អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ បើក​ចំហរពី​​កំណែ​ទម្រង់​ការ​បោះឆ្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​មាន​ឈ្មោះ​ថា​ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា ​អ៊ី​រ៉ា​ ( ERA )​ បាន​ស្នើ​ដល់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ បើក​ចំហរ​លើ​ដំណើរ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។​ ទន្ទឹម​នឹង​នោះ ​ក្នុង​សន្និសីទ​កាសែត ​នៅ​​ព្រឹក​ថ្ងៃ​ទី​៧​តុលា​នេះ ​សង្គម​ស៊ីវិល ​ក៏​បាន​បង្ហាញ​នូវ​សេចក្តី​ស្នើ​ច្បាប់​ ស្តី​ពី​ ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​គជប។​ សេចក្តី​ស្នើ​ច្បាប់​នោះ ​បាន​តម្រូវ​ឲ្យ​មាន​ការ​ជ្រើស​រើស​សមាជិក​ថ្មី​របស់​គជប ​ទាំង​ ៩​ រូប​ ដោយ​បើក​ទូលាយ​ ព្រម​ទាំង​កំណត់​ពី​ការ​ផ្តល់​សិទ្ធិ​ពិសេស​ដល់​សមាជិក​គជប​ សម្រាប់​រៀប​ចំ​ការ​បោះ​ឆ្នោត។

ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ហៅកា​ត់ថា​ អ៊ីរ៉ា ​( ERA )​ បាន​បើក​សន្និសីទ​សារព័ត៌​មាន​​និយាយ​ពី​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​។
ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ហៅកា​ត់ថា​ អ៊ីរ៉ា ​( ERA )​ បាន​បើក​សន្និសីទ​សារព័ត៌​មាន​​និយាយ​ពី​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​។ @ly Meng Hour
ផ្សាយពាណិជ្ជកម្ម

 

តំណាង​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​ខាង​ការបោះឆ្នោត ឈ្មោះថា សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត បាន​ទទូច​ស្នើសុំ​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បើកចំហរ និង​ផ្តល់​លទ្ធផល​នៃ​កិច្ចចរចា​លើ​ដំណើរការ​កំណែ​ទម្រង់កា​របោះ​ឆ្នោត។ ដំណើរការ​ចរចា​លើ​កំណែទម្រង់​ការបោះឆ្នោត រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ត្រូវបាន​តំណាង​សង្គម​ស៊ីវិល លើកឡើង ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ធ្វើឡើង​ដោយ​​បិទទ្វារ ហើយ​លទ្ធផល​ក៏​មិន​ត្រូវបាន​ផ្សព្វផ្សាយ។

មន្ត្រីជាន់ខ្ពស់​ផ្នែក​ច្បាប់ និង​ព័ត៌មាន របស់​អង្គការ​ខុមហ្វ្រែល លោក សួន យុ​ធ្យា បញ្ជាក់ថា កាលពី​ថ្ងៃទី១២កញ្ញា សង្គម​ស៊ីវិល​បានដាក់​លិខិត១ ស្នើ​ទៅកាន់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​សង្កេតការណ៍ ឬក៏​ទទួលបាន​លទ្ធផល​នៃ​កិច្ចចរចា​លើ​កំណែទម្រង់​ការបោះឆ្នោត។ ប៉ុន្តែ​មកដល់​ថ្ងៃនេះ គណបក្ស​ទាំងពីរ មិនបាន​ឆ្លើយតប​អ្វី​ទេ។ តាម​សកម្មជន​ដដែល អង្គការ​សង្គម​ស៊ីវិល ចង់​ឲ្យ​បើកចំហ​រលើ​ដំណើរ​ការកែទម្រង់ការ​បោះឆ្នោត និង​មាន​តម្លាភាព​ក្នុងការ​ជ្រើសរើស​គជប​ថ្មី។

និយាយ​ពី​គជប នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សង្គម​ស៊ីវិល ក៏បាន​បង្ហាញ​សេចក្តីស្នើច្បាប់ ឬ​សេចក្តី​ព្រាងច្បាប់ ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ដែលមាន ៧ ជំពូក និង ៤៨ មាត្រា។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​សង្គម​ស៊ីវិល លើក​ឡើងថា មាន​គោលបំណង ដើម្បី​ធានា​ឲ្យ​មានការ​បង្កើត​បញ្ជី​ឈ្មោះ​ឆ្នោត​ថ្មី ដើម្បី​ធានា និង​ការពារ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាជន ស្វ័យភាព​ក្នុង​ការរៀបចំ​មន្ត្រី​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ និង​ការការពារ​ខាង​ផ្លូវច្បាប់ ចំពោះ​ការអនុវត្ត​តួនាទី​របស់​សមាជិក គជប ដូច​ការពារ​ផ្លូវច្បាប់​ចំពោះ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ចៅក្រម។

ជាការ​ឆ្លើយតប លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍​រាល់​ការលើកឡើង​របស់​សង្គម​ស៊ីវិល ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​អនុសាសន៍​ទាំង​នោះ ទៅ​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ការ​បើកចំហរ​ដំណើរ​ការកែទម្រង់ការ​បោះឆ្នោត អាស្រ័យ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​លោក ស៊ិ​ក​ប៊ុន​ហុក សមាជិក​រដ្ឋសភា ដែល​ស្ថិតក្នុង​ក្រុម​ការងារ​ចរចា បាន​មានប្រសាសន៍ថា ដំណើរការ​ចរចា​លើ​កំណែទម្រង់​បោះឆ្នោត រវាង​គណបក្ស​​ទាំងពីរ ជា​កិច្ចការ​ផ្ទៃក្នុង ដែល​មិនអាច​បើកទូលាយ​បានទេ។ ប៉ុន្តែ​នៅពេល​ក្រុមការងារ​គណបក្ស​ទាំងពីរ ជជែក​ចប់ នឹងមាន​វេទិកាសាធារណៈ ដើម្បី​បើកទូលាយ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់។

នៅពេលនេះ ក្រុមការងារ​គណបក្ស​ទាំងពីរ កំពុង​ដំណើរ​លើ​សេចក្តីព្រាងច្បាប់​គជប ដែល​សម្រាប់​បាន ៩០%ហើយ។ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា គណបក្ស​ទាំងពីរ នឹង​បញ្ចប់​លើ​ពង្រាងច្បាប់​គជប នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ