រុស្ស៊ីបានបញ្ជូនគ្រឿងសព្វាវុធទំនើប និងគ្រូបង្វឹកកងទ័ព ទៅដល់នីហ្សេ
មិនត្រឹមតែមានអាវុធគ្រប់គ្រាន់ធ្វើសង្គ្រាមនៅអ៊ុយក្រែនទេ រុស្ស៊ីបានបញ្ជូនអាវុធទៅកាន់អាហ្វ្រិកថែមទៀត។ គ្រឿងសព្វាវុធទំនើបរបស់រុស្ស៊ី រួមទាំងគ្រូបង្វឹកទ័ពរុស្ស៊ីជាច្រើននាក់ផង បានធ្វើដំណើរទៅដល់ទីក្រុងនីអាម៉េ ប្រទេសនីហ្សេ កាលពីថ្ងៃទី១០មេស។ នេះបើផ្អែកតាមការផ្សាយ របស់បណ្តាញទូរទស្សន៍នីហ្សេ។ ការបញ្ជូនគ្រឿងសព្វាវុធទំនើបរបស់រុស្ស៊ីទៅកាន់នីហ្សេ នាពេលនេះ គឺធ្វើឡើងក្នុងក្របខណ្ឌសហប្រតិបត្តិការថ្មី រវាងរុស្ស៊ីនិងនីហ្សេ បន្ទាប់ពីប្រទេសអាហ្វ្រិកដ៏ក្រីក្រមួយនេះ បានបណ្តេញកងទ័ពបារាំងចេញ និងបានបិទបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការកងទ័ព ជាមួយសហរដ្ឋអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៧
ផ្អែកតាមការផ្សាយរបស់បណ្តាញទូរទស្សន៍នីហ្សេ Télé Sahel យន្តហោះរុស្ស៊ី Iliouchine-76 បានចុះចតនៅទីក្រុងនីអាម៉េ កាលពីថ្ងៃទី១០មេសា ដោយនាំយកទៅជាមួយ នូវគ្រឿងសព្វាវុធទំនើបៗ ដែលរុស្ស៊ីបានសន្យាប្រគល់ឲ្យនីហ្សេ។ ក្រៅពីគ្រឿងសព្វាវុធ រុស្ស៊ីបានបញ្ជូនទៅផងដែរ នូវគ្រូបង្វឹកកងទ័ពរុស្ស៊ីជាច្រើននាក់ តែដោយមិនបញ្ជាក់ចំនួនទេ។
បណ្តាញទូរទស្សន៍នីហ្សេ បានផ្សាយថា រុស្ស៊ីបានដឹកយកមកឲ្យនីហ្សេ នូវប្រព័ន្ធខែលមីស៊ីលទំនើបចុងក្រោយ។ ចាប់ពីពេលនេះទៅ នៅនីហ្សេនឹងអាចមានសមត្ថភាពពេញលេញ ក្នុងការការពារសន្តិសុខផ្លូវអាកាសរបស់ខ្លួនបានទាំងស្រុង។
មន្ត្រីជំនាញរុស្ស៊ី បានឆ្លើយប្រាប់បណ្តាញទូរទស្សន៍នីហ្សេថា ខ្លួនធ្វើការបង្ហាត់បង្ហាញដ៏មានគុណភាព ឲ្យទៅកងទាហាននីហ្សេ ដើម្បីឲ្យពួកគេចេះប្រើប្រព័ន្ធសព្វាវុធដ៏ទំនើបនេះ។ មន្ត្រីទ័ពរុស្ស៊ីដដែលអះអាងថា វត្តមានខ្លួននៅនីហ្សេនៅពេលនេះ គឺដើម្បីអភិវឌ្ឍន៍ពង្រឹងសហប្រតិបត្តិការកងទ័ព រវាងរុស្ស៊ី និងនីហ្សេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦មីនា មេដឹកនាំរបបសិកនីហ្សេ Abdourahamane Tiani បានឆ្លើយឆ្លងតាមទូរស័ព្ទជាមួយលោកពូទីន ដើម្បីនិយាយអំពីការពង្រឹងសហប្រតិបត្តិការកងទ័ព និងសន្តិសុខ រវាងនីហ្សេនិងរុស្ស៊ី។ លិខិតប្រកាសផ្លូវការនីហ្សេរីយ៉ា លើកឡើងថា មេដឹកនាំទាំង២លើកឡើងពីភាពចាំបាច់ នៅក្នុងការការពារសន្តិសុខ ទល់នឹងក្រុមភេរវកម្មជីហាតនៅតំបន់សាហ៊ែល។
សូមរំលឹកថា នីហ្សេមិនខុសពីប្រទេសផ្សេងទៀតក្នុងតំបន់សាហ៊ែល ដែលមានម៉ាលី និងបួគីណាហ្វាសូ បានពើបប្រទះនឹងបញ្ហាសន្តិសុខដ៏ធ្ងន់ធ្ងរ ដោយសារតែការវាយប្រហាររបស់ក្រុមជីហាតភេរវកម្ម បណ្តាញរបស់ក្រុមអាល់កៃដា។ តែប្រទេសតំបន់សាហ៊ែលទាំងនេះ បានធ្លាក់ខ្លួនក្នុងការដឹកនាំរបស់របបសិក បន្ទាប់ពីមានរដ្ឋប្រហារយោធាជាបន្តបន្ទាប់។ បន្ទាប់ពីសហការជាមួយកងទ័ពបារាំងអស់ជាច្រើនឆ្នាំ របបសិកថ្មីដែលដឹកនាំបួគីណាហ្វាសូ ម៉ាលី និងនីហ្សេ បានសម្រេចចិត្ត បណ្តេញកងទ័ពបារាំងចេញពីទឹកដី ហើយបានងាកទៅចាប់ដៃសហការជាមួយនឹងក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner។
ជាងនេះទៀត កាលពីពាក់កណ្តាលខែមីនា នីហ្សេ បានប្រកាសបណ្តាញទាហានអាមេរិក ដែលឈរជើងនៅនីហ្សេ ចំនួនជាង១០០០នាក់ ឲ្យចាកចេញពីទឹកដីខ្លួន។ ការបញ្ជូនគ្រឿងសព្វាវុធរុស្ស៊ី ទៅកាន់នីហ្សេនៅពេលនេះ បានសបញ្ជាក់ថា កងទ័ពរុស្ស៊ីកំពុងតែមានវត្តមានកាន់តែរឹងមាំនៅតំបន់សាហ៊ែល ស្របពេលកងទ័ពបារាំង និងអាមេរិកកាន់តែអស់ឥទ្ធិពល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ