អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​បរិហារ​តុលា​ការ​ថា​ ប្រើ​ច្បាប់​មិន​ត្រូវ​ក្នុង​ការ​ចាប់​ខ្លួន​ ស​កម្ម​ជន​បក្ស​ប្រ​ឆាំង​

អង្គ​ការ​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​ធំ​ៗ​ ចំ​នួន​៤​ នៅ​កម្ពុជា​ បាន​និ​យាយ​ថា ​ការ​ចាប់​ខ្លួន​ ចោទ​ប្រ​កា​ន់​ និង​កោះ​ហៅ ​តំ​ណាង​រាស្ត្រ​ និង​ស​កម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ជា​បន្ត​បន្ទាប់​ ក្រោយ​មា​ន​កិច្ច​ព្រម​ព្រៀង​ រវាង​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ គឺ​ជា​ចេត​នា​ន​យោ​បាយ​។ ​ម្យ៉ាង​ទៀត​ ពួក​គេ ​បាន​ចោទ​ប្រ​កាន់​តុ​លា​ការ​ថា​ មិន​បាន​ប្រើ​ច្បាប់​បា​តុ​កម្ម​ ប៉ុ​ន្តែ​បែរ​ជា​ប្រើ​ច្បាប់​ព្រហ្ម​ទណ្ឌ​ទៅ​វិញ​។ ​ការ​ប​រិ​ហារ​បែប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សន្និ​សីទ​មួយ​ នៅ​ឯ​ភោជ​នីយ​ដ្ឋាន​ខ្មែរ​សុ​រិន្ទ​ នា​រសៀល​ថ្ងៃ​ទី​ ២០​សី​ហា​នេះ​។

ក្រុមសង្គមស៊ីវិល ជួបប្រជុំគ្នានៅឯភោជនីយដ្ឋានសុរិន្ទ និយាយពីការងាររបស់តុលាការកម្ពុជា។
ក្រុមសង្គមស៊ីវិល ជួបប្រជុំគ្នានៅឯភោជនីយដ្ឋានសុរិន្ទ និយាយពីការងាររបស់តុលាការកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

សង្គម​ស៊ី​វិល​ បាន​អះ​អាង​ថា ​ស​កម្ម​ភាព​ប្រើ​ប្រ​ព័ន្ធ​តុ​លា​ការ​ដ​ដែល​ៗ​នេះ​ទៅ​លើ​ស​កម្ម​ជន​បក្ស​ប្រ​ឆាំង​ គឺ​ជា​ចេត​នា​ន​យោ​បាយ​ដើ​ម្បី​ដាក់​សម្ពាធ​ទៅ​លើ​គណ​បក្ស​នេះ ​ឲ្យ​ព្រម​ធ្វើ​វិ​សោ​ធ​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​ស​ភា ​កំ​ណែ​ទម្រង់​ គ.ជ.ប ​និង​អ​ភ័យ​ឯក​សិទ្ធ​អ្នក​តំ​ណាង​រាស្ត្រ​។

លោក​ នី​ ចរិយា​ ប្រ​ធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​ស​មា​គម​ អាដ​ហុក​ បាន​លើក​ឡើង​ថា,​ តាម​ការ​វិ​ភាគ​ផ្នែក​ច្បាប់​ បទ​ចោទ​ ទាំង​៣​ របស់​តុ​លា​ការ​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ ​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​។​ សូម​បញ្ជាក់​ថា ​បទ​ចោទ​ទាំង​៣ ​របស់​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​ រួម​មាន​ ការ​ដឹក​នាំ​ចល​នា​កុប​កម្ម ​តាម​មា​ត្រា​ ៤៥៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ,​ ចោទ​ប្រ​កាន់​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​អំ​ពើ​ឧក្រិដ្ឋ តាម​មា​ត្រា ៤៩៥​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ និង​ចោទ​ពី​បទ​ផ្តើម​គំ​និត​ក្នុង​អំ​ពើ​ហិ​ង្សា​ ដោយ​ចេត​នា ​មាន​ស្ថាន​ទំ​ងន់​ទោស​ តាម​មា​ត្រា​ ២៨​ និង​ ២១៨​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

អ្នក​ស្រី​ ចក់​ សុភាព ​នា​យិ​ការ​ប្រ​តិ​បត្តិ​នៃ​អង្គ​ការ​ CCHR ​បាន​បន្ថែម​ថា​ តុ​លា​ការ​គួរ​ប្រើ​ច្បាប់​បាតុ​កម្ម​ដើ​ម្បី​ចាត់​វិ​ធាន​ការណ៍​ មិន​គួរ​ប្រើ​ច្បាប់​ព្រហ្ម​ទណ្ឌ​នោះ​ទេ​។​ អ្នក​ស្រី ​បាន​និ​យាយ​ថា​ កន្លង​មក​រដ្ឋា​ភិ​បាល ​មិន​បាន​ស្វែង​រក​យុត្តិ​ធម៌​ ពិត​ប្រា​កដ​ ដល់​ជន​រង​គ្រោះ ​ស្លាប់ និង​រ​បួស ក្នុង​ករណី​អំ​ពើ​ហិ​ង្សា​ នៅ​ក្បាល​ថ្នល់ ផ្លូវ​វែង​ស្រែង និង​ស្ទឹង​មាន​ជ័យ​នោះ​ទេ​ ប៉ុ​ន្តែ​បែរ​ជា​ចាត់​ថា​បាតុ​កម្ម នៅ​ជិត​ទី​លាន​ប្រ​ជា​ធិប​តេយ្យ ​កាល​ពី​ថ្ងៃ​ទី​ ១៥​កក្ក​ដា​ គឺ​ជា​រឿង​ដ៏​ធ្ងន់​ធ្ងរ​មួយ​ទៅ​វិញ​។​ នា​យិ​ការ​ប្រតិ​បត្តិ ​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក៏​យល់​ស្រប​ដែរ​ថា ​នេះ​គឺ​ចេត​នា​នយោ​បាយ​ ដើ​ម្បី​ដាក់​សម្ពាធ​លើ​គណ​បក្ស​ប្រ​ឆាំង​ ដោយ​ប្រើ​ប្រ​ព័ន្ធ​តុ​លា​ការ​សុទ្ធ​សាធ​។

លោក​ ហង្ស​ ពុទ្ធា​ នា​យក​ប្រតិ​បត្តិ​អង្គ​ការ​ NICFEC​ ក៏​បាន​ហៅ​ការ​ចាប់​ខ្លួន​តំ​ណាង​រាស្ត្រ​ និង​ស​កម្ម​ជន​បក្ស​ប្រ​ឆាំង​នេះ​ ថា​ជា​រឿង​ន​យោ​បាយ​ដែរ​។  ​លោក​បាន​ផ្អែក​លើ​ទិដ្ឋ​ភាព ​ចំ​នួន​២​ គឺ​ការ​ចាប់​ខ្លួន​មុន​កិច្ច​ចរ​ចារ​ និង​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​។ ​លោក​ ហង្ស​ ពុ​ទ្ធា ​បាន​និ​យាយ​ថា​ ការ​ចាប់​ខ្លួន​ មុន​កិច្ច​ចរ​ចារ​ គឺ​រដ្ឋា​ភិ​បាល​របស់​បក្ស​ប្រ​ជា​ជន​កម្ពុជា ​មានបំ​ណង​ បំ​បែក​ទស្សនៈ​ន​យោ​បាយ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ ព្រោះ​គណ​បក្ស​នេះ ​កើត​ចេញ​ពី​គណ​បក្ស​២ ​គឺ​សម​ រង្ស៊ី​ និង​សិទ្ធ​មនុស្ស​។

ម្យ៉ាង​ទៀត ​គឺ​ដើ​ម្បី​បង្ហាញ​ថា ​តុ​លា​ការ​គឺ​ជា​ឧ​ប​ករណ៍​របស់​បក្ស​ណា​មួយ​។ នា​យក​ប្រ​តិ​បត្តិ​អង្គ​ការ​ NICFEC​ បាន​ហៅ​ព្រឹត្តិ​ការណ៍​ថ្ងៃ ​១៥​កក្កដា​ ថា​គឺ​ជា​ការ​គ្រោង​ទុក​ដើ​ម្បី​បង្កើត​រឿង​ផ្សេង​ទៀត ​ក្នុង​បំ​ណង​ដាក់​សម្ពាធ​ ដល់​បក្ស​សង្គ្រោះ​ជាតិ ​ដើ​ម្បី​ឲ្យ​មាន​ការ​ស្រុះ​ស្រួល​ លើ​កំ​ណែ​ទម្រង់​គ.ជ.ប ​និង​វិ​សោធ​ន​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​ស​ភា។​

សូម​បញ្ជាក់​ថា ​បន្ទាប់​ពី​មាន​ព្រឹត្តិ​ការណ៍​ហិ​ង្សា​បាតុ​កម្ម​ រំ​ដោះ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ ​របស់​តំ​ណាង​រាស្ត្រ​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ តុ​លា​ការ​ក្រុង​ភ្នំ​ពេញ​ បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​ ចោទ​ប្រ​កាន់​ និង​កោះ​ហៅ​តំ​ណាង​រាស្ត្រ​ និង​ស​កម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់​។ ថ្មី​ៗ​នេះ​ ស​កម្ម​ជន​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ចំ​នួន ​៣​រូប​ ក៏​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ នៅ​ពន្ធ​នា​គារ​ព្រៃ​ស ១៨​ថ្ងៃ​មក​ហើយ​ និង​មិន​អនុ​ញាត្ត ឲ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​ពី​ក្រុម​គ្រួ​សារ​ទៀត​ផង​ ។ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ ​នៅ​ថ្ងៃ​ទី​២០​សី​ហា​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ