អានតួអត្ថបទ
ចិន

អតីត​មេ​ដឹកនាំ​យោធា​ចិន​លំដាប់​ទី​ពីរ ត្រូវ​បណ្តេញ​ចេញ​ពី​បក្ស​ ក្រោម​ផ្លាក​​​ពុក​រលួយ

យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ បញ្ជា​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​រក​ឃើញ​មុខ​ជន​រង​គ្រោះ​ថ្មី​បន្ថែម​ទៀត​ហើយ ! មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​យោធា​​បួន​នាក់​ ក្នុង​នោះ​ម្នាក់​ជា​ឧត្តមសេនីយ៍​ចូល​និវត្តន៍ទៅ​ហើយ​ ឈ្មោះ ស៊ូ កៃហ៊ូ (Xu Caihou) ដែល​ជាប់​ចោទ​ប្រើ​អំណាច​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ត្រូវ​​បាន​បណ្តេញ​ពី​ជួរ​បក្ស​កម្មុយនិស្ត​ បក្ស​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ចិន។ ក្នុង​រយៈ​ពេល​៦​ខែ​ចុងក្រោយ​នេះ មន្ត្រី​ជាន់ខ្ពស់​ចិន​១៦​នាក់​បាន​ខ្ទាត​ចេញ​ពី​តំណែង​ និង​កំពុង​រង់ចាំ​ការ​កាត់ទោស។ សារព័ត៌មាន​ផ្លូវការ​ចិន ចេញ​ផ្សាយ​ថ្ងៃ​ទី ១​កក្កដា​នេះ បាន​សម្តែង​មោទនភាព​យ៉ាង​ខ្លាំង​ ចំពោះ​ភាព​ដាច់ខាត​របស់​បក្ស​កុម្មុយនិស្ត ដែល​ចង់​លុប​បំបាត់​ឱ្យ​អំពើពុករលួយ។

Xu Caihou អតីត​អនុប្រធាន​គណៈកម្មការយោធា​មជ្ឈិម​បក្ស​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​ ក្នុង​បទ​ពុក​រលួយ​
Xu Caihou អតីត​អនុប្រធាន​គណៈកម្មការយោធា​មជ្ឈិម​បក្ស​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​ ក្នុង​បទ​ពុក​រលួយ​ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ មាន​ទម្រង់​ដូច​ជា​ការ​បោស​សម្អាត​នយោបាយ។ ជនរងគ្រោះ​បួន​នាក់​ចុងក្រោយ​នេះ ជា​ភស្តុតាង​បញ្ជាក់​អំពី​មហិទ្ធិរិទ្ធិ​របស់​លោក ស៊ីជីនពីង ក្នុង​​​ការ​គាស់​រំលើង​ ទាត់​បណ្តេញ​ចោល​ ទាំង​​មន្ត្រី​តូច​ មន្ត្រី​ធំ​ ​ បោស​សម្អាតឱ្យ​ខ្ទេច​ ​ អំពើ​ពុក​រលួយ ដែល​ ស៊ីរូង​​​ក្នុង​​ជួរ​បក្ស​កុម្មុយនិស្ត។ បក្ស​នយោបាយ​ដ៏​ធំ​ជាង​គេ​បំផុត នៅ​លើ​ពិភពលោក​ និង​ដែល​មាន​អាយុ​៩៣​ឆ្នាំ​គត់ នៅ​ថ្ងៃ​ទី ១​កក្កដា​២០១៤​នេះ។

បណ្តេញ​ឧត្តមសេនីយ៍ចូល​និវត្តិន៍​ ស៊ូ កៃហ៊ូ ចេញ​ពី​បក្ស គឺ​ដូច​ជា​បាន​ច្រាន​ខ្លា​​មួយ​ចេញ​ពី​មុខ​ពី​មាត់ ព្រោះរហូត​មក​ទល់​នឹង​ឆ្នាំ ២០១៣ លោក​ស៊ូ គឺ​ជា​អនុប្រធាន​គណៈកម្មការយោធា​មជ្ឈិមបក្ស​កុម្មុយនិស្តនិង​ជា​សមាជិកជាន់​ខ្ពស់​​នៃ​​ការិយាល័យ​នយោបាយបក្ស​​ ស្ថាប័ន​កំពូល​របស់​អំណាច​ចិន​ដែល​មាន​​គ្នា​តែ​​២៥​នាក់។ គិត​ចាប់​តាំង​ការ​កកើត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ឆ្នាំ​១៩៤៩ មក លោកស៊ូ គឺ​ជា​មន្ត្រី​យោធា​ មាន​ឋាន្តរសក្តិ​ខ្ពស់​ជាង​បំផុត​ដែល​ជាប់​អង្កេត​ក្នុង​សំណុំ​រឿង​​​អំពើ​ពុក​រលួយ។

បើ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​រដ្ឋ លោក ស៊ូ ដែល​​ជាប់​ចោទ​ពី​បទ​​ប្រើ​អំណាច ដើម្បី​ប្រយោជន៍​ក្រុមគ្រួសារ​​សាច់​ញាតិ និង​បាន​ទទួល​ប្រាក់​សំណូក​ ជា​ថ្នូរ​នឹង​ការ​តំឡើង​យសសក្តិ​ ត្រូវ​បណ្តេញ​ចេញ​ពី​បក្ស (ទោស​ដ៏​ធ្ងន់​បំផុត​នៅ​ចិន) ហើយ​សំណុំ​រឿង​ចោទ​ប្រកាន់​នេះ​​បាន​បញ្ជូន​រួច​ជា​ស្រេច​ទៅ​តុលាការ​យោធា​ ដើម្បី​កាត់​ទោស។

មាន​អាយុ​៧១​ឆ្នាំ អតីត​បុរស​ខ្លាំង​ទី​ពីរ​នៃ​យោធា​ចិន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី ១៥​មីនា​២០១៤ ពី​មន្ទីរ​ពេទ្យ​ ទី​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​មហារីក​ផ្លោក​នោម។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ថ្នាក់​ដឹកនាំ​ចិន​ បាន​អះអាង​ថា​នឹង​គ្មាន​ការ​យោគយល់ ឬ ការ​បន្ធូរ​បន្ថយ​ទោស ចំពោះ​បុគ្គល​ដែល​រំលោភ​គោលការណ៍​បក្ស។

សម្រាប់​អ្នក​វិភាគ ការ​ដាក់​ទោស​មន្ត្រី​មាន​ជំងឺ​មហារីក​កំរិត​ធ្ងន់ធ្ងរ​ដូច្នេះ គឺ​ជា​ សារ​ព្រមាន​​ ដ៏​សំខាន់​មួយ​សម្រាប់​​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត ជា​ពិសេស​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ​យោធា ដែល​ល្បី​ខាង​ពុក​រលួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ