លោក សម រង្សី៖គម្រោងព្រែកជីកហ្វូណននឹងនាំគ្រោះថ្នាក់ដល់បរិស្ថាន និងជីវភាពពលរដ្ឋ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញនូវការមិនគាំទ្ររដ្ឋាភិបាលកម្ពុជាចំពោះគម្រោងព្រែកជីកហ្វូណន ដែលភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ។ ការចេញសារប្រឆាំងនឹងគម្រោងព្រែកជីករបស់លោក សម រង្ស៊ី ដូច្នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសជំហរមិនដកថយចំពោះគម្រោងជីកព្រែកនេះ បើទោះជាមានការរិះគន់ពីសំណាក់អ្នកនយោបាយប្រឆាំងខ្មែរ និងមានប្រតិកម្មដោយប្រយោលពីវៀតណាមក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៦
នៅលើហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានសរសេរថាគម្រោងជីកព្រែកភ្ជាប់ពីភ្នំពេញ ទៅដល់សមុទ្រអាចនាំមកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ លោកថារបបគ្រប់គ្រងរបស់លោក ហ៊ុន សែន បានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្តយ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវឲ្យជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយនៅឡើយ។
តាមលោក សម រង្ស៊ី បំណងធំនៃព្រែកជីកនេះ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួនទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលរបស់ចិនរួចទៅហើយ។ មេដឹកនាំប្រឆាំងរូបនេះបន្ថែមថាមូលដ្ឋានសឹករបស់ចិននៅរាមក៏ជាឈ្នាន់ ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិនព្រមទាំងបន្ទោសថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អាចនាំមកគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជាដូចកាលពីសម័យ ប៉ុល ពត ដែលបានទៅអែបចិន ដើម្បីឲ្យចិនជួយការពារអំណាចផ្តាច់ការរបស់ខ្លួន។
ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី ពេលនេះ ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ក៏ដូចជាប្រមុខរដ្ឋាភិបាលកម្ពុជា ព្រមទាំងអតីតនាយករដ្ឋមន្ត្រី សុទ្ធតែបានអះអាងថាគម្រោងព្រែកជីកហ្វូណននេះ ពិតជាមានប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចកម្ពុជា ដោយគំរោងនេះមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឡើយ។
ប្រធានក្រុមអ្នកនាំពាក្យរូបនេះបញ្ជាក់ថាខ្មែរណាប្រឆាំងនឹងគម្រោងព្រែកជីកនេះ គឺជាការប្រឆាំងនឹងប្រយោជន៍ជាតិ។ ដោយសំដៅទៅលើលោក សម រង្ស៊ី លោក ប៉ែន បូណា ថាមេដឹកនាំប្រឆាំងរូបនេះ បានក្លាយជាអ្នកនយោបាយអស់តម្លៃ និងបាត់បង់ការគាំទ្រ។
សូមរំលឹកថា គម្រោងព្រែកជីកហ្វូណននេះត្រូវបានកាសែត The Straitstimes ដែលមានទីស្នាក់ការនៅសិង្ហបុរីចុះផ្សាយកាលពីដើមខែមេសាថា វៀតណាមបារម្ភពីគម្រោងព្រែកជីកនៅកម្ពុជា ដែលអាចជាច្រកដ៏មានសក្តានុពលសម្រាប់កងទ័ពចិន។ កាសែតបានដកស្រង់ពីអត្ថបទរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានមួយគាំទ្រដោយរដ្ឋវៀតណាម ដែលបានព្រមានថា ព្រែកជីកហ្វូណនជាគម្រោងមុខពីរ ទី១ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទី២ អាចសម្រួលដល់វត្តមានយោធាចិនចូលជ្រៅទៅក្នុងទឹកដីកម្ពុជាក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាម។
ទោះយ៉ាងណាជំហររបស់រដ្ឋាភិបាលកម្ពុជាគឺមិនមានការដកថយទេចំពោះការអភិវឌ្ឍន៍ព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រ និងត្រូវចំណាយលុយជិត២ពាន់លានដុល្លារនេះ។ មួយវិញទៀត គម្រោងព្រែកជីកហ្វូណននេះ ក៏ទទួលបានការគាំទ្រពីប្រមុខរដ្ឋឡាវផងដែរ អំឡុងមេដឹកនាំកំពូលឡាវធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថ្មីៗនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ