អានតួអត្ថបទ
អេបូឡា

បារាំង​ពង្រីក​ដែន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ​ប្រឆាំងនឹង​ជំងឺ​អេបូឡា

ក្នុង​ខណៈ​ដែល​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​កុងហ្កោ ប្រកាស​​​ថាកម្ចាត់​បាន​ការ​រាត​ត្បាត​ជំងឺ​អេបូឡា នៅ​ក្នុង​ប្រទេសខ្លួន​ អាជ្ញាធរ​បារាំង​វិញ​បាន​ប្រកាស​ណែ​នាំ​ នៅ​ថ្ងៃ​សៅរ៍​នេះ ​ឱ្យ​ពលរដ្ឋបារាំង​ចៀស​វាង​កុំ​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​ម៉ាលី និង​បាន​ពង្រីក​ការ​ត្រួត​ពិនិត្យ​សុខភាព​នៅ​តាម​អាកាសយានដ្ឋាន​ គ្រប់​ជើង​ហោះហើរ​មក​ពី​ក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី។

ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេបូឡា អ្នក​ដំណើរ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​វាស់​សីតុណ្ហភាពមុន​និង​ក្រោយ​ឡើង​យន្តហោះ​
ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេបូឡា អ្នក​ដំណើរ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​វាស់​សីតុណ្ហភាពមុន​និង​ក្រោយ​ឡើង​យន្តហោះ​ REUTERS/Luc Gnago
ផ្សាយពាណិជ្ជកម្ម

ម៉ាលី បានក្លាយ​ជា​ប្រទេស​ទីប្រាំមួយ​នៃ​តំបន់​អាហ្វ្រិក​ខាង​លិច ដែល​រង​គ្រោះ​ដោយ​ការ​រាត​ត្បាត​ជំងឺ​អេបូឡា។ ​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា មាន​អ្នក​ជំងឺ​បី​នាក់​នៅ​ម៉ាលី​បាន​ស្លាប់​ព្រោះ​អេបូឡា​មក អាជ្ញាធរ​បារាំង ដោយ​គ្មាន​បង្អង់ ចាប់ពី​ថ្ងៃ​សៅរ៍​​ម៉ាលី​ត្រូវ​ចាត់​បញ្ជូល​ក្នុង​បញ្ជី​​ឈ្មោះ​​ប្រទេសរង​​​វិធានការ​ត្រួត​ពិនិត្យ​សុខភាព​តាម​អាកាសយានដ្ឋាន។ ភ្នាក់ងារ​សុខាភិបាល​ សហការជាមួយ​កាកបាទ​ក្រហម​បារាំង ត្រូវ​ធ្វើ​តេស្ត​​វាស់​សីតុណ្ហភាព​គ្រប់អ្នក​ដំណើរ​តាម​ជើង​ហោះហើរ​មក​ពីបាម៉ាកូ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​បារាំង។

 
អាជ្ញាធរ​បារាំង​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ ​ហាមប្រាម​ពលរដ្ឋ​បារាំង​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​បាម៉ាកូ ឬ​តំបន់​ភាគ​ខាង​លិច​ម៉ាលី លើក​លែង​តែ​ករណី​ចាំបាច់។ ចំណែក​ពលរដ្ឋ​បារាំង​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​ម៉ាលី​ស្រាប់ ត្រូវ​ប្រុង​ប្រយ័ត្ន​ និង​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​វិធាន​ណែនាំ​សុខភាពរបស់​អាជ្ញាធរ​តំបន់។

ទន្ទឹម​នឹង​វិធានការ​បារាំង​​ប្រឆាំង​នឹង​អេបូឡា​នៅ​​ម៉ាលី នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ប្រទេស​រងគ្រោះ​ព្រោះ​អេបូឡា​មួយ​ទៀតវិញ បាន​​​ជូន​ដំណឹង​នៅ​ថ្ងៃ​សៅរ៍​នេះ ថា​ការ​រាត​ត្បាត​​នៃ​មេរោគ​អេបូឡា​ត្រូវ​បាន​កម្ចាត់​អស់​ពី​ប្រទេស​ហើយ។ ជា​សរុប​ អេបូឡា​បាន​សម្លាប់​ជន​កុងហ្គោ​អស់​៤៩​នាក់។

​អេបូឡា​ ជំងឺ​​គ្រុន​ឈាម​ដ៏​កំណាច បាន​រាត​ត្បាត​និង​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់ ៥១៧៧ នាក់ ​គិត​ចាប់​តាំង​ពី​ខែ​មីនា​មក។ ប្រទេស​លីបេរីយ៉ា សៀរ៉ាឡេអូន ហ្គីណេ រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ។ ជំងឺ​នេះ​បាន​បង្ក​ឱ្យ​ពិភពលោក​ព្រួយ​បារម្ភ​ និង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ​ជំនួយ​ថវិកា​ធ្លាក់​មក​យ៉ាង​ត្រដាប​ត្រដួស​បំផុត​ ! ក្រុម​ប្រទេស​មហាអំណាច​ទាំង​២០​ (ហ្សេ២០) ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​អូស្ត្រាលី​ បាន​​សន្យា​រួម​ដៃ​គ្នា​កម្ចាត់​ជំងឺ​រាត​ត្បាត​មួយ​នេះ ដោយ​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​ទ្វេ​ភាគី​ តំបន់ និង​ពហុជាតិ ឱ្យ​បាន​កាន់​តែ​ច្រើន ប៉ុន្តែ​គេ​គ្មាន​ឮ​និយាយ​អំពី​ការ​ប្រមូល​មូលនិធិ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹ​ងអេបូឡា​សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ