អានតួអត្ថបទ
កម្ពុជា

ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ដាក់​គជប​ ជា​ស្ថាប័ន​ធម្មនុញ្ញ ​នឹង​ត្រូវ​រដ្ឋ​សភា ​ប្រជុំ​អនុម័ត​ នៅ​ព្រឹក​ថ្ងៃ​ទី​១​តុលា

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ​បាន​សម្រេច​ថា ​បន្ទាប់​ពី​វិសម្ស​កាល​រយៈ​ពេល ​៣ ​ខែ​រួច​មក​ រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១​តុលា ​ដោយ​មាន​របៀប​វារៈ​ចំនួន ។ ក្នុង​នោះ ​រដ្ឋ​សភា ​នឹង​ពិភាក្សា ​និង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ធម្មនុញ្ញ ​ស្តី​ពី​ វិសោធន​កម្ម​ មាត្រា ​៧៦​ និង​មាត្រា​ទាំង​ឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ​ដល់​ជំពូក​ទី​១៦​ថ្មី ​នៃ​រដ្ឋ​ធម្មនុញ្ញ ​ពាក់​ព័ន្ធ​នឹង​គជប។​ ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​នោះ ​នឹង​បើក​ផ្លូវ​ឲ្យ​ឈាន​ដល់​ការ​ផ្លាស់​ប្តូរ​ គជប ​ដូច​អ្វី​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​២២​កក្កដា។

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ ទី​បំផុត​ទៅ ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​នយោបាយ​មួយ​ជំហាន​ទៀត ​លើ​ការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ ​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ គជប។​ នោះ​គឺ​សេចក្តី​ស្នើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​ស្តី​ពី​ វិសោធន​កម្ម​ មាត្រា​ ៧៦ ​និង​មាត្រា​ទាំង​ឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ​ដល់​ជំពូក​ទី​១៦​ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ ​ដែល​និយាយ​ពី​គជប​ នឹង​ត្រូវ​រដ្ឋ​សភា ​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​និង​អនុម័ត​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១​តុលា។

ការ​អនុម័ត​លើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ​ទាម​ទារ​អោយ​មាន​សំឡេង​គាំទ្រ​ ចំនួន​ ២​ ភាគ​ ៣​ នៃ​សមាជិក​រដ្ឋ​សភា ​សរុប​ ១២៣​ រូប។ ​ពោល​គឺ​គេ​ត្រូវ​ការ​សំឡេង​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ នៅ​រដ្ឋ​សភា ​ទើប​អាច​គ្រប់​ចំនួន​ ២ ​ភាគ​ ៣​ ស្មើ​នឹង​សំឡេង​អ្នក​តំណាង​រាស្ត្រ ​៨២​ រូប​ឡើង​ទៅ។ ​លទ្ធផល​បោះ​ឆ្នោត​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៣​ បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ ៦៨​ រូប​ និង​តំណាង​រាស្ត្រ ​៥៥​ រូប​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​តំណាង​រាស្ត្រ ​យ៉ែម​បុញ្ញឫទ្ធិ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​បារាំង​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ​ដែល​រដ្ឋសភា ​ត្រូវ​ប្រជុំ​អនុម័ត ​នៅ​ថ្ងៃ​ពុធ​នោះ ​និយាយ​ពី​សមាស​ភាព​ តួនាទី ​និង​រចនា​សម្ពន្ធ័​របស់​ គ ជ ប។ ​ការ​អនុម័ត​នោះ ​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ ​ព្រោះ​ក្រុម​ការងារ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ បាន​ពិភាក្សា​និង​ព្រាង​វិសោធនកម្ម​នោះ​ជាមួយ​គ្នា​ ស្រប​តាម​កិច្ច​ព្រម​ព្រៀង​រវាង​មេដឹក​នាំ​កំពូល​គណបក្ស​ទាំង​ពីរ​ កាល​ពី​ថ្ងៃ​ទី២២​កក្កដា។

លោក​ យ៉ែម ​បុញ្ញឫទ្ធិ ​បាន​បន្ថែម​ថា ​បន្ទាប់​ពី​អនុម័ត​លើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ​ពាក់ព័ន្ធ​នឹង​គជប ​នៅ​ថ្ងៃ​ពុធ​រួច​ហើយ ​រដ្ឋសភា​ត្រូវ​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ពីរ​ទៀត គឺ​ច្បាប់​រៀប​ចំ​គជប ​និង​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត។

លោក​ យ៉ែម ​បុញ្ញឫទ្ធិ ​បញ្ជាក់​ថា ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ព្រាង​រួម​គ្នា​រួច​ហើយ ​លើ​សេចក្តី​ស្នើ​ច្បាប់ ​ស្តី​ពី ​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គជ​ប។ ​នៅ​រសៀល​ថ្ងៃ​ចន្ទ ​ទី​២៩​កញ្ញា ​ក្រុម​ការងារ​ទាំង​ពីរ​ នឹង​ជួប​គ្នា ​នៅ​រដ្ឋសភា ​ដើម្បី​ប្រជុំ​សម្រេច។ ​ច្បាប់​ទាំង​ពីរ​នោះ ​អាច​នឹង​ចេញ​រួចរាល់​ នៅ​បំណាច់​ឆ្នាំ​២០១៤​នេះ។​ បន្ទាប់​មក ​ទើប​ឈាន​ដល់​ការ​ជ្រើស​រើស​សមាជិក​គជប​ ថ្មី​ ទាំង​ ៩​ រូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ