អានតួអត្ថបទ
កម្ពុជា

សហជីព​កម្មករ​ បើក​វេទិកា​ជជែក​ពី​ការ​ទាមទារ​ឡើង​ប្រាក់​ខែ ​មុន​ជួប​រដ្ឋមន្ត្រី

មេដឹកនាំ​សហជីព​កម្មករ​ នឹង​បើក​វេទិកា​មួយ ​និយាយ​ពី​ការ​ទាមទារ​ឡើង​ប្រាក់​ខែ​កម្មករ​រោងចក្រ​កាត់​ដេរ​ នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី​១២​តុលា ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។ ​វេទិកា​កម្មករ​ នៅ​ថ្ងៃ​អាទិត្យ ​នឹង​បើក​ធ្វើ ​មុន​ពេល​ដែល​មេដឹកនាំ​សហជីព​ឯករាជ្យ ​ចំនួន​ ១០ ​រូប ​នឹង​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ លោក​ អ៊ិត សំហេង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​តុលា។ ​រហូត​ដល់​ពេល​នេះ ​សហជីព​កម្មករ ​ដែល​បើក​យុទ្ធនា​ការ​ទារ​ឡើង​ប្រាក់​ខែ ​បាន​បែក​ជា​ពីរ​ក្រុម។ ​មួយ​ក្រុម​ ឈប់​និយាយ​ពី​ការ​ទាម​ទារ​ឡើង​ប្រាក់​ខែ​ ១៧៧​ ដុល្លារ​ទៀត​ហើយ​ តែ​ទាមទារ​ត្រឹម​តែ​ ១៥០​ ដុល្លារ។ ចំណែក​មួយ​ក្រុម​ទៀត ​មាន​សហជីព​របស់​លោក​អាត់​ធន់ លោក​រ៉ុង​ឈុន ​និង​សហជីព​លោក​ជា​មុនី​ រក្សា​ជំហរ​ដើម ​១៧៧ ​ដុល្លារ។

លោក​​ប៉ាវ​ ​ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​។
លោក​​ប៉ាវ​ ​ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សហជីព​កម្មករ​យ៉ាង​ហោចណាស់ ៦ ស្ថាប័ន ដឹកនាំ​ដោយ​លោក​ប៉ាវ​ស៊ីណា នឹង​ដឹកនាំ​កម្មករ ជួបជុំ​ក្នុ​វេទិកាសេរី​មួយ នា​ព្រឹក​ថ្ងៃអាទិត្យ ទី១២តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ។ វេទិកា​កម្មករ នៅ​ថ្ងៃអាទិត្យ​ខាងមុខ ត្រូវបាន​លោក​ប៉ាវ​ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ គូសបញ្ជាក់ថា នឹង​បើកឱកាស​ដល់ក​ម្មករ​រោងចក្រ​កាត់ដេរ លើកឡើង​ពី​ការទាមទារ​ឡើង​ប្រាក់ខែ។ ប៉ុន្តែ​វេទិកា​នោះ សហជីព​របស់លោក​អាត់​ធន់ លោក​រ៉ុង​ឈុន និង​សហជីព​លោក ជា​មុនី នឹងមិន​ចូលរួម​ទេ។ សហជីព​ទាំងបី រក្សា​ជំហរ​ទារ​ឡើង​ប្រាក់ខែ១៧៧ដុល្លារ។

ប៉ុន្តែ​ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ សម្រាប់​ឆ្នាំ២០១៥ នៅពេលនេះ ត្រូវ​បាន​មេដឹកនាំ​សហជីព លោក ប៉ាវ ស៊ីណា ដែល​តាំងខ្លួន ជា​សហជីព​ឯករាជ្យ លែង​និយាយ​ដល់ ១៧៧ ដុល្លារ​ហើយ តែ​ជំហរ​នៅ​រក្សា​ត្រឹម ១៥០ ដុល្លារ។

វេទិកា​កម្មករ នៅ​ថ្ងៃអាទិត្យ នឹង​បើក​ធ្វើ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេលដែល​មេដឹកនាំ​សហ​ជីព​​កម្មករ ចំនួន ១០ រូប រួមមាន៖ សហជីព​របស់លោក​អាត់​ធន់ និង​លោក​ប៉ាវ​ស៊ីណា ជា​ដើម គ្រោង​នឹង​ជួប​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​ពិភាក្សា​ពី​ការ​តម្លើង​ប្រាក់ខែ​ឈ្នួល​អប្បបរមា នៅ​ព្រឹក​ថ្ងៃទី១៦តុលា។ ការស្នើសុំ​ជួប​រដ្ឋមន្ត្រី​នោះ បានធ្វើ​ឡើង តាមរយៈ​លិខិត​របស់លោក ជួន មុំ​ថុល អនុប្រធាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ភាគី​កម្មករនិយោជិត។

រហូតដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ប៉ាវ​ស៊ីណា ឲ្យ​ដឹងថា លោក​រដ្ឋមន្ត្រី បាន​យល់ព្រម​ឲ្យ​មេដឹកនាំ​សហជីព ចូលជួប ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​នោះ​ហើយ។

តាម​គម្រោង កិច្ចប្រជុំ​សម្រេច​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ សម្រាប់​ឆ្នាំ​២០១៥ នឹងត្រូវ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី១០តុលា។ ប៉ុន្តែ​ក្រសួង​ការងារ បាន​ជូនដំណឹង​ប៉ុន្មាន​ថ្ងៃមុន ពន្យារពេល ទៅធ្វើ​នៅក្នុង​ខែវិច្ឆិកា ដោយ​លើក​ហេតុផល​ថា ទុកពេល​ឲ្យ​ភាគី​ពាក់ព័ន្ធ មាន​ពេល​ពិភាក្សាគ្នា។

តាម​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ភាគី​សហជីព​កម្មករ បាន​លើកសំណើ ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​​រោងចក្រ​កាត់ដេរ ១៧៧ ដុល្លារ ហើយ​ក្រោយមក ចុះមក​ត្រឹម ១៥០ ដុល្លារ។ ប៉ុន្តែ​ភាគី​​ថៅកែ​រោងចក្រ ព្រម​តម្លើង​ត្រឹមតែ ១១០ ដុល្លារ ខណៈដែល​កម្មករ​រោងចក្រ​កាត់ដេរ សព្វថ្ងៃ ទទួលបាន​ប្រាក់ខែ​អប្បបរមា ១០០ ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ