អានតួអត្ថបទ
កម្ពុជា

គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​និង​​គណបក្ស​​នរោត្តមរណឫទ្ធិ​​ប្រហែល​​ជា​​មិន​​អាច​​ច្របាច់​​បញ្ចូល​​គ្នា​​បាន​​ឡើយ​​

គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​និង​​គណបក្ស​​នរោត្តមរណឫទ្ធិ​​ប្រហែល​​ជា​​មិន​​អាច​ច្របាច់​​បញ្ចូល​គ្នា​​បាន​ឡើយ​​នៅ​​មុន​​ការ​​បោះឆ្នោត​​ជាតិ​​ខែ​កក្កដា​​២០១៣​ខាង​​មុខ​នេះ។​  មូលហេតុ​​ផ្លូវ​ការ​​មិន​​ត្រូវ​​បាន​​គេ​​បង្ហាញ​​អោយ​​ដឹង​​មែន​​ប៉ុន្តែ​​បើយោង​​តាម​​ព័ត៌មាន​​ពី​​ប្រភព​​ផ្សេង​ៗ​​គឺ​​ដោយសារ​​ជំហរ​​នយោបាយ​​ខុស​​គ្នា។​

លោក​ញ៉ឹក ប៊ុនឆៃ (ឆ្វេង) មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​យូ ហុកគ្រី មក​ពី​គណបក្ស​នរោត្តមរណឫទ្ធិ
លោក​ញ៉ឹក ប៊ុនឆៃ (ឆ្វេង) មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​យូ ហុកគ្រី មក​ពី​គណបក្ស​នរោត្តមរណឫទ្ធិ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​គណបក្ស​នរោត្តមរណឫទ្ធិ​បាន​ធ្វើ​អោយ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​នៅ​មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃទី​៣​ខែ​មិថុនា​កន្លងមក​ពីព្រោះ​បន្ទាប់​ពី​មាន​ជម្លោះ​នឹង​គ្នា​អស់​រយៈ​ពេល​៦​ឆ្នាំ​រួច​មក​ គណបក្ស​ទាំង​ពី​រ​បាន​ប្រកាស​ជា​សាធារណៈ​ចង​សម្ព័ន្ធ​ភាព​នឹង​គ្នា​ឡើង​វិញ​។ មិនមែន​ត្រឹមតែ​ចង​សម្ព័ន្ធភាព​ជា​លក្ខណៈ​ធម្មតា​​នោះទេ។ ប៉ុន្តែ​បក្ស​ទាំងពីរ​បាន​សន្យា​រំលាយ​បញ្ចូលគ្នា​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ជា​ពិសេស​ច្របាច់​បញ្ចូល​គ្នា​អោយ​​បានមុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣​។

ប៉ុន្តែ​ ការ​ចង​សម្ព័ន្ធភាព​មិនទាន់​បាន​ដល់​មួយ​ខែ​ផង ស្រាប់​តែ​គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​សា​ជា​ថ្មី​ម្តង​ទៀត។ ការ​ភ្ញាក់​ផ្អើល​ចុង​ក្រោយ​នេះ​គឺ​មិនមែន​ជា​ដំណឹង​ល្អ​ឡើយ​ពីព្រោះ​គណបក្ស​ទាំងពីរ​ទំនង​ជា​មិន​អាច​បញ្ចូល​គ្នា​បាន។

គេ​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​បញ្ជាក់​ពី​ការ​បែកបាក់​ជា​ថ្មី​ឡើង​វិញ​មែន​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​សុក្រ​មិ្សលមិញ ​នៅ​ក្នុង​ជំនួប​ជា​មួយ​ប្រធាន​ថ្មី​នៃ​វិទ្យាស្ថាន​​សាធារណរដ្ឋ​​អន្តរ​ជាតិ(IRI)​ លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្ដិ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ថា គម្រោង​ធ្វើ​សមាជ​រំលាយ​បញ្ចូល​​​គ្នា​រវាងគណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្ដមរណឫទ្ធិ ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែ​កក្កដា​ឬ​សីហា​ខាង​មុខ​នេះ​នឹង​ត្រូវ​ផ្អាក​សិន។ ប៉ុន្ដែ លោក​ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​ មិន​បាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការ​ផ្អាក​នោះ​ទេ។

លោក ប៉ែន សង្ហា អ្នក​នាំពាក្យ​គណបក្ស​នរោត្តមរណឫទ្ធិ បាន​ថ្លែង​ប្រាប់នៅ​ថ្ងៃ​សៅរិ៍​នេះ​ថា លោក​មិនទាន់​បាន​ទទួល​ដំណឹង​នៃ​ការ​ផ្អាក​អង្គ​សមាជ​បញ្ចូល​គ្នា​ទេ​។ សម្រាប់​គណបក្ស​នរោត្តម​រណឫទ្ធិ ​ជំហរ​គឺ​នៅ​ដដែល។ មូលហេតុ​នៃ​ការ​ផ្អាក​អង្គសមាជ​បញ្ចូល​គ្នា​មិនត្រូវ​បាន​បក្ស​ទាំង​ពីរ​បង្ហើបអោយ​ដឹង​មែន​ប៉ុន្តែ​បើ​យោង​តាម​ព័ត៌មាន​មួយ​ចំនួន​​ បញ្ហា​នេះ​គឺ​ដោយសារ​គណបក្ស​ទាំង​ពីរ​មាន​ជំហរ​នយោបាយ​ផ្ទុយគ្នា​សម្រាប់​ពេល​អនាគត។ និង​ម្យ៉ាងទៀត​គឺ​ដោយ​សារ លទ្ធផល​បង្រួប​បង្រួម​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់មិន​មាន​សញ្ញាល្អ​ប៉ុន្មាន​ទេ​សម្រាប់​អនាគត​នៃ​បក្ស​ទាំង​ពីរ​នោះ។

សូម​បញ្ជាក់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​គណបក្ស​នរោត្តម​រណឫទ្ធិ បាន​បែក​ផ្លូវ​គ្នា​នៅ​ឆ្នាំ​២០០៦​ពោលគឺ​នៅ​ពេល​ដែល​ព្រះអង្គ​ម្ចាស់​នរោត្តមរណឫទ្ធិ​ត្រូ​វបាន​គេ​ទម្លាក់​ចេញ​ពី​ព្រះ​ប្រធាន​​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ក្រោយ​ពី​បែក​ខ្ញែក​គ្នាប្រជាប្រិយភាព​នៃ​គណបក្ស​រាជា​និយម​​ទាំងពីរ​បាន​ស្រុត​ចុះ​ជា​លំដាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ