញាធរ​នៃ​ប្រទេស​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មាន​មនុស្ស​១ម៉ឺន​នាក់​ត្រូវបាន​គេជឿថា បាន​ស្លាប់​ដោយ​ព្យុះ​ហាយយ៉ាន​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ