អានតួអត្ថបទ
កម្ពុជា-ចិន

លោក ហ៊ូ ជីនតាវ ​និងព្រះរាជវង្ស​ខ្មែរ​បង្ហាញ​ភាព​ស្និទ្ធស្នាល​

ក្រៅពី​ចំណង​ទាក់ទង​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​ប្រធានាធិបតី​ចិន ​លោក​ ហ៊ូ ជីនតាវ​ ក៏បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​ជាមួយ​ព្រះរាជវង្ស​ខ្មែរ។ ​គ្រាន់តែ​មក​ដល់​កម្ពុជា​ភ្លាម​ ប្រមុខ​រដ្ឋ​ចិន​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទជាមួយ​ព្រះមហា​ក្សត្រ​នរោត្តម ​មុនីនាថ​សីហនុ​ដែល​កំពុង​គង់​ប្រថាប់​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​សម្តែង​ពី​ទំនាក់​ទំនង​មិន​អាច​កាត់​ផ្តាច់​បាន​រវាង​ប្រទេស​ទាំងពីរ។​ នៅ​ឯ​ទីក្រុង​ភ្នំពេញ ​លោក​ហ៊ូ ជីនតាវ​ក៏​បាន​ទទួល​ព្រះរាជ​សវនាការ​​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ព្រះមហាក្សត្រ ​សម្តេច​ ព្រះបរមនាថ ​នរោត្តម សីហមុនី ​ដែរ។​លោក ហ៊ូ​ជីនតាវ ​បាន​ទៅ​ដល់​ខេត្ត​សៀមរាប​ហើយ​នៅ​ថ្ងៃ​នេះ​មុន​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ស្អែក។

លោក ហ៊ូ ជីនតាវ ​និងព្រះរាជវង្ស​ខ្មែរ​បង្ហាញ​ភាព​ស្និទ្ធស្នាល​
លោក ហ៊ូ ជីនតាវ ​និងព្រះរាជវង្ស​ខ្មែរ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា ​លោក​ ហ៊ូ ជីនតាវ​ ប្រធានាធិបតី​ចិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​ស្និទ្ធស្នាល​ពី​សំណាក់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី។ ​មេដឹកនាំ​កំពូល​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​ព្រះមហាក្សត្រ​រៀបចំ​ព្រះរាជ​ពិធី​លៀង​សាយភោជន៍​ទទួល​យ៉ាង​មហោឡារិក​នៅ​ក្នុង​ព្រះបរមរាជវាំង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ។

 
ក្រៅពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ ​និង​កក់ក្តៅ​រវាង​រដ្ឋាភិបាល​ចិន​ និង​កម្ពុជា ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហ៊ូ ជីនតាវ ​ក៏បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង​រវាង​ចិន​និង​គ្រួសារ​ព្រះរាជ​វង្ស​ខ្មែរ។ ​ជាក់ស្តែង ​គ្រាន់តែ​មក​ដល់​កម្ពុជា​ភ្លាម​ លោក​ ហ៊ូ ជីនតាវ ​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទជាមួយ​សមេ្តច​ព្រះមហាក្សត្រិយ៍​ នរោត្តម ​មុនីនាថ ​សីហនុ ​ដែល​កំពុង​គង់​ប្រថាប់​នៅ​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន​ ជាមួយ​នឹង​សម្តេច​ឪ​ នរោត្តម សីហនុ។ ​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​កិច្ចសន្ទនា​នោះ​បាន​ផ្តោត​លើ​ទំនាក់​ទំនង​យ៉ាង​ស្អិតល្មួត​រវាង​កម្ពុជា​និង​ចិន​ ជា​ពិសេស​រវាង​គ្រួសារ​រាជវង្ស​ខ្មែរ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។​ ទីក្រុង​ប៉េកាំង​ដែល​គ្រួសារ​ព្រះរាជ​វង្ស​ខ្មែរ​ជ្រើសរើស​ជាទី​គង់​ប្រថាប់​សម្រាប់​ព្យាបាល​ព្រះរាជ​សុខភាព​តាំងពី​យូរ​ណាស់​មក​ហើយ។ សម្តេច​ឪ ​នរោត្តម​ សីហនុ ​តែងតែ​គង់​ប្រថាប់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ជាច្រើន​ខែ ​និង​ជា​ញឹកញាប់​ដើម្បី​ទទួល​ការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ចិន។ ​ព្រះមហាក្សត្រ ​សម្តេច​ព្រះបរម​នាថ​ នរោត្តម​ សីហមុនី ​ក៏​តែង​យាង​ទៅ​ទទួល​ការ​ពិនិត្យ​ព្រះរាជ​សុខភាព​ពី​គ្រូពេទ្យ​ចិន​ជាញឹក​ញាប់​ដែរ។

លោក​ ហ៊ូ ជីនតាវ ​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​៣០​មីនា​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា។ ​លោក​បាន​ទៅ​ដល់​ខេត្ត​សៀមរាប​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​មុន​នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​ថ្ងៃ​ចន្ទ​ទី​២​មេសា​ស្អែក​នេះ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ូ ជីនតាវ ​បាន​បង្ហាញ​ពី​ចំណង​ទាក់ទង​កាន់តែ​ជ្រាលជ្រៅ​រវាង​កម្ពុជា​ចិន។ ​ទឹកប្រាក់​សន្ធឹក​សន្ធាប់​មាន​ទាំង​ជំនួយ​ឥត​សំណង ​និង​ប្រាក់​កម្ចី​សម្បទាន​សរុប​៤៥០​លាន​យ័ន​ស្មើនឹង​ជាង​៧០​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ចិន​សន្យា​ផ្តល់​ឲ្យ​កម្ពុជា។ កិច្ចព្រមព្រៀង​ចំនួន​១០​ក៏​ត្រូវ​បាន​ចុះ​ហត្ថលេខា​ផង​ដែរ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ​លោក​ ហ៊ូ ជីនតាវ​បាន​កោត​សរសើរ​ចំពោះ​ការ​រីកចម្រើន​នៅ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ និង​ព្រះមហាក្សត្រ​ខ្មែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ