អានតួអត្ថបទ
កម្ពុជា

សេចក្តី​​ព្រាង​​ក្រម​​ប្រតិបត្តិ​​ក្នុង​​បញ្ហា​​សមុទ្រ​​ខាង​​ត្បូង​​នឹង​​ត្រូវ​​ពិភាក្សា​​នៅ​​កម្ពុជា​​ស្អែក​​នេះ​

ក្រុម​​ការងារ​​​នៃ​​​ឧត្តម​​មន្ត្រី​​អាស៊ាន​​បាន​​បញ្ចប់​​សេចក្តី​ព្រាង​​ក្រម​ប្រតិបត្តិ​​នៃ​​បញ្ហា​​សមុទ្រ​​ចិន​​ខាង​​ត្បូង​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​លើក​​ទី​៧​​នៅ​​ថ្ងៃ​នេះ។ ​សេចក្តី​ព្រាង​ក្រមប្រតិបត្តិ​​នេះ​​នឹង​​ត្រូវ​​ដាក់​​ក្នុង​​របៀប​វារៈ​​ពិភាក្សា​​របស់​​ឧត្តម​មន្ត្រី​​អាស៊ាន​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ស្អែក។​ អាស៊ាន​ ពិសេស​​សមាជិក​​ទាំង​៤​ រួមមាន​ ហ្វីលីពីន​ ម៉ាឡេស៊ី​ វៀតណាម​ និង​​ប្រ៊ុយណេ ​ត្រូវ​​រក​អោយ​​បាន​​ជំហរ​​រួម​មួយ ​មុន​​នឹង​​ទៅ​​ជជែក​​ជាមួយ​​មហា​​អំណាច​​ចិន។

ក្រុម​ការ​ងារ​នៃ​ឧត្តម​មន្ត្រី​អាស៊ាន​បាន​បញ្ចប់​សេចក្តី​ព្រាង​ក្រមប្រតិបត្តិ​នៃ​បញ្ហា​សមុទ្រ​ចិន​​ខាងត្បូង
ក្រុម​ការ​ងារ​នៃ​ឧត្តម​មន្ត្រី​អាស៊ាន​បាន​បញ្ចប់​សេចក្តី​ព្រាង​ក្រមប្រតិបត្តិ​នៃ​បញ្ហា​សមុទ្រ​ចិន​​ខាងត្បូង ©delux/RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ​ត្រូវ​បញ្ចប់​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ពុធ​នេះ និង​ត្រូវ​ដាក់​ជូន​ដើម្បី​ពិភាក្សា​ដល់​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។

លោក នង សាកល អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អាស៊ាន​របស់​ក្រសួង​ការបរទេស បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​ការងារ​ត្រូវ​ស្វែងរក​សមាសធាតុ​សំខាន់ៗ​សម្រាប់​ការ​ពិភាក្សា​របស់​ក្រុម​ឧត្តម​មន្ត្រី។ ហើយ​បញ្ហា​ដែល​ចោទ​ខ្លាំង​នៅ​ពេល​នេះ គឺ​ការ​ប្រើប្រាស់​ពាក្យពេចន៍។

បើ​យោង​តាម​ប្រសាសន៍​របស់​មន្ត្រី​ក្រសួង​ការបរទេស​ដដែល អាស៊ាន​ពិសេស​សមាជិក​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​ត្រូវ​ស្វែងរក​ជំហរ​រួម​សិន មុន​នឹង​ទៅ​ជជែក​ជាមួយ​ប្រទេស​ចិន។ លោក នង សាកល​បាន​ប្រាប់​អោយ​ដឹងថា​គោលដៅ​របស់​ក្រមប្រតិបត្តិ​Code of Conduct គឺ​ការ​ពង្រឹង​​សហប្រតិបត្តិការ កសាង​មិត្តភាព រក្សា​ស្ថិរភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
ការ​បង្កើត​ក្រមប្រតិបត្តិ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយយោង​លើ​ស្មារតី​នៃ​សេចក្តីប្រកាស​ស្តី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​អាស៊ាន​និង​ចិន​បាន​ចុះហត្ថលេខា​កាល​ពី​ឆ្នាំ​២០០២។
ចិន​បាន​មាន​បំណង​ចង់​ដោះស្រាយ​ទ្វេភាគី​ជាមួយ​សមាជិក​អាស៊ាន​ទាំង​៤​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​រួមមាន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ។ ក្នុង​ចំណោម​ប្រទេស​ទាំង​៤​នេះ គឺ​ហ្វីលីពីន និង​វៀតណាម​ដែល​ប្រឈម​មុខ​ស្រួចស្រាវ​ជាង​គេ​ទល់​ជាមួយ​ចិន។

ចុងក្រោយ​នេះ ហ្វីលីពីន និង​ចិន​បាន​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​គួរ​អោយ​ព្រួយ​បារម្ភ​ដោយ​សារ​ជម្លោះ​ដែន​កោះ។​ជា​ជម្លោះ​ដែល​ជំរុញ​អោយ​ហ្វីលីពីន​ស្វែងរក​ជំនួយ​ពី​អាមេរិក​ទៀត​ផង។​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ភាពតានតឹង​បាន​កើត​ឡើង​សារ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​នេះ រវាង​ចិន​និង​ហ្វីលីពីន។

សមាជិក​អាស៊ាន​ទាំង​៤​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​កំពុង​ស្វែងរក​ការ​រួម​ដៃ​គ្នា​ដើម្បី​ជជែក​អោយ​ស្មើ​កំលាំង​គ្នា​ជាមួយ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ