អានតួអត្ថបទ
កម្ពុជា

គណបក្ស​នរោត្តម​រណឬទ្ធិ​ប្រឈម​ការ​បែកបាក់​ផ្ទៃក្នុង

ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ និង​អគ្គលេខាធិការ​របស់​ព្រះអង្គ គឺ​លោក​សៅ រ៉ានី បាន​ឈ្លោះគ្នា​តាមរយៈ​លិខិត​ជុំវិញ​ការ​បង្រួបបង្រួម​ជាមួយ​គណបក្សហ្វ៊ុនស៊ិនប៉ិច។ លោក​សៅ រ៉ានី បាន​ធ្វើលិខិត​ទៅ​ព្រះអង្គម្ចាស់ ស្នើអោយ​ព្រះអង្គ​សម្រាក​ពី​នយោបាយ​មួយរយៈ ដើម្បី​លោក​ដឹកនាំ​ការ​បង្រួបបង្រួម​គណបក្ស នរោត្តម រណឬទ្ធិ និង​ហ្វ៊ុនស៊ីនប៉ិច។ នៅ​ថ្ងៃនេះ​ ព្រះអង្គម្ចាស់​រណឬទ្ធិ​បាន​ឆ្លើយតប​តាម​លិខិត​វិញ​ថា លោក​សៅ រ៉ានី ចង់​ចរចា​ជាមួយ​អ្នកណា គឺ​ជា​សិទ្ធិ​របស់​លោក​សៅ រ៉ានី ប៉ុន្តែ​លោក​សៅ រ៉ានី​មិនអាច​យក​ព្រះនាម និង​ឈ្មោះ​គណបក្ស​នរោត្តម រណឬទ្ធិ​ទៅ​ប្រើប្រាស់​បានឡើយ។

សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ដែល​ជា​ព្រះប្រធាន​គណបក្ស​នរោត្តម​រណ​ឫទ្ធិ (រូបថត​ឯកសារ)
សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ ដែល​ជា​ព្រះប្រធាន​គណបក្ស​នរោត្តម​រណ​ឫទ្ធិ (រូបថត​ឯកសារ) ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បរាជ័យ​នៃ​ការ​រួបរួម​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច គណបក្ស​នរោត្តម រណឬទ្ធិ​កំពុង​តែ​មាន​បញ្ហា​រង្គោះរង្គើ​ផ្ទៃ​ក្នុង។ ប្រធាន​គណបក្ស​នរោត្តម រណឬទ្ធិ​ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ និង​អគ្គលេខាធិការ​គណបក្ស​នេះ គឺ​លោក​សៅ រ៉ានី​ ដែល​គេ​ដឹង​ថា​ជា​មន្ត្រី​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់ មិន​បាន​និយាយ​ទល់​មុខ​គ្នា​ទេ តែ​បាន​ឆ្លើយឆ្លង​លិខិត​ជាមួយ​គ្នា​ទៅ​វិញ​ ជុំ​វិញ​ការ​បង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច។

លិខិត​ដែល​ត្រូវ​បាន​ផ្ញើ​ថ្វាយ​​សម្តេចឪ ថ្វាយ​ព្រះ​មហាក្សត្រ និង​ព្រះអង្គម្ចាស់​រណឬទ្ធិ​នោះ លោក​សៅ រ៉ានី ​បាន​ស្នើ​អោយ​ព្រះអង្គម្ចាស់​យាង​សម្រាកពី​នយោបាយ​មួយ​រយៈ​ ដើម្បី​ទុក​លទ្ធភាព​អោយ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ដើរ​តួ​ចរចាបង្រួបបង្រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច។ សំណើ​របស់​លោកសៅ រ៉ានី​មិន​ត្រូវ​បាន​ស្វាគមន៍​ពី​ព្រះអង្គម្ចាស់​ឡើយ។ នៅ​ក្នុង​លិខិត​ឆ្លើយតប​ទៅ​លោក​សៅ រ៉ានី ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រះអង្គម្ចាស់​មិន​បាន​ហាមឃាត់​លោក​សៅ រ៉ានី​ មិន​អោយ​បន្ត​ការងារ​បង្រួបបង្រួម​ទេ តែ​ក៏​មិន​អោយ​លោក​សៅ រ៉ានី​ចរចា​ក្នុង​នាម​ព្រះអង្គ និង​ក្នុង​នាម​គណបក្ស​ដែល​លោក​សៅ រ៉ានី​ ជា​អគ្គលេខាធិការ​គណបក្ស​នោះ​ដែរ។

ព្រះអង្គម្ចាស់​បាន​សរសេរ​ប្រាប់​លោក​សៅ រ៉ានី​ថា ព្រះអង្គ​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​លទ្ធផល​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ចរចា​រវាង​លោក សៅ រ៉ានី និង​លោក​ណា​មួយ ឬ​គណបក្ស​ណា​មួយ​នោះ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​សៅ រ៉ានី​បញ្ជាក់​ថា លោក​នឹង​មិន​បញ្ឈប់​ការងារ​ចរចា​បង្រួបបង្រួម​នេះ​ឡើយ ហើយ​លោក​ក៏​នៅ​តែ​ជា​អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឬទ្ធិ​ដដែល។ លោក​សៅ រ៉ានី​ពន្យល់​ថា លោក​គ្រាន់​តែ​ធ្វើ​ជា​អ្នក​សម្របសម្រួល​សម្រាប់​សមាជិក​របស់​គណបក្ស​នរោត្តម រណឬទ្ធិ​ថ្នាក់​ខេត្ត​មួយ​ចំនួន​ធំ ​ដែល​ចង់ឃើញ​ការ​រួបរួមគ្នា​នេះ។ ចំពោះ​លោក​សៅ រ៉ានី បើទោះជាគណបក្ស​នរោត្តម រណឬទ្ធិ​មិន​រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច តែ​គណបក្ស​ក៏​មិន​អាច​រារាំង​ឆន្ទៈ​បុគ្គល​ដែល​ចង់​ទៅ​រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​នោះ​ដែរ។

ទំនងជា​អាច​មាន​សមាជិក​គណបក្ស​នរោត្តម រណឬទ្ធិ​ខ្លះ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ព្រះអង្គម្ចាស់​​រណឬទ្ធិ ហើយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​មែន នេះ​បើ​គេ​ស្តាប់​ឮ​ប្រសាសន៍​លោក​ញឹក ប៊ុនឆៃ​ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ បង្ហើប​ប្រាប់​អ្នកកាសែត លោក​ញឹក ប៊ុនឆៃ​បាន​និយាយ​ថា នៅ​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍​នេះ អាច​នឹង​មាន​ការ​រៀបចំ​ពិធី​ទទួល​សមាជិក​គណបក្ស​នរោត្តម រណឬទ្ធិ។

គណបក្ស​សត្រូវ​បងប្អូន​មិន​ដែល​មាន​ជោគជ័យ​ក្នុង​ការ​រួមគ្នាវិញ​ឡើយ បន្ទាប់​ពី​បាន​បែក​គ្នា​នៅក្នុង​ឆ្នាំ​២០០៦​មក​នោះ។ ការ​ប្រេះស្រាំ​បាន​កើត​មាន​ជាថ្មីទៀត​នៅ​លើក​ចុងក្រោយ​នេះ​បើទោះជា​តំណាង​គណបក្ស​ទាំងពីរ គឺ​ព្រះអង្គម្ចាស់ រណឬទ្ធិ និង​លោក​ញឹក ប៊ុនឆៃ​បាន​ឈាន​ដល់​ការចុះ​ហត្ថលេខារួបរួម​ ក្រោម​ការ​សម្រសម្រួល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ