អានតួអត្ថបទ
បារាំង

បារាំង​ទទួល​ព្យាបាល​បុគ្គលិក​អ.ស.ប​ដែល​ឆ្លង​មេរោគ​អេបូឡា​ពី​អាហ្វ្រិក

ក្រសួង​សុខាភិបាល​បារាំង​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​អាទិត្យ​នេះ​ថា បារាំង​បាន​ទទួល​ព្យាបាល​បុគ្គលិក​ម្នាក់​របស់​​ទីភ្នាក់ងារ​អ.ស.ប ដែល​ឆ្លងមេរោគ​អេបូឡា​ នៅ​ក្នុង​ពេល​កំពុង​បំពេញ​ការងារ នៅ​ក្នុង​តំបន់​អាហ្វ្រិក។ ក្នុងពេល​ជាមួយគ្នា​ ក្រសួង​សុខាភិបាល​បារាំង​ក៏​បាន​បញ្ជាក់​បន្ថែម​ផងដែរ​ថា រហូតមកទល់​ពេលនេះ​មិនមាន​ករណី​ឆ្លងមេរោគ​អេបូឡា​ណាមួយ​ត្រូវ​បាន​គេ​រកឃើញ នៅ​ក្នុង​ទឹកដី​បារាំង​នោះទេ។

មន្ទីរពេទ្យ​យោធា Bégin នៅ Saint-Mandé ជាយក្រុង​ប៉ារីស
មន្ទីរពេទ្យ​យោធា Bégin នៅ Saint-Mandé ជាយក្រុង​ប៉ារីស REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​អ.ស.ប ដែលកំពុង​ទទួល​ព្យាបាល​ជំងឺ​អេបូឡា​នៅ​ក្នុង​ប្រទេស​បារាំង នៅ​ពេលនេះ បាន​ឆ្លងមេរោគ​អេបូឡា ពី​ប្រទេស​សៀរ៉ាឡេអូន ទី​ដែល​គាត់​កំពុង​បំពេញ​បេសកកម្ម ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​មេរោគ​អេបូឡា។ នេះ​បើ​តាម​ការ​ឲ្យដឹង​​របស់​ក្រសួង​សុខាភិបាល​បារាំង នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បាន​បញ្ជាក់​បន្ថែម​ថា អ្នក​ជំងឺ​អេបូឡា​​រូបនេះ​ត្រូវ​បាន​ដឹកចេញ​ពី​សៀរ៉ាឡេអូន​​មក​កាន់​ប្រទេស​បារាំង ​តាម​យន្តហោះ​​ ពិសេស ហើយ​បច្ចុប្បន្ន​ គាត់​កំពុង​ទទួល​ការព្យាបាល និង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ពី​គេ​ក្នុង​បន្ទប់​ពិសេស នៅ​ក្នុង​មន្ទីរពេទ្យ​យោធា​ ស្ថិត​នៅ​ជាយក្រុង​ប៉ារីស (Saint-Mandé)។

គួរបញ្ជាក់ថា មន្ទីរពេទ្យ​យោធា​​នៅ​ជាយក្រុង​ប៉ារីស​នេះ​ធ្លាប់​ទទួល​ព្យាបាល​អ្នក​ជំងឺ​អេបូឡា​ម្នាក់​រួចមកហើយ កាល​ពី​ខែ​កញ្ញា​កន្លងទៅ ហើយ​ព្យាលបាល​រហូត​ជា​សះស្បើយ។ អ្នក​ជំងឺ​អេបូឡា​ ​កាល​ពី​ខែ​កញ្ញា គឺ​​គិលានុប្បដ្ឋាកយិកា​បារាំង ដែល​ធ្វើការ​ឲ្យ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ហើយ​ឆ្លង​មេរោគ​អេបូឡា នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា។

ចំពោះ​អ្នក​ជំងឺ​អេបូឡា​ ដែល​ទើប​នឹង​បញ្ជូន​មក​ព្យាបាល​នៅ​ពេលនេះ​វិញ ក្រសួង​សុខាភិបាល​បារាំង​មិន​បាន​បញ្ជាក់​ឲ្យដឹង​ថា​តើ​គាត់​ជា​ជនជាតិ​អ្វី​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្រៅ​ពី​អ្នក​ជំងឺ​អេបូឡា​រូបនេះ មិនមាន​ករណី​ឆ្លង​មេរោគ​អេបូឡា​ណាមួយ​ផ្សេងទៀត​​នោះទេ នៅ​ក្នុង​ប្រទេស​បារាំង។
 

យោងតាម​តួលេខ​នៃ​ក្រសួង​សុខាភិបាល​បារាំង ចាប់តាំង​ពី​ខែ​មិថុនា​ រហូត​មក​ទល់​នឹង​ពេលនេះ បារាំង​ជួប​នឹង​​ករណី​សង្ស័យ​ពី​មេរោគ​អេបូឡា​ចំនួន ១៨​ករណី ក៏ប៉ុន្តែ ក្រោយ​ពី​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​យ៉ាង​ម៉ត់ចត់ លទ្ធផល​សុទ្ធតែ​បង្ហាញ​ថា គ្មាន​មេរោគ​អេបូឡា។ ទោះជាយ៉ាងណា​ក៏ដោយ គ្រប់ករណី​សង្ស័យ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​ទទួល​ការ​តាមដាន​ជំងឺ និង​ដាក់​ឲ្យនៅ​ដាច់ពី​គេ នៅ​ក្នុង​មន្ទីរពេទ្យ​ជំនាញ​ខាង​មេរោគ​អេបូឡា ដែល​មាន​ទាំងអស់​ចំនួន ១២ នៅ​ទូទាំង​ប្រទេស​បារាំង ក្នុងនោះ មាន ៣កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ារីស និង​ជាយក្រុង​ប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ