Facebook - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 02 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 02 កុម្ភៈ 2012

សំណួរ-ចម្លើយ​ជុំវិញ​ការ​លក់​ភាគហ៊ុន​ជា​សាធារណៈ​របស់ Facebook

លោក Mark Zuckerberg អគ្គនាយក និង​ជា​អ្នក​បង្កើត​ Facebook
លោក Mark Zuckerberg អគ្គនាយក និង​ជា​អ្នក​បង្កើត​ Facebook
REUTERS/Robert Galbraith/Files

ដោយ សេង ឌីណា

កាលពីថ្ងៃ​ពុធ ១ កុម្ភៈ ម្សិលមិញ​នេះ Facebook ដែល​ជា​បណ្តាញ​សង្គម​តាម​អ៊ីនធ័រនែត​ដ៏ធំបំផុត នៅលើពិភពលោក បាន​បញ្ជូន​សំណុំឯកសារជាផ្លូវការ ទៅកាន់​គណៈកម្មការ​មូលបត្រ​អាមេរិក (SEC) ដើម្បី​សុំ​លក់​ភាគហ៊ុន នៅលើទីផ្សារ​មូលបត្រ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ជុំវិញ​ការ​​បោះជំហាន​ចូល​ទីផ្សារ​មូលបត្រ​របស់​ Facebook ។

ការពន្យល់​របស់​សេង ឌីណា
 

02/02/2012

តើ​ Facebook គ្រោង​លក់​ភាគហ៊ុន​ប៉ុន្មាន?

Facebook មាន​គោលដៅ​ប្រមូល​លុយ​ឲ្យ​បាន ៥ពាន់លាន​ដុល្លារ ពី​ការ​លក់​ភាគហ៊ុន​ជាសាធារណៈ​ជាលើក​ដំបូង (Initial Public Offering) ​នេះ។ ចំនួននេះ​តិច​ជាង​ការ​រំពឹង​ទុក​ពីពេលមុន (១០ពាន់លាន​ដុល្លារ) ក៏ប៉ុន្តែ នៅតែ​ច្រើន​ជាង​​ការលក់​ភាគហ៊ុន​ដំបូង​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​ផ្សេងៗ​ទៀត នាពេល​កន្លងមក។
 
នៅពេល​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង កាលពី​ឆ្នាំ​២០០៤ Google លក់​បាន​តែ ១​ ៦៧០​លាន​ដុល្លារ​​ប៉ុណ្ណោះ។
 
តើ​ភាគហ៊ុន​របស់ Facebook មាន​តម្លៃ​ប៉ុន្មាន?
 
នៅក្នុង​ឯកសារ​ដែល​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook មិនទាន់​បាន​កំណត់​តម្លៃ​ភាគហ៊ុន ដែល​ត្រូវ​លក់​នៅឡើយទេ។ ចំនួន​ពិតប្រាកដ នៃ​​ភាគហ៊ុន ដែល​ត្រូវ​ដាក់លក់​ជា​សាធារណៈ ក៏​ Facebook មាន​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​​នេះ​ដែរ។​
 
នៅពេលបច្ចុប្បន្ន​នេះ គេ​ប៉ាន់ប្រមាណ​ថា ភាគហ៊ុន Facebook មាន​តម្លៃ ២៩,៧៣​ដុល្លារ ក្នុង​មួយ​ហ៊ុន។ ប៉ុន្តែ អ្នកខ្លះ​បានព្យាករ​ថា ភាគហ៊ុន​នេះ​អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ៤០ដុល្លារ ក្នុងមួយ​ហ៊ុន នៅពេល​ចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​មូលបត្រ។ ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែ​ការ​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ។
 
នៅពេលណា ទើបគេ​អាច​​ចាប់ផ្តើម​ទិញភាគហ៊ុន​របស់ Facebook បាន?
 
កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ Facebook គ្រាន់តែ​បញ្ជូន​ឯកសារ ដើម្បី​សុំ​លក់​ភាគហ៊ុន ប៉ុន្តែ នៅមិនទាន់​ចាប់ផ្តើម​លក់​ភាគហ៊ុន​នៅឡើយទេ។ ដូច្នេះ គេនៅមិនទាន់​អាច​ទិញ​ភាគហ៊ុន Facebook បាន​នៅឡើយទេ នៅពេលនេះ។ គេត្រូវ​រង់ចាំ​យ៉ាងតិច ៣ខែ​ទៀត (​ក្រោយ​​ថ្ងៃ​ទី២ ឧសភា) ទើប​ Facebook ចាប់ផ្តើម​លក់​ភាគហ៊ុន​។
 
តើ Facebook មាន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​​ប៉ុន្មាន​ក្នុងមួយឆ្នាំៗ?
 
ចាប់ពីពេលនេះ​ទៅ ដោយ​​ Facebook ចង់​លក់​ភាគហ៊ុន​ នៅ​ក្នុង​ទីផ្សារ​មូលបត្រ Facebook មាន​កាតព្វកិច្ច​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នូវ​ស្ថានភាព​ហិរញ្ញវត្ថុ និង​សកម្មភាព​ជំនួញ​របស់​ខ្លួន។
 
នៅ​ក្នុង​ឯកសារ ដែល​​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook បាន​បង្ហាញ​ថា៖

  • ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ២០១១ មាន ៣ ៧១១​​លាន​ដុល្លារ​
  • ប្រាក់​ចំណេញ​សុទ្ធ នៅ​ឆ្នាំ​២០១១ មាន ១០០០​លាន​ដុល្លារ
  • អ្នក​ប្រើប្រាស់សកម្ម​​ប្រចាំ​ខែ (Monthly active users) មាន ៨៤៥​លាន​នាក់ នៅ​ខែ​ធ្នូ ២០១១
  • អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ (Daily active users) មាន ៤៨៣លាន​នាក់

 
តើ​ប្រភពចំណូល​របស់ Facebook បាន​មក​ពីណា?
 
ប្រភពចំណូល​ធំបំផុត​របស់ Facebook គឺ​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Online advertisement)។ នៅ​ឆ្នាំ​២០១១ ប្រាក់ចំណូល ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ មាន​រហូតដល់​ទៅ ៣ ១៥០ ​​លាន​ដុល្លារ​ ពោលគឺ ប្រមាណ ៨៥% នៃ​ប្រាក់​ចំណុល​សរុប​ប្រចាំ​ឆ្នាំ។
 
ប្រភព​ចំណូល​ធំ​ទីពីរ គឺ​បាន​មក​ពី​​ក្រុមហ៊ុន Zynga (១២% នៃ​ប្រាក់​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​២០១១)។ Zynga គឺ​ជា​ក្រុមហ៊ុន​ផលិត​ល្បែង​លើ​អ៊ីនធ័រនែត (Online Game) ដែល​​គេច្រើន​លេង​នៅលើ​ Facebook ដូចជា FarmVille, CastleVille, CityVille, Mafia Wars, Café World ។ល។
 
តើ​ក្រុមហ៊ុន Facebook មាន​តម្លៃ​ប៉ុន្មាន?​
 
វា​​អាស្រ័យ​ទៅលើ​​តម្លៃភាគហ៊ុន Facebook ដែល​អ្នក​វិនិយោគហ៊ាន​ឲ្យ នៅពេល​ដែល​ភាគហ៊ុន​​​ត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។
 
ក៏ប៉ុន្តែ នៅពេលនេះ គេរំពឹង​ថា ក្រោយ​ពេល​ចូល​ក្នុង​ទីផ្សារ​មូលបត្រ ក្រុមហ៊ុន Facebook អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ១០០ពាន់លាន​ដុល្លារ។ បើសិន​ជា​ពិតជាដូចនេះ​មែន Facebook ដែល​ទើប​នឹង​បង្កើត​បាន​ ៨​ឆ្នាំ​នេះ នឹង​មាន​តម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន​ធំៗ​ និង​ចំណាស់ៗ​របស់​អាមេរិក ដូចជា Amazon, Caterpillar, Goldman Sachs, Ford Motor និង Boeing ជាដើម។
 
តើ​​អគ្គនាយក និង​ស្ថាបនិក​ Facebook (Mark Zuckerberg) មាន​ភាគហ៊ុន​ប៉ុន្មាន​?
 
លោក Mark Zuckerberg មាន​ចំណែកហ៊ុន​ ២៨,៤% ក្នុង​ក្រុមហ៊ុន​ Facebook ហើយ​ទទួល​បាន​ប្រាក់ចំណូល​ពី Facebook (ទាំង​ប្រាក់ខែ និង​ប្រាក់​ចំណូល​ផ្សេងទៀត) ចំនួន ១ ៤៩០ ០០០​ដុល្លារ (ឆ្នាំ​២០១១)។
 
ប្រសិន​បើ​តម្លៃ​ក្រុមហ៊ុន Facebook ពិត​ជា​កើនឡើង​រហូតដល់ ១០០ពាន់លាន​ដុល្លារ ដូច​គេ​រំពឹង​ទុកមែន ភាគហ៊ុន​របស់​លោក Mark Zuckerberg ក្នុង​ក្រុមហ៊ុន Facebook នឹង​មាន​តម្លៃ​រហូតដល់​ទៅ​ជាង ២៨ពាន់លាន​ដុល្លារ។ លោក Zuckerberg នឹង​ត្រូវក្លាយ​ជា​មហាសេដ្ឋី​ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​ លំដាប់​ទី ៤ នៅ​សហរដ្ឋ​អាមេរិក និង ទី៩ នៅទូទាំង​ពិភពលោក។ សូម្បីតែ​បុគ្គលិក​របស់​ក្រុមហ៊ុន Facebook ក៏​អាច​ក្លាយ​ជា​សេដ្ឋី ដែលមាន​ទ្រព្យសម្បត្តិ​រាប់លាន​ដុល្លារ​ដែរ៕

tags: Facebook - ទីផ្សារមូលបត្រ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close