អានតួអត្ថបទ
ហ្វីលីពីន

កំពុង​មាន​ជម្លោះ​ជាមួយ​ចិន ហ្វីលីពីន​ផ្តើម​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក

នៅថ្ងៃចន្ទ​ទី ១៦ មេសានេះ ហ្វីលីពីន និង​អាមេរិក​ធ្វើ​សមយុទ្ធ​រួម​គ្នា នៅលើ​កោះ ប៉ាឡាវ៉ាន់​ដែល​ស្ថិតនៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ​ លំហាត់យោធា​រួម​រវាង​អាមេរិក និង​ហ្វីលីពីន​បាន​ធ្វើ​ឡើង​នៅក្នុង​កាលៈទេសៈ​មួយ ដែល​ហ្វីលីពីន​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន ជុំវិញ ទូកចិន​ចូល​ទៅ​នេសាទនៅ​ជិត​កោះ Scarborough Shaol របស់​ប្រជុំកោះ Spratleys ដែល​ហ្វីលីពីន​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ។

នាវា​ចម្បាំង​ហ្វីលីពីន​ដែល​ដក​ចេញ​ពី​កន្លែង​ប្រឈមមុខ​ជាមួយ​កប៉ាល់​ល្បាត​ចិន​បីគ្រឿង នៅ​ជិត​កោះ​Scarborough Shaol កាលពី​ថ្ងៃ​ព្រហស្បតិ៍
នាវា​ចម្បាំង​ហ្វីលីពីន​ដែល​ដក​ចេញ​ពី​កន្លែង​ប្រឈមមុខ​ជាមួយ​កប៉ាល់​ល្បាត​ចិន​បីគ្រឿង នៅ​ជិត​កោះ​Scarborough Shaol កាលពី​ថ្ងៃ​ព្រហស្បតិ៍ © REUTERS
ផ្សាយពាណិជ្ជកម្ម

 

សមយុទ្ធ​អាមេរិក និង​ហ្វីលីពីន​​ចាប់ផ្តើម​នៅថ្ងៃនេះ ដោយ​មាន​រយៈ ពេល​១២​ថ្ងែ និង​មាន​ចូលរួម​ពី​ទាហាន​ហ្វីលីពីន ២៣០០​នាក់ និង​ទាហាន​អាមេរិក ៤៥០០​នាក់។ សមយុទ្ធ​ លើកនេះមាន​ឈ្មោះថា Balikatan ដែល​មាន​ន័យថា “ស្មាកៀកស្មា”។ មន្រ្តី​យោធា​ហ្វីលីពីន​បាន​និយាយនៅថ្ងៃនេះ​ថា សមយុទ្ធ​លើកនេះ​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ប្រឈម​មុខ​ដាក់​​គ្នា​រវាង​ទូកល្បាត​ចិន និង​ហ្វីលីពីន​នៅជិត​កោះ​ Scarborough Shaol ទេ។ សមយុទ្ធ​ ធ្វើ​ទៅតាម​ផែនការ​ដែល​​អាមេរិក និង​ហ្វីលីពីន​ត្រូវធ្វើ​​ជាមួយ​គ្នា​​ជា​រៀង​រាល់​ឆ្នាំ។ សមយុទ្ធ​ប្រភេទ​នេះ​ធ្លាប់​បាន​ធ្វើ​ឡើង​​ម្តងហើយ កាលពី​ខែ​មិថុនា ឆ្នាំមុន។

ប៉ុន្តែ យ៉ាងណាក៏ដោយ សមយុទ្ធ​អាមេរិក ហ្វីលីពីន​លើកនេះ ​បាន​ធ្វើ​ឡើង នៅចំជួន​ពេល​ដែល​ហ្វីលីពីន​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ចិន ដោយសារនាវាច​ម្បាំង​ហ្វីលីពីន​បាន​ស្ទាក់​​ឃើញ កាលពី​ថ្ងៃ​អង្គារ​មុន ​ទូក​នេសាទ​ចិន​៨​គ្រឿង ​នៅជិត​កោះ​Scarborough Shaol ដែល​ហ្វីលីពីន​ទាមទារ​ជា​កម្ម​សិទ្ធិ​របស់ខ្លួន។

ដំណើរ​ការ​ចរចា​ផ្លូវទូត​​បាន​ជាប់គាំងមក​ដល់​ថ្ងៃនេះ ព្រោះថា​​ ភាគីទាំងពីរ​នៅ​តែ​មិន​ទាន់​និយាយ​​ចុះសម្រុងគ្នា។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីលីពីនដែល​ក្រសួងការបរទេស​ហ្វីលីពីន​កោះហៅ កាលពី​ថ្ងៃ​សុក្រ ​នៅតែអះអាង​ការពារ​ភាព​ស្របច្បាប់​របស់​ទូកនេសាទ​ចិន​នៅ​ក្បែរ​កោះ Scarborough Shaol។

បើតាម​អាជ្ញាធរ​ហ្វីលីពីន ក្រោយ​ដំណោះស្រាយ​តាម​ផ្លូវទូត នាវា​ចម្បាំង​ហ្វីលីពីន​បាន​យល់ព្រម​ចាកចេញ​​ពី​តំបន់​ទឹក​ជម្លោះ​នោះហើយ តែ​វា​នៅ​ជំនួស​ដោយ​កប៉ាល់​ល្បាត​មួយវិញ។ ចិន​វិញ ដែល​បាន​បញ្ជូន​កប៉ាល់​ល្បាត​បីគ្រឿង ដើម្បី​ចូល​ទៅ​អន្តរាគម​ រារាំង​នាវា​ចម្បាំង​ហ្វីលីពីន បាន​រំដោះ​បញ្ចេញ​ទូក​នេសាទ​ចិន កាលពី​ថ្ងៃ​សុក្រ​ ហើយ​បើ​តាម​អាជ្ញាធរ​ហ្វីលីពីន​ កប៉ាល់​ល្បាត​ចិន នៅ​តែ​មាន​វត្តមាន​ក្នុង​តំបន់​ទឹក​ ប្រឈម​​នឹង​កប៉ាល់​ល្បាត​ហ្វីលីពីនដដែល។ ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ហ្វីលីពីន​បាន​ឃើ​ញ​យន្តហោះ​​ល្បាត​របស់​ចិន​បើក​ឆ្វែល​នៅពីលើ​កោះ​ Scarborough Shaolទៀត។

នៅថ្ងៃចន្ទ​នេះ គេ​មិនទាន់​ឃើញ​មាន​ចិន​ចេញមុខ​ប្រតិកម្ម ប្រឆាំង​នឹង​សមយុទ្ធ​ហ្វីលីពីន​រួម​ជាមួយ​អាមេរិក នៅឡើយទេ។ រហូតមក ចិន​តែងតែ​រិះគន់ និង​ប្រឆាំង​​មិន​ឲ្យ​គេ​ធ្វើ​សមយុទ្ធ​ក្នុងសមុទ្រ​ចិន​ខាងត្បូង ដែលចិន​ទាមទារ​ជា​ដែនទឹក​របស់​ខ្លួន។

ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគខាងត្បូង ចិន​បាន​ប្រើ​យុទ្ធសាស្រ្ត​បង្ហាញ​អំណាច​ផង និង​ប្រើ​យុទ្ធសាស្រ្ត​ចរចា​ផង ដើម្បី​ជៀសវាង​ការប្រឈមមុខ​ផ្នែក​យោធា​ដាក់គ្នា។ ចិន​តែង​ប្រាប់​​ប្រទេស​គូជម្លោះ​របស់ខ្លួន​ឲ្យ​ដោះស្រាយ​បញ្ហា​តាម​ការចរចា​ទ្វេភាគី ព្រោះតែ​ចិន​មិន​ចង់​ឲ្យ​អាមេរិក​យកលេស​ ដាក់ទ័ព​នៅអាស៊ី។

អាមេរិកដែល​ឃើញ​ប្រយោជន៍​នៅអាស៊ី និង​ទប់ទល់​ឥទ្ធិពល​របស់​មហាអំណាចចិន​បាន​​លើក​ហេតុផល​ថា ​ខ្លួន​​ចង់​ឲ្យ​គេ​​ដោះស្រាយ​ជម្លោះ​ទឹក​សមុទ្រ​ចិន​ខាងត្បូង​ដោយ​យុត្តិធម៌ និង​ស្មើភាព។ ដោយ​យកហេតុផល​ពង្រឹង​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​សម្ព័ន្ធ​មិត្ត​នៅ​អាស៊ី អាមេរិក​បាន​ពង្រឹង​វត្តមាន​ទ័ព​របស់ខ្លួន​កាន់តែច្រើន​នៅក្នុង​អាស៊ី​ប៉ាស៊ីហ្វិក និង​បង្កើន​សមយុទ្ធ​ជាមួយ​ប្រទេស​ដៃគូ​កាន់តែច្រើន។

មន្រ្តី​ហ្វីលីពីន​វិញបាន​និយាយ​នៅថ្ងៃចន្ទនេះថា សមយុទ្ធ​នេះ​បាន​បង្ហាញ​ពី​ឆន្ទះ​ចង់ជួយ​របស់​ប្រទេស​មហាអំណាច​អាមេរិក ជាមួយ​ប្រទេស​មិត្ត​ទន់ខ្សោយ ដូចជា​ហ្វីលីពីន។ បច្ចុប្បន្ននេះ ហ្វីលីពីន​បាន​សង្កេត​ឃើញ​ចិន​កាន់​តែ​កំរោលចូល គឺ​ចាប់ឃាត់ និង​គំរាមកំហែង​នាវា​ហ្វីលីពីន​ដែល​ចូលទៅជិត​ប្រជុំកោះ Spratleys ​និង​Paracels  បើ​ទោះបីជា នាវា​ហ្វីលីពីន​ទាំងនោះ ធ្វើការ​នេសាទ​ ឬ​ស្រាវជ្រាវ​នៅ​ជិត​កោះ​មួយ​ចំនួនដែល​​ខិត​មក​ជិត​ប្រទេសហ្វីលីពីន ជាង​ខិត​ទៅ​រក​ចិនក្តី។

ជាក់ស្តែង កោះ​ Scarborough Shaol​ ដែល​កំពុង​ប្រទាញប្រទង់​ដោយ​ចិន និង​ហ្វីលីពីន​មកដល់​ថ្ងៃនេះ ក៏​ជាផ្នែក​មួយ​របស់​ប្រជុំកោះ​Spratleys។ ហ្វីលីពីន​ទាមទារ​កោះនេះ​យក​គ្រប់គ្រង​ជាកម្មសិទ្ធិ​របស់ខ្លួន ព្រោះ​កោះនេះ​មាន​ចម្ងាយ​ប្រមាណ ២៣០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ហ្វីលីពីន ប៉ុន្តែ វា​នៅឆ្ងាយរាប់រយ​គីឡូម៉ែត្រ​ពី​ទឹកដី​ចិន។ ទោះយ៉ាងណា ចិន​ដែល​ឈ្លោះ​ជាមួយ​ប្រទេសអាស៊ី​​៥ទៀត​ទាមទារ​គ្រប់គ្រង​ធ្វើ​ជា​ម្ចាស់​សមុទ្រ​ចិន​ខាងត្បូង​តែម្នាក់ឯង ដោយមិន​លើកលែង​កោះណាមួយទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ