ជំងឺអេបូឡា បានស្ងប់ស្ងាត់ ប៉ុន្តែនៅតែបន្តសម្លាប់មនុស្សរាល់ថ្ងៃ នៅប្រទេសកុងហ្គោ
ប៉ុន្មានថ្ងៃនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិងកំពុង បន្តទស្សនកិច្ចនៅទ្វីបអាហ្វ្រិក។ ថ្ងៃអាទិត្យទី១កញ្ញា លោក Antonio Guterres ទៅដល់ប្រទេសកុងហ្គោ និងបានចុះទៅដល់តំបន់ដែលកំពុងតែមានការរាតត្បាតខ្លាំងដោយជំងឺអេបូឡា។ ពីទីកន្លែងនោះហើយ ដែលលោកប្រកាសថា បេសកម្មសហប្រជាជាតិ នឹងបន្តអាណត្តិមួយឆ្នាំទៀតនៅកុងហ្គោ ដើម្បីជ្រោមជ្រែងជួយកងទាហានមូលដ្ឋាន ហើយនិងជួយកុងហ្គោ ប្រឆាំងនឹងជំងឺអេបូឡា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៤
បេសកម្មភាពថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រចាំនៅកុងហ្គោ នឹងត្រូវផុតដាច់អាណត្តិ ត្រឹមចុងខែធ្នូ ឆ្នាំ២០១៩នេះ។ ក៏ប៉ុន្តែ ដោយសារយល់ឃើញលើស្ថានភាពតម្រូវការចំាំបាច់ជាក់ស្តែង, លោក Antonio Guterres បានសម្រេចបន្តអាណត្តិឱ្យបន្តឱ្យមួយឆ្នាំ នៅឆ្នាំ២០២០។ ចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិ, «ការបន្តបេសកម្មនៅទីនោះ គឺដើម្បីជួយស្តារប្រទេសកុងហ្គោ និងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកុងហ្គោ នៅលើគ្រប់វិស័យ ពិសេសផ្នែកសន្តិសុខសុវត្ថិភាព និងប្រយោជន៍ផ្នែកនយោបាយនៅក្នុងស្រុក»។
នៅកុងហ្គោ, អង្គការសហប្រជាជាតិ បានចុះបំពេញបេសកម្ម ប្រមាណ២០ឆ្នាំមកហើយ។ នៅទីនោះ កិច្ចការសំខាន់ គឺថែរក្សាសន្តិភាព ការពារសន្តិសុខក្នុងតំបន់ និងប្រឆាំងនឹងអំពើភេរវកម្ម ដែលមានកងកម្លាំងទ័ពមួកខៀវ ប្រមាណ ១ម៉ឺន ៦ពាន់នាក់ និងដែលត្រូវចាយកញ្ចប់ថវិកា អស់ជាង ១ពាន់លានដុល្លារ។
ក្នុងការប្រយុទ្ធ ការវាយប្រហារ និងការប៉ះទង្គិចគ្នា រវាងកងកម្លាំងឈរជើងនៅកុងហ្គោ ជាមួយក្រុមកងជីវពល ADF និងក្រុមឧទ្ទាម ផ្តាច់ខ្លួន គឺបានសម្លាប់ជីវិតមនុស្ស ជាច្រើននាក់។ បើគិតចាប់ពីឆ្នាំ២០១៤មក កងកម្លាំងរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស្លាប់អស់ ជាង ១ពាន់ ៦រយនាក់ ហើយទាហានមួកខៀវ របស់អង្គការសហប្រជាជាតិ ក៏បានបាត់បង់ជីវិត ជិត៣០នាក់ ផងដែរ។
ក្រៅពីបេសកម្មរក្សាសន្តិភាព! អង្គការសហប្រជាជាតិនៅកុងហ្គោ មានភារកិច្ចសំខាន់មួយទៀត គឺជួយប្រយុទ្ធប្រឆាំង និងព្យាបាលអ្នកជំងឺពីមេរោគអេបូឡា។ ជំងឺអេបូឡា បានសម្លាប់ពលរដ្ឋកុងហ្គោ អស់ជាង ២ ០០០ នាក់ ដែលភាគច្រើន ជាស្ត្រី និងកុមារ។ ជំងឺនេះ បានស្ងប់ស្ងាត់ទៅវិញបន្តិចមែន ក្នុងរយៈពេលចុងក្រោយនេះ ក៏ប៉ុន្តែវានៅតែបន្តកើតមាន និងបានសម្លាប់មនុស្សរៀងរាល់ថ្ងៃ នៅកុងហ្គោ។
ជាក់ស្តែង នៅក្រុងតូចមួយឈ្មោះ ម៉ង់តាហ្គោ ភាគខាងកើតកុងហ្គោ, ក្រុមគ្រូពេទ្យ បានធ្វើតេស្តពិនិត្យមេរោគអេបូឡា ទៅលើមនុស្ស ៦០៦នាក់ ហើយក្នុងនោះ ឃើញមានមនុស្សដល់ជិតពាក់កណ្តាលទៅហើយ ដែលកំពុងតែមានផ្ទុកមេរោគអេបូឡា នៅក្នុងខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ