អានតួអត្ថបទ
ស៊ីរី-អ៊ីរ៉ាក់

ស៊ីរី​ត្រៀមខ្លួន​​សហការ​កំចាត់​ក្រុមជីហាត​ជាមួយ​សហគមន៍​អន្តរជាតិ​

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋាភិបាល​ស៊ីរី​បាន​​ប្រកាស​ត្រៀមខ្លួន​សហការ​ ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​​កំចាត់​ក្រុម​ជីហាត​ ដែល​កំពុង​វាយលុក​នៅស៊ីរី និង​អ៊ីរ៉ាក់។ អង្គការ​​សហ​ប្រជាជាតិបាន​​​ចោទ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​ ថា​​​បាន​​​រើសអើងសម្លាប់​​​​ប្រជាជន​​ភាគតិច និង​​សហគមន៍​​សាសនា នៅ​អ៊ីរ៉ាក់​។ ​ដោយឡែក​ ​ក្រុង​ដាម៉ាស​​ព្រមាន​ថា​រាល់​ប្រតិបត្តិការ​​កំចាត់​ក្រុម​ជីហាត​​នៅ​ស៊ីរី គ្មាន​ការ​​សហការ​​ពី​ស៊ីរី​ទេនោះ គឺ​ជាការ​​​ឈ្លានពាន​​លើ​ស៊ីរី។

សកម្មជន​ប្រយុទ្ធ​ក្រុម​ជីហាត ជិះ​ម៉ូតូ​អបអរ​ជ័យជំនះ​លើកងទ័ពស៊ីរី ក្រោយ​ដណ្តើមបាន​អាកាយានដ្ឋាន​តាប់កា ក្នុង​ខេត្ត​រ៉ាកា។
សកម្មជន​ប្រយុទ្ធ​ក្រុម​ជីហាត ជិះ​ម៉ូតូ​អបអរ​ជ័យជំនះ​លើកងទ័ពស៊ីរី ក្រោយ​ដណ្តើមបាន​អាកាយានដ្ឋាន​តាប់កា ក្នុង​ខេត្ត​រ៉ាកា។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ថ្ងៃចន្ទម្សិលមិញ របប​ដឹកនាំ​ស៊ីរី​របស់​ប្រធានាធិបតី​អាសាដ បានប្រកាស​ត្រៀមខ្លួន​សហការ​ណ៍​ជាមួយ​សហគមន៍​អន្តរជាតិ ​ដើម្បី​​កំចាត់​​ក្រុម​ជីហាត​ ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​​​អំពើ​ភេរវកម្ម ស្របតាម​សេក្តីសម្រេច​លេខ​២១៧០​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហ​ប្រជាជាតិ។ ​ក្រុម​ជីហាត​​រដ្ឋ​អ៊ីស្លាម​ដែល​កំពុង​វាយលុក​នៅ​អ៊ីរ៉ាក់ និង​ស៊ីរីពេលនេះ ​បាន​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាមកាលីហ្វា​ កាលពី​ចុង​ខែ​មិថុនា នៅតាម​ព្រំដែន​អ៊ីរ៉ាក់​និង​ស៊ីរី ក្នុង​ដែនដី​ដែល​ខ្លួន​ដណ្តើម​បានរដ្ឋាភិបាល។

​​បេសកជន​ជាន់ខ្ពស់​ទទួលបន្ទុក​​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ​លោកស្រី ណាវី ពីឡាយ បាន​​លើកឡើង​ថា ក្រុមជីហាត​កំពុង​សម្លាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​​​​ រំលោភ​សិទ្ធិមនុស្ស ​រៀង​រាល់ថ្ងៃ​​នៅ​អ៊ីរ៉ាក់ ហើយ​ការកាប់​សម្លាប់​នេះ អាច​​ក្លាយ​ជា​​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​។ ​

នៅស៊ីរី ​​​ ក្រៅពី​ប្រយុទ្ធ​នឹង​កងទ័ព​​​លោក​អាសាដ ​​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ក៏​ប្រយុទ្ធ​ជាមួយ​​​ក្រុម​ឧទ្ទាម​​ដែល​ជា​គូ​សត្រូវ​របស់​រដ្ឋាភិបាល​ស៊ីរី​​ដែរ។ កាលពី​ថ្ងៃ​អាទិត្យ​​ អាកាស​យានដ្ឋាន​​​តាប់កា ក្នុង​ខេត្ត​រ៉ាកា​​ ​ដែល​ជា​កំពែង​ការពារ​ចុងក្រោយ​របស់​របប​ដឹកនាំ​ក្រុង​ដាម៉ាស ត្រូវបាន​​ក្រុមជីហាត​​ ដណ្តើម​​​​​យកបាន។ ​

ក្នុង​ការ​ត្រៀមសហការណ៍​ជាមួយ​សហគមន៍​អន្តរជាតិ ​​ប្រយុទ្ធនឹង​ក្រុម​ជីហាត​ ​​លោក ​វ៉ាលីត មូអាឡិម ជា​តំណាង​ការទូត​ស៊ីរី បាន​បញ្ជាក់​​បន្ថែម​​ថា ករណី​អាមេរិក​ធ្វើការ​វាយប្រហារ​​ក្រុម​ជីហាត​នៅ​ស៊ីរី ​​អាមេរិក​ត្រូវតែ​​​មាន​​ការ​សហការ​​ពី​រដ្ឋាភិបាល​ស៊ីរី មិនដូច្នោះ​ទេ ទង្វើ​អាមេរិក​ត្រូវ​ចាត់ទុក​ថា ជា​ការ​ឈ្លានពាន​ស៊ីរី។  ​ ​  

គួររំលឹក​ថា ​ក្រោយ​ក្រុម​ជីហាត​អារក​​​​អ្នកកាសែត​​អាមេរិក​ ចេម ហ្វូឡី ​ទាំងរស់​ នៅ​អ៊ីរ៉ាក់​មក ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អាមេរិកគ្រោង​នឹង​ពង្រីក​ប្រតិបត្តិការ​វាយប្រហារ​ក្រុម​ជីហាត រហូត​ដល់​ស៊ីរី។ ​ក្នុង​ប្រតិបត្តិការ​នេះ អាមេរិក​​​ត្រៀម​ខ្លួន​រួចស្រេច​នឹង​បញ្ជូន​​យន្តហោះ​ស៊ើបការណ៍​​និង​ដ្រូន​​ទៅ​ក្នុងដែន​អាកាស​ស៊ីរី។ ប៉ុន្តែ ​ប្រធានាធិបតី​អូបាម៉ា នៅ​ទាន់សម្រេច​បើកការ​វាយប្រហារ​​​លើ​ស៊ីរី​នៅឡើយ​ទេ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ