អានតួអត្ថបទ
កម្ពុជា

បណ្ណាល័យ​ជាតិ ​បើក​ការ​តាំង​ពិព័រណ៍​សៀវភៅ​ដើម្បី​លើក​កម្ពស់​ការ​អាន​

បណ្ណាល័យ​ជាតិ បាន​ប្រកាស​បើក​ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ ២០១៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​២៩​វិច្ឆិកា​ដល់​ទី​១​ធ្នូ នៅ​ក្នុង​បណ្ណាល័យ​ជាតិ​តែ​ម្តង។ ពិព័រណ៍​នេះ​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​បោះពុម្ព​សៀវភៅ​មក​ពី​ស្ថាប័ន​ជា​ច្រើន​ដើម្បី​បង្ហាញ​ពី​សៀវភៅ​របស់​ពួកគេ​ដល់​សាធារណជន។ គោលដៅ​នៃ​ការ​តាំងពិព័រណ៍​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​បោះពុម្ព​ផង និង​លើក​ស្ទួយ​ការ​អាន​សៀវភៅ​ផង។

សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​
សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​ RFI
ផ្សាយពាណិជ្ជកម្ម

ស្ថាប័ន​បោះពុម្ព​សៀវភៅ​ជាច្រើន​ទាំង​ជាតិ​និង​អន្តរជាតិ ​នឹងចូលរួម​តាំង​បង្ហាញ​សៀវភៅ​របស់ខ្លួន​នៅឯ​បណ្ណាល័យ​ជាតិ ​ដែលមាន​ទីតាំង​ស្ថិត​នៅ​ខាងលិច​វត្តភ្នំ ​ចាប់ពី​ថ្ងៃទី២៩វិច្ឆិកា​ដល់​ថ្ងៃទី ១ធ្នូ ។ នេះ​គឺជា​ការតាំងពិព័រណ៍​សៀវភៅ​ដែល​បណ្ណាល័យ​ជាតិ​បានរៀបចំ​ធ្វើឡើង​ពីរលើក​រួចមកហើយ។ ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី១ត្រូវបាន​បើក​ធ្វើឡើង​កាលពី​ឆ្នាំ ២០១១។

លោកស្រី ខ្លូត វិ​បុ​ឡា នាយិកា​​បណ្ណាល័យ​ជាតិ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា គោលដៅ​​នៃ​ការតាំងពិព័រណ៍​សៀវភៅ​ឆ្នាំ ២០១៣ នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​អ្នក​បោះពុម្ព​សៀវភៅ​ផង ក៏ដូចជា​លើកកម្ពស់​ការអាន​សៀវភៅ​នៅ​កម្ពុជា​ផង។ បើ​យោងតាម​លោកស្រី​នាយិកា​​បណ្ណាល័យ​ជាតិ សិស្សសាលា ៣០០ នាក់ ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិ​ពិ​ពរណ៍​នេះ ​ដើម្បី​ស្តាប់​បទ​បង្ហាញផ្សេងៗទាក់ទង​នឹង​ការអាន​សៀវភៅ។ បទ​បង្ហាញ​ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​និង​អ្នក​បោះពុម្ព​សៀវភៅ​ដោយផ្ទាល់។

ការតាំងពិព័រណ៍​សៀវភៅ​ឆ្នាំ ២០១៣ អាច​ដំណើរការ​ទៅបាន​ក្រោម​ការជួយ​ឧ​ត្ថ​ម្ភ​ពី​វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា អង្គការ​យូណេស្កូ រួមជាមួយ​អង្គការ​បោះ​ពុ​ម្ភ​សៀវភៅ​ជាច្រើន​ទៀត​ដូចជា អង្គការ SIPA អង្គការ Room To Read និង​សាលា ប៊ែ​ល​ធី ជាដើម។ ប្រសិនបើ​ពិព័រណ៍​នេះ​ទទួលបាន​ជោគជ័យ បណ្ណាល័យ​ជាតិ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​គ្រោង​នឹង​បើក​ឲ្យ​មានការ​តាំងពិព័រណ៍​សៀវភៅ​ជា​រៀងរាល់ឆ្នាំ​តែម្តង។ នេះ​បើ​យោងតាម​លោកស្រី ខ្លូត វិ​បុ​ឡា។

គួរ​កត់សម្គាល់ថា នៅ​ប្រទេស​កម្ពុជា​ គេ​សង្កេតឃើញថា ពលរដ្ឋ​ភាគច្រើន​មិនសូវ​ចូលចិត្ត​អាន​សៀវភៅ​ទេ។ កង្វះ​វប្បធម៌​អាន​សៀវភៅ​គឺជា​គុណវិបត្តិ​ដ៏​ធំធេង​របស់​សង្គម​ខ្មែរ​ដែល​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​ន៍​ប្រទេស​ជួបនឹង​ភាពយឺតយ៉ាវ។ ក្នុង​បរិបទ​នេះ ការតាំងពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ ២០១៣ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​ផង​និង​ជំរុញ​ការអាន​សៀវភៅ​នៅ​កម្ពុជា​ផង។ មាតា បិតា ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​នាំ​កូន​របស់ខ្លួន​ទៅ​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​សៀវភៅ​នេះ។ កម្មវិធីប្លែកៗជាច្រើន​សម្រាប់​កុមារ​នឹងត្រូវ​រៀបចំឡើង​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ