អានតួអត្ថបទ
អាមេរិក-ស៊ីរី

លោកអូបាម៉ា​៖​អាមេរិក​នៅមិនទាន់​យុទ្ធសាស្រ្ត​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់​រដ្ឋអ៊ីស្លាម

នៅស៊ីរី និង​នៅ​អ៊ីរ៉ាក់ ក្រុមជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម​មិន​បន្ថយដៃ​ ក្នុងការប្រព្រឹត្តិ​អំពើ​ហិង្សា។ ចាប់តាំងពីថ្ងៃ​ពុធ ក្រុមជីហាត​អ៊ីរ៉ាក់​ដែល​បាន​ប្រកាស​រដ្ឋ​អ៊ីស្លាម​នៅក្នុងទឹកដី​ស៊ីរីមួយផ្នែក និង​​អ៊ីរ៉ាក់​ បាន​បាញ់​​ប្រហារ​ជីវិត​​ទាហាន​រដ្ឋាភិបាល​ស៊ីរី​១៦០​នាក់ ដែល​ពួកគេ​ចាប់ខ្លួន​បាន​ក្នុង​អំឡុង​វាយដណ្តើមយកបាន​ខេត្ត​រ៉ាកា ភាគខាងជើង​ស៊ីរី។ នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ទាហាន​​មួកខៀវ​៤៣​នាក់​របស់​អង្គការ​សហប្រជាជាតិ​​ត្រូវ​បាន​ពួក​ជីហាត​មួយ​ក្រុមទៀត​ដែល​ជា​បណ្តាញ​អាល់កៃដា ចាប់ខ្លួន នៅតំបន់​Golan ក្នុងទឹកដី​ស៊ីរី ជាប់ព្រំដែន​អ៊ីស្រាអែល។ ​ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា វិញ បាន​ថ្លែង​បដិសេធ​មិន​ធ្វើ​ប្រតិបត្តិការ​​កងទ័ព​អាមេរិក​នៅ​ស៊ីរី ដើម្បី​​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម។  

ប្រធានាធិបតី​អូបាម៉ា​នៅក្រោយ​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ២៨ សីហា ២០១៤
ប្រធានាធិបតី​អូបាម៉ា​នៅក្រោយ​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ២៨ សីហា ២០១៤ ©REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​នៃការកើនឡើង​ការកាប់សម្លាប់​ព្រៃផ្សៃ​របស់​ក្រុម​ជីហាត​អ៊ីរ៉ាក់​រដ្ឋអ៊ីស្លាម លោក​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​នៅក្រោយ​កិច្ចប្រជុំ​ជាមួយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា សេតវិមាន​​នៅ​មិន​ទាន់​​មាន​យុទ្ធសាស្រ្ត​យ៉ាងណា​នៅឡើយទេ។ លោក​បាន​បន្ថែមថា អាមេរិក​គ្មាន​​អ្វី​ដែល​ត្រូវ​ជ្រើសរើស​រវាង​របប​លោក​ស៊ីរី​ដឹកនាំ​ដោយ​លោក​បាស្ហា អាល់អាសាដ នឹង​​ក្រុម​ជីហាត​អ៊ីរ៉ាក់​រដ្ឋអ៊ីស្លាម​នោះដែរ។ លោក​អូបាម៉ា​​នៅ​តែ​​បញ្ជាក់​ពី​បំណង​របស់​លោក​​ក្នុង​ការបន្ត​គាំទ្រ​ក្រុម​ប្រឆាំង​ស៊ីរី ដែល​មិន​​ជ្រុលនិយម​នៅ​ស៊ីរី។

 
នៅមួយ​រយៈ​ចុងក្រោយនេះ ពោល​គឺ​ចាប់តាំងពី​ក្រុម​ជីហាត​អ៊ីរ៉ាក់​រដ្ឋអ៊ីស្លាម​កើនឡើង​ទាំង​ឥទ្ធិពល​ និងកងទ័ព ប្រកាស​បង្កើត​រដ្ឋអ៊ីស្លាម​នៅក្នុងទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ ហើយ​និង​​ការបង្ហាញ​រូបភាព​កាប់សម្លាប់​យ៉ាង​ឃោឃៅ​ទៅលើ​ចំណាប់ខ្មាំង គេ​រំពឹង​ថា អាមេរិក​នឹង​អាច​លូកដៃ​ ធ្វើ​អន្តរាគមន៍​កងទ័ព​ទៅក្នុង​ប្រទេស​ស៊ីរី។ នាយ​សេនាធិការ​​អាមេរិក លោក Martin Dempsey ​ធ្លាប់​លើកឡើងថា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម​បានសម្រេច​ គេ​ត្រូវ​​​​វាយប្រហារ​ជើង​អាកាស​ទៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​អាមេរិក​ធ្លាប់​ធ្វើ​បាន​សម្រេច​នៅក្នុង​ទឹកដី​អ៊ីរ៉ាក់។ តាម​ថ្នាក់ដឹកនាំ​ការពារ​ជាតិ​អាមេរិក​រូបនេះ​​ ស៊ីរី​ជា​ទីតាំង​​ក្បាលម៉ាស៊ីន​របស់​ក្រុមជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម។ ​

របប​លោក​អាល់អាសាដ​ក៏​បាន​សំដែង​ចង់​សហការ​ជាមួយ​អាមេរិក និង​សហគមន៍​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​សត្រូវរួម គឺ​ក្រុម​ជីហាត​អ៊ីរ៉ាក់​ រដ្ឋអ៊ីស្លាម។ ប៉ុន្តែ ការថ្លែង​របស់​លោកអូបាម៉ា​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា នឹង​មិន​ធ្វើ​អន្តរាគមន៍​ទ័ព​អាកាស​នៅ​ស៊ីរី​ បាន​បិទ​បញ្ចប់​ការទន្ទឹង​រង់ចាំ​​​​​របស់​ទីក្រុង​ដាម៉ាស។ តាម​លោក​អូបាម៉ា ប្រធានាធិបតី​ស៊ីរី ដែល​ទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង​១សែននាក់​នោះ បាន​បាត់បង់​ភាព​​ស្របច្បាប់​ជា​អ្នកដឹកនាំ​ ឬ​និយាយ​បែបម្យ៉ាង គឺ​គ្មាន​តម្លៃ​​មក​ដំឡើង​ខ្លួន​ សហការ​ជាមួយ​អាមេរិក​ដើម្បី​ប្រយុទ្ធ​តបត​នឹង​ក្រុម​ជីហាត​នោះទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ