អានតួអត្ថបទ
កម្ពុជា

ចៅ​​ក្រម​​ចោទ​​​ប្រ​​កាន់​​​និ​ង​​​កោះ​​​ហៅ​​​​មេ​ស​ហ​​ជីព​​​​ក្នុង​សំ​​ណុំ​​រឿង​​​​​​​បាតុ​​កម្ម​​កម្មករ​នៅ​​​ផ្លូវ​​​វេង​​​ស្រេង​​

លោក​ ជា​ សុខ​ហៀង​ ចៅ​ក្រម​ស៊ើប​សួរ​ តុ​លា​ការ​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ ​បាន​ចេញ​ដី​កា​បង្គាប់​ឲ្យ​មេ​ដឹក​នាំ​ស​ហ​ជីព​កម្ម​ករ​ លោក​ ប៉ាវ​ ស៊ី​ណា ​ចូល​ខ្លួន​ ដើ​ម្បី​ចៅ​ក្រម​សួរ​ចម្លើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​កញ្ញា ​ក្នុង​សំ​ណុំ​រឿង​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ធ្វើ​បាតុ​កម្ម ​មុខ​សួន​ឧស្សា​ហ​កម្ម​កា​ណា​ឌី​យ៉ា ​នៅ​ផ្លូវ​វេង​ស្រេង​។ ​តាម​ដី​កា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ លោក​ ប៉ាវ​ ស៊ី​ណា ​ប្រ​ធាន​ស​ហ​ព័ន្ធ​ស​ហ​ជីព​ចល​នា​កម្ម​ករ​ ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ហិ​ង្សា​ដោយ​ចេត​នា ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ងន់​ទោស​ គំ​រាម​កំ​ហែង​ និង​បិទ​ផ្លូវ​ ក្នុង​ពេល​កម្ម​ករ​ធ្វើ​បាតុ​កម្ម ចាប់​ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នូ ​ឆ្នាំ​២០១៣ ​រហូត​ដល់​ថ្ងៃ​ទី​៣​មករា​ ឆ្នាំ​២០១៤​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ
លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ RFI-ណាវិន
ផ្សាយពាណិជ្ជកម្ម

 

ដី​កា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នោះ ​ចេញ​ដោយ​លោក​ ជា ​សុខ​ហៀង​ ចុះ​ថ្ងៃ​ទី​២២ ​ខែ​សីហា​ ឆ្នាំ​២០១៤​ ហើយ​បាន​ទៅ​ដល់​ដៃ​មេ​ដឹក​នាំ​ស​ហ​ជីព​កម្ម​ករ​ លោក​ ប៉ាវ​ ស៊ី​ណា ​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​កញ្ញា ​ឆ្នាំ​២០១៤​។

ចៅ​ក្រម​បាន​ចោទ​ប្រ​កាន់​ លោក​ប៉ាវ​ស៊ី​ណា ​ពី​បទ​ហិ​ង្សា​ដោយ​ចេត​នា ​ស្ថាន​ទម្ងន់​ទោស​ ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេត​នា​ស្ថាន​ទម្ងន់​ទោស​ គំ​រាម​កំ​ហែង​ថា ​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​ ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ​ និង​ប្រើ​មធ្យោ​បាយ​ ដើ​ម្បី​ជា​ឧប​សគ្គ​ដល់​ចរា​ចរណ៍​សា​ធា​រណៈ​។

ក្នុង​ដី​កា ​ចៅ​ក្រម​បាន​កំ​ណត់​ថា ​បទ​ល្មើស​ចោទ​ប្រ​កាន់​លើ​មេ​ដឹក​នាំ​ស​ហ​ជីព​កម្ម​ករ​ខាង​លើ​នេះ​ បាន​ប្រ​ព្រឹត្ត​នៅ​ចំ​ណុច​មុខ​សួន​ឧស្សា​ហ​កម្ម​ កា​ណា​ឌី​យ៉ា ​ផ្លូវ​វេង​ស្រេង​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ ឆ្នាំ២០១៣​ រហូត​ដល់​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៤​។ ​បទ​ល្មើស​នោះ ​ត្រូវ​ផ្តន្ទា​ទោស ​តាម​មា​ត្រា ​២១៨​ មា​ត្រា ​៤១១​ មា​ត្រា ​៤២៤ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​និង​មា​ត្រា ​៧៨​ នៃ​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​។

លោក​ប៉ាវ​ស៊ី​ណា ​បាន​ចាត់​ទុក​ចំ​ណាត់​ការ​របស់​ចៅ​ក្រម​លើ​រូប​លោក​ នៅ​ពេល​នេះ ​ថា​ជា​រឿង​គំ​រាម​កំ​ហែង​ថ្មី​មួយ​ទៀត​ ក្នុង​បំ​ណង​បន្ទច់​បង្អាក់​មេ​ដឹក​នាំ​សហ​ជីព​កម្ម​ករ ​មិន​ឲ្យ​ធ្វើ​យុទ្ធ​នា​ការ​ ទាម​ទារ​ឡើង​ប្រាក់​ខែ​កម្ម​ករ​ ១៧៧ ​ដុ​ល្លារ​។ ​យុទ្ធ​នា​ការ​នោះ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧​កញ្ញា។

ជា​ការ​កត់​សម្គាល់ ​ក្នុង​សំ​ណុំ​រឿង​ចោទ​ប្រ​កាន់​មេ​ដឹក​នាំ​ស​ហ​ជីព​កម្ម​ករ​នេះ ​យ៉ាង​ហោច​ណាស់​ ក៏​មាន​មេ​ដឹក​នាំ​ស​ហ​ជីព​កម្ម​ករ​ ៥​ រូប​ផ្សេង​ទៀត​ រួម​មាន ​លោក​រ៉ុង​ឈុន​ និង​លោក​អាត់​ធន់​ ជា​ដើម ​ត្រូវ​បាន​ចៅ​ក្រម​ចោទ​ប្រ​កាន់​ និង​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ ដូច​លោក​ប៉ាវ​ស៊ី​ណា​ដែរ​។ ​មូល​ហេតុ​ មក​ពី​ការ​ដឹក​នាំ​កម្ម​ករ​ទាំង​នោះ ​បាន​ដឹក​នាំ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ធ្វើ​បាតុ​កម្ម ​ទាម​ទារ​ឡើង​ប្រាក់​ខែ ​កាល​ពី​ថ្ងៃ​ទី​២៥​ធ្នូ ​ដល់​ថ្ងៃ​ទី​៣​មករា​។​ ប៉ុ​ន្តែ​គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ ​គឺ​មាន​តែ​លោក​ប៉ាវ​ស៊ីណា​ម្នាក់​ប៉ុ​ណ្ណោះ ​បាន​ទទួល​ដី​កា​។

ក្រោយ​ហេតុ​ការណ៍​បាតុ​កម្ម​ភ្លាម​ៗ ​កាល​ពី​ខែ​មករា​ លោក​រ៉ុង​ឈុន ​ត្រូវ​បាន​ចៅ​ក្រម​បង្គាប់​ឲ្យ​ចូល​បំ​ភ្លឺ ​ជា​មួយ​នឹង​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​សម​រង្ស៊ី​ និង​លោក​កឹម​សុ​ខា​។
បាតុ​កម្ម​កាល​ណោះ ​នាំ​ឲ្យ​ទា​ហាន​ ប៉ូ​លិស ​និង​ប៉េ​អឹម​ បាន​បង្ក្រាប​យ៉ាង​ហិ​ង្សា ​បណ្តាល​ឲ្យ​កម្ម​ករ​យ៉ាង​ហោច​ណាស់ ​៥ ​នាក់ ​ត្រូវ​បាន​បាញ់​ស្លាប់​ និង​របួស​ជាង​ ៤០​ នាក់​ផ្សេង​ទៀត​។ ​មេដឹក​នាំ​ស​ហ​ជីព​ និង​កម្ម​ករ​ ២៣ ​នាក់ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​ជា​ច្រើន​ខែ ​ហើយ​ទ្រព្យ​សម្បត្តិ​រោង​ចក្រ​មួយ​ចំ​នួន​ ត្រូវ​បាតុ​ករ​វាយ​កម្ទេច​។

ប៉ុន្តែ​ចំ​ណាត់​ការ​របស់​តុ​លា​ការ​នៅ​ពេល​នេះ​ ធ្វើ​ឡើង​ប្រ​ឆាំង​តែ​មេ​ដឹក​នាំ​ស​ហ​ជីព​កម្ម​ករ​ប៉ុ​ណ្ណោះ​។​ ចំ​ណែក​ទា​ហាន​ ប៉ូលិស​ និង​ប៉េ​អឹម​ ដែល​បាន​បង្ក្រាប​លើ​បាតុ​ករ​ មិន​ត្រូវ​បាន​ចៅ​ក្រម​ ចាត់​ការ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ