អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោកហ៊ុន សែន រិះគន់​លោកសម រង្ស៊ី​ និង​អ្នកវិភាគ​លើបញ្ហា​សមុទ្រចិន​ខាងត្បូង​

អ្នក​កាសែត​ អ្នក​វិភាគ​ និង​រួម​ទាំង​​លោក​សម រង្ស៊ី​ផង ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង។ ​លោក​ហ៊ុន សែន​បាន​ថ្លែង​ការ​រិះគន់​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​ពុធ​ទី​៤​មេសា​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​បាន​រិះគន់​អ្នក​កាសែត​មួយ​ចំនួន អ្នក​វិភាគ​និង​ប្រធាន​គណបក្ស​ប្រឆាំង ដោយសារ​តែ​អ្នក​ទាំង​នោះ​បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​មុន​ពេល​កិច្ច​ប្រជុំ​អាស៊ាន ថា​អវត្តមាន​នៃ​របៀប​វារៈ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​គឺ​ដោយសារ​ឥទ្ធិពល​របស់​ចិន។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ រិះគន់​អ្នកវិភាគ​បញ្ហា​សមុទ្រចិន​ខាងត្បូង
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ រិះគន់​អ្នកវិភាគ​បញ្ហា​សមុទ្រចិន​ខាងត្បូង © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

 សន្និសីទ​កាសែត​ជាង​កន្លះ​ម៉ោង​នៅ​ក្រោយ​ការ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​បាន​អាន​លទ្ធផល​នៃ​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​រួច​ហើយ​ដែល​សំដៅ​ការ​ពង្រឹងនិង​ពង្រីក​សហគមន៍​អាស៊ាន​តែ​មួយ។ ប៉ុន្តែ​សំណួរ​តែ​មួយ​របស់​អ្នកកាសែត​ទាក់ទងនឹង​ការ​ជជែក​របស់​មេដឹកនាំ​អាស៊ាន​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​បាន​ផ្តល់​វេទិកា​អោយ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទំលាយ​អារម្មណ៍​តានតឹង​របស់​លោក​ដែល​លោក​ថា ធុញទ្រាន់​ជាង​មួយ​ខែ​ហើយ​ ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ពេល​ដែល​លោក​ឮ​សារព័ត៌មាន​ អ្នកវិភាគ ​និង​លោក​សម រង្ស៊ី​ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ផង​នោះ ​អត្ថាធិប្បាយ​អំពី​ការ​មិនមាន​ប្រធានបទ​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង ​ហើយ​ថា​ប្រការ​នេះ​គឺ​ដោយសារ​តែ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ចិន​នោះ។

 
លោក​ហ៊ុន សែន​បាន​ចាត់ទុក​ការ​អត្ថាធិប្បាយ​បែប​នេះ ថា​ជា​ការ​និយាយ​បែប​ល្ងង់ខ្លៅ ​និង​មិន​មាន​មូលដ្ឋាន​នៃ​ចំណេះដឹង​ជ្រៅជ្រះ​នោះ​ឡើយ។ ជាមួយ​នឹង​ការ​និយាយ​ការពារ​ថា កម្ពុជា​មិនមែន​ជា​ទំនិញ​ដែល​ចិន​តថ្លៃ ហើយ​ថា​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដែរ​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ការ​ជជែក​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​តែ​ធ្វើ​ឡើង​នៅក្នុង​រាល់​កិច្ច​ប្រជុំ​អាស៊ាន​ជា​ធម្មតា។ ហើយ​ថា ការ​ជជែក​នេះ​ដែល​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន-ចិន​នោះ ​បាន​ចាប់​ផ្តើម​តាំង​ពី​១០​ឆ្នាំ​មុន ពោល​គឺ​ការ​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ​២០០២ លើ​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ការ​អនុវត្តន៍​របស់​ភាគី​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ប៉ុន្តែថា នៅ​ត្រង់​នេះ លោក​​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​រួច​ហើយ​ដែរ​ថា នឹង​មិន​មាន​ការ​ជ្រៀតជ្រែក​ពី​ភាគី​ទីបី​ណា​ទៀត ក្រៅ​ពី​ចិន​និង​អាស៊ាន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ