អានតួអត្ថបទ
ម៉ិចសិក

ព្យុះ​សង្ឃរា​ Odile ​បាន​បង្ក​មហន្ត​រាយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ិចសិក​

ព្យុះ​សង្ឃរា​ Odile ​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​អោយ​ខូច​ខាត​យ៉ាង​ដំណំ​នៅ​តំបន់​ទេសចរ​ Los Cabos ភាគ​ពាយ័ព្យ​ប្រទេស​ម៉ិក​សិក​។​ ប្រជាជន​ក្នុង​តំបន់​ និង​ភ្ញៀវ​ទេស​ចរ​បរទេស​ត្រូវ​បាន​ជន្លៀស​ខ្លួន​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។​ ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ ​Los Cabos​ ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន​។​ រដ្ឋា​ភិបាលប្រទេស​ម៉ិក​សិក​បាន​ប្រកាស​ដាក់​តំបន់​នោះ​ក្នុង​ភាព​អាសន្ន​។​ កង​ទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ទប់​ស្កាត់​ការ​លួច​ប្លន់​។​ 

ព្យុះសង្ឃរា Odile បានបង្កមហន្តរាយនៅ La Paz, ភាគខាងក្រោម Californie, ថ្ងៃ១៥កញ្ញា២០១៤
ព្យុះសង្ឃរា Odile បានបង្កមហន្តរាយនៅ La Paz, ភាគខាងក្រោម Californie, ថ្ងៃ១៥កញ្ញា២០១៤ REUTERS/Alejandro Acuna
ផ្សាយពាណិជ្ជកម្ម

គិត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ អាជ្ញា​ធរ​ប្រទេស​ម៉ិក​សិក​ពុំ​ទាន់​បាន​ប្រកាស​តុល្យ​ភាព​ផ្លូវ​ការ​នៅ​ឡើយ​ទេ​ជុំ​វិញ​ការ​បាត់​បង់​អាយុ​ជីវិត​ប្រជា​ជន​ និង​ការ​ខូច​ខាត​ផ្ទះ​សម្បែង​ ក៏​ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​ទេស​ចរ​ Los Cabos​ នៃ​រដ្ឋ​ Baja California​។ ព្យុះ​សង្ឃ​រា​Odile​ បាន​ចាប់​ផ្តើម​បោក​បក់​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​មក​ម្ល៉េះ ក្នុង​ល្បឿន​ ២៣០ គី​ឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ប៉ុន្តែ​ ព្យុះ​នេះ​បាន​ធ្លាក់​ដល់​ដី​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ ក្នុង​ល្បឿន​ ១៨៥ ​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

 
ផ្ទះ​ប្រជា​ជន​ក្រី​ក្រ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​។ ចំណែក​នៅ​តាម​ដង​ផ្លូវ​ គេ​ឃើញ​បង្គោល​អគ្គិ​សនី​បាន​ដួល​រលំពាស​វាល​ពាស​កាល​។​ ដើម​ឈើ​ធំៗ​បាន​បាក់​ធ្លាក់​ និង​បាន​បោក​បំផ្លាញ​រថ​យន្ត​ដែល​ចត​នៅ​តាម​ដង​ផ្លូវ​។​

បើ​តាម​មជ្ឈ​មណ្ឌល​ជាតិ​ព្យុះ​សង្ឃរា​របស់​សហរដ្ឋ​អាមេរិច​ ភាព​គ្រោះ​ថ្នាក់​នៃ​ព្យុះ​សង្ឃរា​ Odile នេះ​ត្រូវ​បានគេ​​ចាត់​ទុក​ក្នុង​កំរិត​ ៣ លើ​ ៥​ នៃ​មាត្រ​ដ្ឋាន​ Saffir-Simpson។​ មុន​ការ​មក​ដល់​នៃ​ព្យុះ​កំណាច​នេះ​ អាជ្ញា​ធរ​ម៉ិក​សិក​បាន​ជន្លៀស​ប្រជា​ជន​និង​ភ្ញៀវ​ទេស​ចរ​អោយ​ចេញ​ពី​តំបន់​ឆ្នេរ​ឆ្ពោះ​ទៅ​កាន់​ទី​ជំរក​សុវត្ថិ​ភាព​ចំនួន​ ១៦៤ កន្លែង​ដែលមាន​សមត្ថ​ភាព​អាច​​ទទួល​មនុស្ស​បាន​ចំនួន​ ៣ ម៉ឺន​នាក់​។ គិត​​មក​ដល់​ពេល​នេះ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ Los Cabos​ ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន​។ ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ទាំង​អស់​ត្រូវ​បាន​លប់​ចោល​ទាំង​ស្រុង​។​កង​ទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តា​ហាង​ និង​ផ្សារ​ទំនើប​ធំៗ​ ដើម្បី​ទប់​ស្កាត់​ការចូល​​លួច​ឆក់​យក​ឥវ៉ាន់​ពី​សំណាក់​ប្រជា​ជន​ក្រី​ក្រ​។

បច្ចុ​ប្បន្ន​នេះ​ ទឹក​ភ្លៀង​ដែល​អាច​មាន​កំរិត​ដល់​ ៣៥ ​មីលី​ម៉ែត្រ​កំពុង​បន្ត​ធ្លាក់​នៅ​តាម​តំបន់​ដែល​​ទទួល​រង​ការ​ប៉ះ​ពាល់​។​ ចំណែកទឹក​រលក​នៅ​តាម​ឆ្នេរ​សមុទ្រ​បាន​បោក​បក់​រហូត​ដល់​កំពស់​ ៤ ម៉ែត្រ​។ បើ​តាម​ការ​ព្យា​ករណ៍​របស់​អ្នក​ជំនាញ​ឧត្តុ​និយម​ប្រទេស​ម៉ិក​ស៊ិក​បាន​អោយ​ដឹង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ឥទ្ធិ​ពលរបស់​ព្យុះ​សង្ឃរា​Odile ​អាច​បង្ក​អោយ​មាន​មហន្ត​រាយ​ផ្សេងៗ​ដូច​ជា ​ទឹក​ជំនន់​ ការ​ធ្លាក់​បាក់​ដី និង​ខ្យល់​កំបុត​ត្បូង​ជាដើម។​ កំពស់​ទឹក​រលក​នៅ​តាម​តំបន់​ឆ្នេរ​អាច​ឡើង​ដល់កំរិត​ ១០ ​ម៉ែត្រ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ