កិច្ចប្រជុំចរចាប្រាក់ខែកម្មករ នឹងធ្វើឡើងនៅរសៀលថ្ងៃទី២០តុលា
កិច្ចប្រជុំក្រុមការងារត្រីភាគី ចរចាពីការតម្លើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ នឹងបើកធ្វើ នៅម៉ោង ៣ រសៀល ថ្ងៃចន្ទ ទី២០តុលា។ លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារ និងជាប្រធានក្រុមការងារត្រីភាគីថ្មី បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃចន្ទ ទើបភាគីថៅកែរោងចក្រ បញ្ជូនសមាសភាពឲ្យគ្រប់ ៩ រូប ដើម្បីចូលរួមកិច្ចប្រជុំចរចា។ សមាសភាពក្រុមការងារថ្មី ទើបតែបង្កើតនោះ មានតំណាងរដ្ឋាភិបាល ៩ រូប តំណាងថៅកែរោងចក្រ ៩ រូប និងតំណាងសហជីពកម្មករ ៩ រូប។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១០
តាមគម្រោង ចាប់ពីថ្ងៃទី២០តុលាតទៅ ក្រសួងការងារ នឹងដឹកនាំកិច្ចប្រជុំក្រុមការងារត្រីភាគី ដែលទើបតែបង្កើត ដើម្បីចរចាពីការតម្លើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ សម្រាប់ឆ្នាំ២០១៥។ ក្រុមការងារថ្មីនោះ មានសមាសភាព ៩ រូប មកពីរដ្ឋាភិបាល ៩ រូបជាតំណាងថៅកែរោងចក្រ និង៩រូបទៀត ជាតំណាងសហជីពកម្មករ។
ក៏ប៉ុន្តែក្រុមការងារខាងភាគីថៅកែរោងចក្រ ត្រូវបានលោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារ និងជាប្រធានកិច្ចប្រជុំក្រុមការងារចម្រុះ បានឲ្យដឹងនៅថ្ងៃអាទិត្យថា ភាគីថៅកែរោងចក្រ នឹងបញ្ជូនសមាសភាពឲ្យគ្រប់ ៩ រូប មកកាន់ក្រសួងការងារ នៅព្រឹកថ្ងៃចន្ទ។ ដូច្នេះកិច្ចប្រជុំក្រុមការងារចម្រុះ និយាយពីការចរចាតម្លើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ នឹងអាចធ្វើឡើង នៅម៉ោង ៣ រសៀល ថ្ងៃចន្ទ។
លោក ហេង សួគ៌ បន្តថា ក្នុងកិច្ចប្រជុំ ចាប់ពីរសៀលថ្ងៃចន្ទតទៅនោះ ភាគីសហជីព មានឱកាសបង្ហាញហេតុផល ទឡ្ហីករ ក្នុងការទាមទារឡើងប្រាក់ខែ ដាក់លើតុ បង្ហាញទៅកាន់ភាគីថៅកែរោងចក្រ។ ចំណែកថៅកែរោងចក្រវិញ ក៏មានពេលដើម្បីផ្តល់ហេតុផលទៅកាន់សហជីពវិញ អំពីលទ្ធភាពដែលខ្លួន អាចតម្លើងប្រាក់ខែដល់កម្មកររោងចក្រ។ រីឯភាគីរដ្ឋាភិបាល ជាអ្នកសម្របសម្រួល។
តាមលោក ហេង សួគ៌ ក្រុមការងារចម្រុះ ដែលលោកដឹកនាំនោះ នឹងត្រូវជួបប្រជុំចរចា រហូតដល់រកឃើញ តួលេខឯកភាពគ្នារួមមួយ ទើបដាក់ទៅកាន់គណៈកម្មការប្រឹក្សាការងារ ដែលជាយន្តការត្រីភាគី ដើម្បីប្រជុំសម្រេចលើការតម្លើងប្រាក់ខែកម្មករ សម្រាប់ឆ្នាំ២០១។
ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់កន្លងមក ភាគីសហជីពកម្មករ បានបង្ហាញជំហរ ទាមទារឡើងប្រាក់ខែកម្មករ ១៥០ ដុល្លារ។ តែក៏មានសហជីពខ្លះ ទារឡើងដល់ ១៧៧ ដុល្លារ។ រីឯថៅកែរោងចក្រ យល់ព្រមត្រឹមតែ ១១០ ដុល្លារប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ តាមលោកហេងសួគ៌ ការសម្រេចកំណត់ឡើងប្រាក់ខែកម្មករ នឹងត្រូវគណៈកម្មការប្រឹក្សាការងារ ដឹកនាំដោយលោកអ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ ប្រជុំសម្រេច នៅក្នុងខែវិច្ឆិកា។ ការសម្រេចទៀតសោត ក៏ត្រូវធ្វើឡើង តាមមតិភាគច្រើន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ