អានតួអត្ថបទ
អាមេរិក

កាសែត​​New York Times​ គាំទ្រ​អោយមាន​ការជក់​កញ្ឆា​ស្របច្បាប់​ ​ទូទាំង​​សហរដ្ឋ​​អាមេរិក​​

កាសែត​ប្រចាំ​ថ្ងៃ​អាមេរិក ​​ New York Times បានចុះផ្សាយ​នៅ​ចុងសប្តាហ៍​នេះ​ សុំអោយ​អាជ្ញាធរ​​​សហព័ន្ធ​អាមេរិក ព្រម​​អនុញ្ញាត​អោយ​​ការ​​​​​​​​ជក់​​កញ្ឆា ក្លាយ​ជា​សកម្មភាព​ស្របច្បាប់​​​ ​​​​​​​​ នៅ​​គ្រប់រដ្ឋ​ទូទាំង​សហរដ្ឋអាមេរិក។ ​​កាសែត​ញូវយកថែមស៍ ថែមទាំង​​​​​ប្រៀបធៀប​​ការ​ហាមឃាត់​​ការ​ជក់កញ្ឆា ទៅ​នឹង​​ការ​ហាមឃាត់​ការសេព​គ្រឿង​ស្រវឹង​នៅអាមេរិក​ ចន្លោះពី​ឆ្នាំ​​១៩២០ ទៅ​ឆ្នាំ​១៩៣៣ ទៀតផង។

ស្លឹកកញ្ឆា
ស្លឹកកញ្ឆា REUTERS/Rick Wilking
ផ្សាយពាណិជ្ជកម្ម

សមាជិក​​នានានៃ​​គណៈកម្មាធិការ​​​និពន្ធ​របស់​កាសែតប្រចាំ​ថ្ងៃ​អាមេរិក ​​ញូវយកថែមស៍​ ​​​បាន​​​ជជែក​គ្នា​ច្រើន​លើក​មកហើយ ទាក់ទង​នឹង​​ប្រធានបទ​កញ្ឆា។ ក្នុង​ការ​ចុះផ្សាយ​ ​នៅថ្ងៃ​សៅរ៍​ចុងសប្តាហ៍​នេះ​ ​​កាសែត​​​ញូវយកថែមស៍ បាន​​លើកឡើង​ថា ​ការ​​ញៀន​ពឹងផ្អែក​លើ​កញ្ឆា គ្រាន់តែជា​​​​បញ្ហា​តូចតាច​របស់​អ្នកជក់​ប៉ុណ្ណោះ។ ហើយ​ថា ​ការ​ប្រើប្រាស់​កញ្ឆាក្នុង​លក្ខណៈ​សមស្រប​ ហាក់​មិនបាន​ប៉ះពាល់​អ្នកដែល​​​មាន​សុខភាពល្អ​​ទេ។

កាសែត​អាមេរិក​មួយនេះ បាន​សុំ​អោយ​អាជ្ញាធរ​សហព័ន្ធ​ព្រមអោយ​មាន​ការ​ប្រើប្រាស់​កញ្ឆា នៅគ្រប់​ទីកន្លែង ​​​ទូទាំងសហរដ្ឋ​អាមេរិក។ ​ ​​​ កាសែត​ញូវយកថែមស៍ ថែម​ទាំង​ប្រៀប​ប្រដូច​​​​ការ​ជក់កញ្ឆា​ ទៅនឹង​ការ​ផឹកស្រា​​ ​ដែល​អាជ្ញាធរ​​បាន​ហាមឃាត់​ ចន្លោះពី​ឆ្នាំ​​១៩២០ ទៅ​ឆ្នាំ​១៩៣៣​ទៀតផង។ និយាយ​អោយចំ​ មុន​​​​អនុញ្ញាតអោយ​​មាន​ការសេព​សុរា ក្នុង​ប្រទេស ​អាមេរិក​បាន​ហាមឃាត់​​មិនអោយ​មនុស្ស​ផឹកស្រា រហូត​ដល់​ទៅ​១៣ឆ្នាំ។ សម្រាប់​​កាសែត​ញូវយកថែមស៍ នេះ​ជា​កំហុស​ឆ្គង​ ព្រោះថា​ ​​ថ្វីដ្បិត​តែ​មាន​ការ​ហាមឃាត់​ មនុស្ស​​ជាច្រើន​នៅតែ​បន្ត​ផឹក​ស្រា​ដដែល ធ្វើអោយ​ពួកគេជាប់ឈ្មោះ​​ជា​ជន​ឧក្រិដ្ឋ។ ​ផ្ទុយទៅវិញ​ ក្រោយមក​ អាជ្ញាធរ​បែរ​ជាចេញច្បាប់​​​​អនុញ្ញាត​អោយ​​​​​ផឹកស្រា​​ទៅវិញ ដូច្នេះ អ្នកផឹក​កន្លងមក ​​​បានក្លាយខ្លួន​ជា​​ជនឧក្រិដ្ឋ​ឥតអំពើ។

យោងតាម​​កាសែត​ញូវយកថែមស៍ ​​ ភ្នាក់ងារ​​ ​FBI បានចាប់ខ្លួន​មនុស្ស​មាន​កញ្ឆា​ក្នុង​ដៃ ដល់​ទៅ​៦សែន៥ម៉ឺន៨ពាន់នាក់ ក្នុង​ឆ្នាំ​​២០១២ ចំនួននេះ គឺ​ហាក់ដូច​ជា​​ជ្រុលហួស​ ច្រើនលើស​​​​​​ចំនួន​​អ្នកជក់​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន ​រឺ​ក៏អេរ៉ូអ៊ីន​ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ទៅទៀត។ ​សម្រាប់​កាសែត​អាមេរិក ការ​ដាក់ទោស​បែបនេះ បានធ្វើអោយ​មាន​បញ្ហា​​រើសអើង​​​កើតឡើង ពិសេស​ការរើសអើង​​លើ​​ជនស្បែកខ្មៅតែម្តង។

ទោះ​យល់ស្រប​អោយ​​មាន​ការ​ប្រើប្រាស់​កញ្ឆា​នៅគ្រប់​រដ្ឋ​ក្នុង​ស្រុក កាសែត​អាមេរិក ញូវយក​ថែមស៍ ជំទាស់​មិន​អោយ​​​ជន​អាយុ​ក្រោម​២១ឆ្នាំ ​​​ទិញ​កញ្ឆា​យក​ទៅ​ជក់ទេ ចៀសវាង​​​ប៉ះពាល់​ដល់​​​សុខភាព និង​ប្រាជ្ញា។

ឆ្នាំ​២០១៤នេះ ​​​រដ្ឋ​វ៉ាស៊ីនតោន ​​បានក្លាយជា​​រដ្ឋទី២​នៅ​អាមេរិក បន្ទាប់​ពី​រដ្ឋ​កូឡូរ៉ាដូ ​ដែល​​​អនុញ្ញាត​អោយ​មាន​​ការជក់​​កញ្ឆា​​​ក្នុង​ស្រុក។ ​ប្រជាជន​រដ្ឋ​​វ៉ាស៊ីនតោន​ ​​បាន​បោះឆ្នោត​ប្រជាមតិ​​ ​សម្រេច​​​​បែបនេះ កាលពី​ឆ្នាំ២០១២៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ