អានតួអត្ថបទ
ថៃ-ភេរវកម្ម

ពួកភេរវជន​យក​ទីក្រុង​បាងកក​ធ្វើ​ជា​ទីតាំង​វាយប្រហារ​ប្រយោជន៍​អាមេរិក និង​អ៊ីស្រាអែល

អាជ្ញាធរ​ថៃ​បាន​បង្កើន ពង្រឹង​សន្តិសុខ នៅតាម​ស្ថានទូត​បរទេស សង្កាត់​ទេសចរណ៍ ក្នុង​ក្រុង​បាងកក និង​នៅ​ព្រលានយន្តហោះ​សុវណ្ណភូមិ បន្ទាប់​ពីគេ​បាន​ចាប់ឃាត់ខ្លួន​ភេរវជន​អ៊ីរ៉ង់​ពីរនាក់ ដែល​បាន​បំផ្ទុះគ្រាប់បែក​ នៅកណ្តាល​ក្រុង​បាងកក កាលពីថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​ម្សិលមិញ។ អាជ្ញាធរ​ថៃ​នៅថ្ងៃ​ព្រហស្បតិ៍​ទី ១៦ កុម្ភៈនេះ​បាន​ស្នើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន​ជនសង្ស័យ​​អ៊ីរ៉ង់ ម្នាក់ដែល​បាន​គេចខ្លួនទៅ​ដល់​ទឹកដី​ម៉ាឡេស៊ី កាលពីថ្ងៃ​ពុធ។ ប៉ូលិស​ថៃ​ក៏​កំពុង​ស្វែងរក​ចាប់​ស្រ្តី​អ៊ីរ៉ង់​ម្នាក់ដែល គេ​ជឿថា ជាអ្នក​ជួយ​រៀបចំ​ជួលផ្ទះ​ឲ្យ​ជនជាតិ​អ៊ីរ៉ង់​ទាំងបីនាក់។​​

ប៉ូលិស​ថៃ​ពិនិត្យ​មើល​ទីតាំង​ដែល​ជនជាតិ​អ៊ីរ៉ង់​បំផ្ទុះ​គ្រាប់បែក​ច្នៃ​​នៅសង្កាត់​សុខុមវីត ទី ៧១ កណ្តាល​ក្រុង​បាងកក កាលពី​ថ្ងៃ​អង្គារ​ទី ១៤ កុម្ភៈ
ប៉ូលិស​ថៃ​ពិនិត្យ​មើល​ទីតាំង​ដែល​ជនជាតិ​អ៊ីរ៉ង់​បំផ្ទុះ​គ្រាប់បែក​ច្នៃ​​នៅសង្កាត់​សុខុមវីត ទី ៧១ កណ្តាល​ក្រុង​បាងកក កាលពី​ថ្ងៃ​អង្គារ​ទី ១៤ កុម្ភៈ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

តាម​ លោក​វិឈាន ប៉ូតិភូស្រ៊ែ ប្រធាន​ក្រុមប្រឹក្សា​សនិ្តសុខ​ជាតិថៃ គ្រាប់ផ្ទុះ​ដែល​ប៉ូលិស​រឹបអូស​បាន គឺជា​គ្រាប់បែកច្នៃ ដែលមាន​ឥទ្ធិពល​តិចតួច ដែលគេប្រើ​សំដៅ​វាយប្រហារ​បុគ្គល​ ប៉ុន្តែ មិន​មែន​សំដៅ​ស្ថាប័ន ឬ​ក្រុមមនុស្ស​ច្រើនទេ។ នៅផ្ទះ​ជួល​ដែល​ជនជាតិ​អ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ដោយ​សារកំហុស​បច្ចេកទេស​ក្នុង​ការផលិតគ្រាប់ គេ​រកឃើញ​គ្រាប់បែក​ច្នៃ​មិន​ទាន់​ផ្ទុះ​ចំនួនពីរ និង​វត្ថុធាតុ​ផ្សេងទៀត​សម្រាប់ផលិតគ្រាប់។

ប្រមុខ​ប្រឹក្សា​សន្តិសុខ​ជាតិថៃ​​អះអាង​បញ្ជាក់​ថា ការបំផ្ទុះ​គ្រាប់បែក កាលពីថ្ងៃ​អង្គារ​មិន​មែន​ជា​សកម្មភាព​ភេរវកម្ម​ទេ។ ជាក់ស្តែង ជនជាតិ​អ៊ីរ៉ង់​ទាំងពីរ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ទាន់​កាលពីថ្ងៃ​អង្គារ​ត្រូវ​តុលាការ​ថៃ​ចោទត្រឹមបទ​ប៉ុនប៉ង​ធ្វើឃាត និង​មាន​គ្រឿងផ្ទុះ​ជាប់ខ្លួន។

បើទោះជា គេ​នៅមិន​ទាន់​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ពី​ក្រុមមនុស្ស​ដែល​ជាគោលដៅ​វាយប្រហារ​របស់​ជនសង្ស័យ​អ៊ីរ៉ង់ ប៉ុន្តែ អ៊ីស្រាអែល​បាន​សន្និដ្ឋាន​រួចហើយ ថា ជនជាតិ​អ៊ីរ៉ង់​ទាំង​ប៉ុន្មាននាក់​ហ្នឹង មាន​ផែនការ​វាយប្រហារ​បំផ្លាញមន្រ្តីទូត​របស់ខ្លួន នៅក្នុង​ប្រទេស​ថៃ។ អ៊ីស្រាអែល​ហ៊ាននិយាយ​ដូច្នេះ ព្រោះ​ថា គ្រឿងផ្ទុះ​ពីរគ្រាប់ រកឃើញ​ក្នុង​ផ្ទះដែល​ជនជាតិ​អ៊ីរ៉ង់​ជួល គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា និង​គ្រាប់បែក​ដែល​ភេរវជន​បាន​គប់​លើ​រថយន្ត​មន្រ្តីទូត​អ៊ីស្រាអែល ក្នុង​ទីក្រុង​ញូវដេលី កាលពីថ្ងៃចន្ទ។
 
បន្ទាប់ពីមាន​ការចោទប្រកាន់​របស់​អ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់ រដ្ឋមន្រ្តី​ការបរទេស​ថៃ​បាន​សន្យា​ទាក់ទង​ស្ថានទូត​អ៊ីរ៉ង់ ដើម្បីបញ្ជាក់​ពីអត្តសញ្ញាណ​របស់​ជនសង្ស័យ ដែល​គេ​បាន​ចាប់ខ្លួន។ ថៃ​ក៏​ចង់​បញ្ជាក់​ប្រាប់ទៅ​អ៊ីរ៉ង់​ពីភាពអព្យាក្រិត និង​ថា កុំ​ឲ្យ​យកថៃ​ធ្វើជា​ទឹកដី​សម្រាប់ត្រៀម​រៀបចំ​ការវាយប្រហារ​ណាមួយ។
 

ជនសង្ស័យ​អ៊ីរ៉ង់​Mohammad Khazaeiត្រូវ​ប៉ូលិស​ថៃ​ចាប់​យក​ទៅ​សួរចម្លើយ​នៅ​ការិយាល័យ​អន្តោប្រវេសន៍​
ជនសង្ស័យ​អ៊ីរ៉ង់​Mohammad Khazaeiត្រូវ​ប៉ូលិស​ថៃ​ចាប់​យក​ទៅ​សួរចម្លើយ​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ ©Reuters

នៅថ្ងៃព្រហស្បតិ៍​ថា ប្រធានក្រុមប្រឹក្សា​សន្តិសុខជាតិ​ថៃ បាន​និយាយ​ថា ឧប្បត្តិហេតុ កើតឡើង កាលពីថ្ងៃ​អង្គារ គឺ​បណ្តាល​មក​មាន​ភាពតានតឹង​ក្នុង​ពិភពលោក បច្ចុប្បន្ន។ ​ប្រទេស​ថៃ​បាន​ក្លាយ​ជា​ប្រទេស​រងគ្រោះ ជា​ផ្ទាំងស៊ីប ដោយសារ​ថៃ​ជា​ប្រទេស​ទេសចរណ៍ សម្បូរជនបរទេស​ចូលមក​ទស្សនាច្រើន។

កាលពីដើម​ខែមករា ស្ថានទូត​អាមេរិក​ធ្លាប់​បាន​ប្រកាស ប្រាប់​ប្រជាជន​ខ្លួន ពីលទ្ធភាព​អាចកើតមាន អំពើភេរវកម្ម ក្នុង​ប្រទេស​ថៃ និង​អំពាវនាវ​ឲ្យ​ពួកគេ​ប្រុងប្រយ័ត្ន កុំ​ធ្វើ​ដំណើរ​ទៅកន្លែង​ដែល​សម្បូរអ្នកទេសចរ។ ក្រោយមក គេ​ក៏​ចាប់​បាន​ជនជាតិ​ស៊ុយអែដ​ម្នាក់ ដែល​មាន​ពាក់ព័ន្ធ​នឹង​ពួក​Hezbollah និង​មានគ្រឿងផ្ទុះ​ជាច្រើន​គីឡូ។ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ប៉ុនប៉ង​ធ្វើគ្រាប់​សម្លាប់​ជនជាតិ​អ៊ីស្រាអែល និង​អាមេរិក នៅក្នុង​ប្រទេស​ថៃ។

អ៊ីស្រាលអែល​វិញជឿថា ការវាយប្រហារ​របស់​អ៊ីរ៉ង់​លើកនេះ​ទៅលើ​ស្ថានទូត​របស់ខ្លួន នៅបរទេស គឺ​ដើម្បី​សងសឹក​អ៊ីស្រាអែល​ដែលអ៊ីរ៉ង់​ចោទថា ​បាន​សម្លាប់​មេដឹកនាំ​Hezbollah និងថ្មី​នេះ​លួចធ្វើ​ឃាត​មន្រ្តី​ជំនាញ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ម្នាក់។​

នេះ​មិន​មែន​ជា​លើកទីមួយទេ​ដែល​ក្រុមភេរវជន​មក​ពីតំបន់​ដើមបូព៌ា ​យក​ប្រទេស​ថៃ ធ្វើជា​ទីតាំង ដើម្បី​​វាយប្រហារ​លើ​រាល់​​ប្រយោជន៍​អ៊ីស្រាអែល និង​អាមេរិក។ ក្នុង​រយៈពេល​៤០ឆ្នាំ នេះ​ជា​លើកទីបួន ដែល​ក្រុមអ៊ីស្លាម​មក​ពីតំបន់​ប៉ូពា​យកទឹកដី​ថៃ ធ្វើ​ជា​កន្លែង​សងសឹក ក្នុង​ជម្លោះ​នៅតំបន់​ដើមបូព៌ា។ ក្នុង​ប្រទេស​ថៃ មន្រ្តី​និងម្ចាស់ជំនួញ​អារ៉ាប៊ី សាអូឌីត​ធ្លាប់​ត្រូវ​គេ​លួច​សម្លាប់ ចំណែក​មន្រ្តីទូត​អ៊ីស្រាអែល​ក៏ធ្លាប់​ត្រូវ​ពួក​អ៊ីស្លាម​ជ្រុលនិយម​ប៉ាឡេស្ទីន​ចាប់ជម្រិត ក្នុងឆ្នាំ ១៩៩៤។

មន្រ្តីទូត​អង់គ្លេស វិញ ធ្លាប់​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយថា ​គេ​មិនអាច​មើល​រំលង​ស្ថានភាព​អសន្តិសុខ​ដែល​បង្ក​ដោយ​ក្រុមបះបោរ​ នៅភាគខាងត្បូងថៃ​ទេ។ ក្រុម​អ៊ីស្លាម​ជ្រុលនិយម​នៅភាគខាងត្បូង​ដែល​បង្ក​អំពើហិង្សា ភេរវកម្ម​តាំងពីឆ្នាំ ២០០៤ សម្លាប់​មនុស្ស​ជាង ៥ពាន់នាក់ អាច​ក្លាយ​ជា​បណ្តាញ និង​ផ្តល់​ជម្រក​ដល់​​ពួកភេរវជន ពិភពលោក។

គេមិន​ដឹងថា តើ​ជនសង្ស័យ​អ៊ីរ៉ង់ដែល​ប៉ូលិស​ចាប់បាន មាន​ជាប់ពាក់ព័ន្ធ និង​បាន​ទទួល​ជំនួយ​ពី​​ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅខេត្ត​ភាគខាងត្បូង ប៉ុន្តែ ចំណុចមួយ​ដែល​គេ​គួរចាប់​អារម្មណ៍ដែរ​នោះ គឺ​ប៉ូលិស​ថៃ​បាន​រាយការណ៍​ថា ជនសង្ស័យ​អ៊ីរ៉ង់​បាន​ចូលមក​រស់នៅ​ដើរហើរ​ដោយ​មាន​សេរីភាព តាំងពី​ដើមខែ​កុម្ភៈ និង​បាន​ទិញ​វត្ថុធាតុ ក្នុងស្រុក​ដើម្បី​កែច្នៃ​ធ្វើ​ជាគ្រាប់ផ្ទុះ។ ដូច្នេះ​មាន​ន័យថា ភេរវជន​មិន​ចាំបាច់​នាំគ្រឿងផ្ទុះ ឆ្លងកាត់​ព្រំដែនទេ គឺ​គេ​អាច​ផលិត​បាន​នៅក្នុងប្រទេស​ថៃតែម្តង។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ