អានតួអត្ថបទ
កម្ពុជា

សកម្ម​ជន​សហជីព​ត្រូវ​តុលាការ​ខេត្ត​សួរ​នាំ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​

ចៅក្រម​សាលាដំបូង​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បានចាប់ផ្តើម​សួរនាំ​សកម្ម​ជន​ សហ ជីព​ចំនួន៨នាក់ មកពី​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថាស៊ី​ខៅ​ឌូ ហើយ។​ ការ​សាក​សួរ​នេះ​គឺ​អនុវត្ត​ទៅតាម​នីតិ​វិធី​តុលាការ​បន្ទាប់ពី​សកម្មជន​ស​ហ​ជីព​ទាំង​នេះ​ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​រសៀល​​ថ្ងៃទី២៣ឧសភា កន្លងទៅនេះ​នៅ​តាម​​កំណាត់​ផ្លូវ​មកពី​ខេត្តតាកែវ។ ការចាប់​ខ្លួន​​​សហជីព​ទាំងនេះ​បានធ្វើ​ឡើង​បន្ទាប់​ពី​​ពួកគេបាន​​ចុះទៅ​ជួយ​តវ៉ា​កម្មករ​នៅ​រោងចក្រ ជេ.អេស.ឌី ស្ថិតនៅក្នុង​ខេត្តតាកែវ​ដើម្បី​ទទួលបាន​លក្ខ​ខ​ណ្ឌការងារ​សមរម្យ។

@Facebook
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ចាប់ខ្លួនបាន​ពីរ​ថ្ងៃ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តតាកែវ បានចាប់ផ្តើម​នីតិវីធី​របស់ខ្លួន​​យ៉ាង​រួសរាន់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី២៥ឧសភា​នេះ ដោយ​រយៈ​ពេញ​មួយ​ព្រឹក​តុលាការ​បាន​សួរនាំ​សកម្មជន​សហជីព​បាន​ប្រមាណ​ជា​បីនាក់​ហើយ ក្នុងចំណោម​អ្នក​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ចំនួន៨នាក់។ពួកគេ​ត្រូវបាន​ចោទប្រកាន់​ចំនួន៤បទល្មើស​ទាក់ទង​ទៅនឹង​ការគាំទ្រ​ការតវ៉ា​របស់​កម្មករ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា(ស៊ី​ខៅ​ឌូ)បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរា​តិ RFI នៅ​ថ្ងៃអាទិត្យ​នេះ​ថា លោក​កំពុង​យកចិត្តទុកដាក់​តាមដាន
នូវ​ការអនុវត្ត​នីតិវិធីរ​បស់​តុលាការ​ខេត្តតាកែវ និង​ស្នើសុំ​ដល់​ថៅកែ​រោងចក្រ ជេ.អេស.ឌី ឲ្យ​ដក​ពាក្យបណ្តឹង​ប្រឆាំង​សកម្មជន​សហជីព​ដោយ​ឥត​លក្ខខណ្ឌ។

សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ម្សិលមិញ មេដឹកនាំ​សហជីព​រូបនេះ​បាន​ស្នើសុំ​អន្តរាគមន៍​ពី​អ្នកបញ្ជា​រទិញ​ផលិតផល​កាត់ដេរ​ពី​ប្រទេស​កម្ពុជា​ឈ្មោះ Indertex  ឲ្យ​ធ្វើការ​គាបសង្កត់​ទៅលើ​ថៅកែ​រោងចក្រ ជេ.អេស.ឌី ទាក់ទង​ទៅនឹង​ការ​ប្តឹងផ្តល់​អ្នក​សហជីព​ដែលមានតួនាទី​អនុវត្ត​ការងារ​របស់​ពួកគេ​តាមផ្លូវ​ច្បាប់។ក៏ប៉ុន្តែ​តាម លោក អាត់ ធន់, ថៅកែ​រោងចក្របាន​បដិសេធ​ជាមួយ​អ្នកបញ្ជា​ទិញ​ថា​មិនបាន​ប្តឹង​សកម្មជន​សហជីព។

ក៏ប៉ុន្តែ​បន្ទាប់ពី​បាន​តាមដាន​ការសាកសួរ​រយៈពេល​មួយ​ព្រឹក​មក លោក គឹម សុជាតិ មេធាវី​តំណាង​ឲ្យ​ជនសង្ស័យ​ទាំង៨នាក់ បាន​ស្រង់ពាក្យ​កូនក្តី​របស់លោក​ថា ពួកគេ​មិនបាន​ប្រព្រឹត្តិ
ដូច​អ្វីដែល​តំណាង​អយ្យការ​ចោទប្រកាន់​នោះទេ ដោយហេតុថា​ពាក្យបណ្តឹង​របស់​ថៅកែ​រោងចក្រ​បានចេញ​កាលពី​ថ្ងៃទី២២ឧសភា ហើយ​សកម្មជន​ទាំង៨នាក់​ដែល​ទៅ​ពី​ភ្នំពេញ​មាន​វត្តមាន​នៅមុខ​រោង​ចក្រ​ខេត្តតាកែវ​នៅ​ថ្ងៃទី២៣ ដែល​នោះ​ត្រូវ​លោក​ពិ​ព័ណ៌នា​ថា​ជាការ​គ្រោងទុក​មុន​របស់​ថៅកែ​រោងចក្រ ជេ.អេស.ឌី។ មន្ត្រី​សាលាដំបូង​ខេត្តតាកែវ មិនអាច​សុំ​ការពន្យល់​បានទេ​នៅថ្ងៃនេះ។

សូម​រំលឹក​ដែរ​ថា កម្មករ​កាត់ដេរ​រោងចក្រ ជេ.អេស.ឌី បាននាំគ្នា​ធ្វើ​កូដកម្ម​អស់​រយៈពេល​មួយខែ​មកហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរឡើង។ ក៏ប៉ុន្តែ​ការតវ៉ា​នោះ​មិន​ត្រូវបាន​ដោះស្រាយ​ឡើយ។ ដោយមាន​សំណូមពរ​ពី​ក្រុមកម្មករ សកម្មជន​សហជីព ស៊ី​ខៅ​ឌូ បាន​ចុះទៅ​ជួយ​ទាមទារ​ជូន​កម្មករ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ហើយ​បញ្ជូនទៅ​ឃុំឃាំង​នៅ​ស្នងការ​ប៉ូលីស​ខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ