អានតួអត្ថបទ
អ៊ីរ៉ង់-រុស្ស៊ី-អ៊ីស្រាអែល

រុស្ស៊ី៖« សង្រ្គាម​អ៊ីស្រាអែល​ប្រឆំាង​អ៊ីរ៉ង់​អាច​នឹង​បង្ក​ចេញ​នូវ​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ »

កាល​ពី​ថ្ងៃ​ពុធ ទី៨ កុម្ភៈ​ម្សិលមិញ លោក Mikhaïl Oulianov នាយក​ការិយាល័យ​សន្តិសុខ និង​រំសាយ​សព្វាវុធ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ថ្លែង​ថា ការ​ចោទ​របស់​ប្រទេស​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ថា​បាន​និង​កំពុង​ពួនសម្ងំ​ផលិត​គ្រាប់បែក​បរមាណូ គឺ​ជា​រឿង​ប្រឌិតសុទ្ធសាធ និង​ជា​ការ​ជម្រុញ​ឲ្យ​មាន​សង្រ្គាម​ប្រឆំាង​អ៊ីរ៉ង់។ សម្រាប់​រូប​លោក Mikhaïl Oulianov សង្រ្គាម​ប្រឆំាង​អ៊ីរ៉ង់​អាច​នឹង​បង្ក​ចេញ​នូវ​គ្រោះមហន្តរាយ​ដ៏​​ធ្ងន់ធ្ងរ។

លោក Serguei Lavrov រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី
លោក Serguei Lavrov រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី REUTERS/Denis Sinyakov
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​អ្នកទទួលខុសត្រូវ​រុស្ស៊ី​បាន​ថ្លែង​មិន​មែន​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​ថា រុស្ស៊ី និង​ចិន គឺ​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ហើយ​រុស្ស៊ី និង​ចិន​តែង​តែ​បាន​ចេញ​មុខ​ការពារ​អ៊ីរ៉ង់​គ្រប់​ពេល ពោល​គឺ​មិន​ចង់​ឲ្យ​មាន​ទ័ណ្ឌកម្ម​ថ្មី​ទៀត​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់​ទេ។ កន្លង​មក​យើង​ឃើញ​ថា កិច្ចចរចា ៦ភាគី​មាន​ច្រើន​រាប់មិនអស់ រីឯ​ទ័ណ្ឌកម្ម​ដាក់​លើ​ទីក្រុង​តេហេរ៉ង់​ក៏​មាន​ច្រើន​ដែរ តែ​គេ​នៅ​តែ​មិន​ទាន់​អាច​ជម្នះ​អ៊ីរ៉ង់​ឲ្យ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ។ ទន្ទឹម​គ្នា​នេះ និង​ចំ​ពេល​ដែល​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចេះ​តែ​អូសបន្លាយ ក្តី​បារម្ភ​ក៏​បាន​កើន​ឡើង​ទាក់ទង​នឹង​ការ​សម្រេចចិត្ត​របស់​អ៊ីរ៉ង់​ក្នុង​ការ​ផលិត​គ្រាប់បែក​បរមាណូ។ កន្លង​មក របាយការណ៍​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ក៏​បាន​បង្ហាញ​ភស្តុតាង​ដែល​ថា កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មាន​ទ្រង់ទ្រាយ​ជា​កម្មវិធី​នុយក្លេអ៊ែរ​យោធា។ នា​ពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ក៏​បាន​សម្រេច​ដាក់ទ័ណ្ឌកម្ម​បន្ថែម​លើ​វិស័យ​ប្រេងកាត​អ៊ីរ៉ង់។ បន្ទាប់​មក ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​លេចឮ​ថា ប្រទេស​អ៊ីស្រាអែល​អាច​នឹង​បើក​ការ​វាយប្រហារ​លើ​ទីតំាង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដោយ​សំអាង​ថា អ៊ីរ៉ង់​កំពុង​ផលិត​គ្រាប់បែក​បរមាណូ។ អ្នកឯកទេស​អ៊ីស្រាអែល​ម្នាក់​នៃ​ក្រសួង​ស៊ើបការ​សម្ងាត់​បាន​បញ្ជាក់​កាល​ពី​មួយ​សប្តាហ៍​មុន​នេះ​ថា ការ​វាយប្រហារ​អ៊ីរ៉ង់​អាច​នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នំា ២០១២ នេះ តែ​សម្រាប់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​វិញ លោក​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ ខែ​ឲ្យ​បាន​ច្បាស់លាស់​ទេ។ យ៉ាង​ណា​ក៏​ដោយ ប្រទេស​រុស្ស៊ី​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់ ថា​ជា​រឿង​ប្រឌិត​សុទ្ធសាធ និង​ជា​ការ​ជំរុញ​​ឲ្យ​មាន​សង្រ្គាម​ប្រឆំាង​អ៊ីរ៉ង់។ សង្រ្គាម​ប្រឆំាង​អ៊ីរ៉ង់​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ។

តើ​អ៊ីស្រាអែល​ពិត​ជា​ចង់​វាយប្រហារ​អ៊ីរ៉ង់​មែន ឬ​មួយ​ក៏​គ្រាន់​តែ​កំញើញ ?

កន្លង​មក អ៊ីស្រាអែល​ធ្លាប់​បាន​ទម្លាក់គ្រាប់បែក​​កម្ទេច​ទីតាំង​នុយក្លេអ៊ែរ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ឆ្នំា ១៩៨១។ បន្ទាប់​មក ក្នុង​ឆ្នំា ២០០៧ ទាហាន​អ៊ីស្រាអែល​ក៏​បាន​កម្ទេច​ទីតាំង​មួយ​កន្លែង​នៅ​ស៊ីរី​ដែល​ខ្លួន​សង្ស័យ​ថា ជា​ទីតាំង​នុយក្លេអ៊ែរ។ ដូច្នេះ គ្មាន​ហេតុផល​ណា​មួយ​ដែល​អ៊ីស្រាអែល​មិន​ហ៊ាន​វាយកម្ទេច​ទីតំាង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ទេ។ ម្យ៉ាង​​ទៀត អ៊ីរ៉ង់ និង​អ៊ីស្រាអែល គឺ​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​នឹង​គ្នា។ កន្លង​មក លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Mahmoud Ahmadinejad ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា ចង់​កម្ទេច​ប្រទេស​អ៊ីស្រាអែល​ចេញ​ឲ្យ​បាត់​ ពី​ផែនទី​ពិភពលោក។ អ៊ីចឹង​ឃើញ​ថា ទោះ​បី​ជា​សង្រ្គាម​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​នៅ​មិន​ទាន់​ផ្ទុះ​ជា​ផ្លូវការ​ក៏​ដោយ ក៏​ប្រទេស​ទំាង​ពីរ​កំពុង​សង្កៀត​​ធ្មេញ​ដាក់​គ្នា​យ៉ាង​ខ្លំាង។ អ៊ីស្រាអែល​ប្រាកដ​ជា​មិន​ញញើត​ក្នុង​ការប្រើ​កម្លាំង​ទ័ព​វាយប្រហារ​លើ​អ៊ីរ៉ង់​​ទេ ប្រសិន​បើ​ខ្លួន​យល់​ថា អ៊ីរ៉ង់​ពិត​ជា​កំពុង​ផលិត​អាវុធ​នុយក្លេអ៊ែរ​មែន។

បើ​មាន​ផ្ទុះ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ តើ​អាច​នឹង​មាន​ផលវិបាក​អ្វី​ខ្លះ ?

ផលវិបាក​ធំ​ទី១ គឺ​អស្ថិរភាព​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ទំាង​មូល ឬ​ក៏​អាច​រាលដាល​ទៅ​ជា​សង្រ្គាម។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ស្ថានភាព​នៅ​តំបន់​ដើមបូព៌ា​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​តានតឹងស្រាប់។ បើ​យើង​ពិនិត្យ​ជា​រួម​ទៅ ឃើញ​ថា អ៊ីស្រាអែល​មាន​សត្រូវ​ច្រើន​ជាង​មិត្ត នៅ​ជុំ​វិញ​ខ្លួន។ ប្រសិន​បើ​សង្រ្គាម​ផ្ទុះ​ឡើង​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង​មែន វា​នឹង​បង្ក​ឲ្យ​មាន​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ Hamas នៅ​ប៉ាឡេស្ទីន និង​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ក្រុម Hezbollah ដែល​កំពុង​កាន់អំណាច​នៅ​ក្នុង​ប្រទេស​លីបង់។ សង្រ្គាម​ផ្ទុះ​ឡើង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​អាច​នឹង​រីករាលដាល​ទៅ​កាន់​ប្រទេស​អារ៉ាប់​ផ្សេងទៀត​ប្រឆំាង​នឹង​អ៊ីស្រាអែល។ រីឯ​ប្រទេស​ស៊ីរី​ដែល​ជា​ប្រទេស​ជិត​ខាង​អ៊ីស្រាអែល ក៏​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​អ៊ីរ៉ង់​ដែរ។ ប្រទេស​ស៊ីរី​ដែល​លោក​ប្រធានាធិបតី Bachar el Assad កំពុង​តែ​ប្រឈមមុខ​នឹង​ការ​បះបោរ​ប្រឆាំង​នៅ​ក្នុង​ប្រទេស។ ដូច្នេះ បើ​អ៊ីស្រាអែល​វាយប្រហារ​លើ​អ៊ីរ៉ង់ មេដឹកនាំ​ស៊ីរី​អាច​នឹង​យក​លេស​ទៅ​ធ្វើ​សង្រ្គាម​ជាមួយ​អ៊ីស្រាអែល ដោយ​បង្វែរ​បញ្ហា​ផ្ទៃក្នុង ទៅជា​សង្រ្គាម​ជាមួយ​អ៊ីស្រាអែល​វិញ។

ចំណែក​ផលវិបាក​ធំ​ទី២ គឺ​កង្វះខាត​ប្រេងកាត ព្រោះ​ថា អ៊ីរ៉ង់​គឺ​ជា​ប្រទេស​នាំចេញ​ប្រេងកាត​​លំដាប់​ទី៤ នៅលើ​ពិភពលោក (បន្ទាប់​ពី​រុស្ស៊ី អារ៉ាប៊ី​សាអ៊ូឌីត និង​អារ៉ាប់រួម)។ អ៊ីរ៉ង់​អាច​នឹង​យក​ប្រេងកាត​មក​ធ្វើ​ជា​អាវុធ​សងសឹក ដោយ​ធ្វើ​ការ​កាត់ផ្តាច់​ផ្លូវ​ដឹកជញ្ជូន​ប្រេង​​ពី​ដើមបូព៌ា ទៅកាន់​ទីផ្សារ​អន្តរជាតិ។ គួរ​បញ្ជាក់​ថា ក្នុងមួយឆ្នាំៗ ប្រេងឆៅ​ប្រមាណ ១៧% នៃ​ទីផ្សារ​ពិភពលោក ត្រូវ​ដឹកជញ្ជូន​តាម​ដៃសមុទ្រ Ormuz ដែល​ជាប់​នឹង​ប្រទេស​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ