កុងហ្គោ៖ មេរោគអេបូឡា ផ្តាច់ជីវិតមនុស្ស១០០នាក់ ក្នុងរវាង៣សប្តាហ៍ចុងក្រោយ
មេរោគអេបូឡា កំពុងតែលិចមុខឡើង និងគម្រាមសាជាថ្មី នៅក្នុងប្រទេសសាធារណៈរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ។ ប្រមាណមិនដល់៣សប្តាហ៍ចុងក្រោយនេះផង មានអ្នកជំងឺស្លាប់ ចំនួន១០០នាក់ បន្ទាប់ពីបានឆ្លងមេរោគនេះ។ ហើយបើគិតពីពេលដែលប្រទេសនេះ បានប្រកាសអាសន្ន នៅខែសីហា ឆ្នាំមុន គឺអ្នកស្លាប់បានកើនឡើងដល់ចំនួន៧០០នាក់ បើទោះបីជាមាន ប្រតិបត្តិការចាក់វ៉ាក់សាំងការពារក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅខែសីហា ឆ្នាំ២០១៨ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសអាសន្ន នៃជម្ងឺឆ្លងរាលត្បាត បណ្តាលមកពីមេរោគអេបូឡា។ មកទល់ពេលនេះ ករណីឆ្លង បានឡើងដល់១១១៧ករណី ហើយក្នុងនោះ អ្នកជំងឺ៧០២នាក់ បានស្លាប់ទៅហើយ។ ក្នុងរវាងជិត៣សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកជំងឺ ដែលបានស្លាប់ បានហក់ឡើង ដល់ទៅ១០០នាក់។ តែទន្ទឹមនឹងនេះ អ្នកដែលបានជាសះស្បើយឡើងវិញ មានចំនួន ៣៣៩នាក់។ នេះបើតាមតួលេខ ផ្តល់ឲ្យដោយក្រសួងសុខាភិបាលកុងហ្គោ។
យោងតាមតួលេខក្រសួងដដែល មានករណីឆ្លង ចំនួន២៩៥ករណី កំពុងស្ថិតក្នុងការតាមដានខ្ពស់។ ជំងឺរាតត្បាតនេះ ត្រូវបានក្រសួងសុខាភិបាលប្រទេសនេះ ប្រកាសនៅខេត្តភាគខាងជើងចំនួន២ គឺខេត្តគីវូ និងខេត្តអ៊ីទូរី។ បន្តែយ៉ាងឆាប់រហ័ស ការឆ្លងបានរីករាលដាល ពីទីជនបទ ចូលទៅកាន់ទីប្រជុំជនធំ ដូចជានៅទីក្រុង បេនី និងទីក្រុង ប៊ូតេមបូ កាតវ៉ា។ តំបន់ទាំងនេះ គឺជាតំបន់ ដែលមានមនុស្សធ្វើដំណើរទៅមកច្រើន ហើយវាគឺជាប្រភពមួយ នៃការឆ្លងរាតត្បាតនៃមេរោគ។
សូមបញ្ជាក់ថា មេរោគអេបូឡា បានលេចមុខនៅឆ្នាំ២០១៤ នៅតាមបណ្តាលប្រទេសអាហ្វ្រិកភាគខាងលិច ដូចជា សេរ៉ាឡេអូន ហ្គីណេ លីបេរីយ៉ា ជាដើម។ ក្នុងរយៈពេលយ៉ាងលឿន មេរោគ ដែលបង្កឲ្យមានជំងឺគ្រុនក្តៅខ្លាំងរហូតដាច់សរសៃឈាមនេះ បានផ្តាច់ជីវិតមនុស្សប្រមាណ១ម៉ឺននាក់។
សម្រាប់សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ រដ្ឋាភិបាលប្រទេសនេះ បានសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការUnicef ដោយបានធ្វើប្រតិបត្តិការ ចាក់វ៉ាក់សាំងសាកល្បង ដល់មនុស្សប្រមាណ៩ម៉ឺន៥ពាន់នាក់។
តែយ៉ាងណាបញ្ហាជំនឿទុកចិត្ត លើអាជ្ញាធរ លើវិស័យសុខាភិបាល និងទៅលើវិទ្យាសាស្ត្រ នៅមានកំរិតទាបបំផុត សម្រាប់ប្រទេសអាហ្វ្រិកក្រីក្រមួយនេះ។ យោងតាមស្ថិតិមួយ បានឲ្យដឹងថា ក្នុងចំណោមប្រជាជនកុងហ្គោ រស់នៅតាមទីក្រុងធំៗ ដូចជាទីក្រុងបេនី ឬប៊ូតេមបូ ១០០០នាក់ គឺមានតែ១ភាគ៣ទេ ដែលអះអាងថាខ្លួនទុកចិត្តអាជ្ញាធរសុខាភិបាល។ ក្រៅពីនេះ លើសពី១ភាគ៣ គឺមិនជឿផងទេ ថាមានមេរោគអេបូឡាពិតមែន។ ៣៦%នៃប្រជាជន ដែលគេស៊ើបសួរ បានលើកឡើងថា អេបូឡា គឺជាការប្រឌិត ដើម្បីធ្វើឲ្យប្រទេសមានចលាចលតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ