អានតួអត្ថបទ
ចិន

ជាប់​​គុក​៦ឆ្នាំ​កន្លះ​ពី​បទ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចិន

យ៉ាង​ហោច​ណាស់​ មាន​សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ចិន​២នាក់​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៦ឆ្នាំ​កន្លះ និង​ម្នាក់​ទៀត​៣ឆ្នាំ។​ ​ បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​សកម្មជន​ទាំង​៣នាក់​នេះ​​ រដ្ឋា​ភិបាល​ចិន​កំពុង​ធ្វើ​ការ​រឹត​បន្តឹង​​ កៀប​សង្កត់​ទៅ​លើ​សកម្មជន​នានា​ ដែល​ហ៊ាន​រិះ​គន់​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន។

សកម្មជនទាមទារឲ្យដោះលែងលោក​ ស៊ូ ជីយុង ជាមេធាវីនិងសកម្មជនការពារសិទ្ធិមនុស្សនិងប្រឆាំងអំពើរពុករលួយ នៅមុខតុលាការក្រុងប៉េកាំង
សកម្មជនទាមទារឲ្យដោះលែងលោក​ ស៊ូ ជីយុង ជាមេធាវីនិងសកម្មជនការពារសិទ្ធិមនុស្សនិងប្រឆាំងអំពើរពុករលួយ នៅមុខតុលាការក្រុងប៉េកាំង RFI/Stéphane Lagarde
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩​មិថុនា​នេះ​ តុលាកា​រខេត្ត​ជាំងស៊ី ភាគ​កណ្តាល​ប្រទេស​ចិន​ បាន​ធ្វើ​ការ​កាត់​ទោស​សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយ​៣នាក់ ដោយ​ពីរ​នាក់​ជាប់​ទោស​៦ឆ្នាំ​កន្លះ និង​ម្នាក់​ទៀត​៣ឆ្នាំ។ សកម្មជន​ទាំង​បី​នាក់​ ត្រូវ​បាន​តុលាកា​ផ្តន្ទា​ទោស​ពី​បទ​ ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​  បញ្ឆេះ​កំហឹង​ និង​បង្ក​ចលាចល​សង្គម។ សកម្មជន​ទាំង​បី​នាក់​នេះ​ បាន​ធ្វើ​សកម្មភាព​ទាមទារឲ្យ​មាន​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ចិន​ ដោយ​បាន​ថត​រូប​ខ្លួន​ឯង។ ក្នុង​រូប​នោះ​ ពួក​គេ​បាន​លើក​គ្រវី​បដា​ ដោយ​មាន​សរសេរ​​ថា​​ “អ្នក​ដឹក​នាំ​នយោបាយ​ត្រូវ​តែ​​ប្រកាស​ទ្រព្យ​សម្បត្តិរបស់​ខ្លួន​ ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ”   ។

 
យោង​តាម​សម្តី​របស់​លោក​មេធាវី​ការពារ​សកម្មជន​ទាំង​បី​  កូន​ក្តី​លោក​នឹង​មិន​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ទេ  ព្រោះ​ថា​វា​គ្មាន​ប្រយោជន៍។ នរណាៗ​ក៏​ដឹង​ដែរ​ថា​ តុលាកាឧទ្ធរណ៍​នឹង​សម្រេច​សេចក្តី​យ៉ាងណា​  ព្រោះ​អ្វីៗ​ត្រូវ​បាន​សម្រេច​ដោយ​នយោបាយ​ថ្នាក់​លើ​រួច​ជា​ស្រេច​ទៅ​ហើយ។

 
គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​ បាន​សន្យា​ថា​នឹង​លុប​​បំ​បាត់​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​ ​នឹង​មិន​អត់​ឱន​ចំពោះ​មន្ត្រី​ណា​ទាំង​អស់​ ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ការ​ឃោសនា​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព៌តមាន​ចិន​ប្រកាស​យ៉ាង​ទូលំ​ទូលាយ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ការ​អនុវត្តន៍​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នៅ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ មិន​ទូលំ​ទូលាយ ​ពោល​គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ​មន្ត្រី​តូច​តាច​មួយ​ចំនួន​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ​ ការ​កាត់​ទោស​អ្នក​សកម្មជន ​ដែល​ទាមទារ​ឲ្យ​មាន​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ទាំង​បីនាក់​នេះ​ ​​ ស​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត ​អំពី​នយោបាយ​ប្រជាភិថុតិ​របស់​បក្ស​កុម្មុយនីស្ត​ចិន  ផ្ទុយ​ស្រឡះ​អំពី​អ្វី​ដែល​ខ្លួន​បាន​សន្យា។

គួរ​រំលឹក​ថា​  កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​  តុលាការ​ចិន​បាន​ផ្តន្ទាទោស​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ ​និង​ជា​សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​សំខាន់​មួយ​រូប​ ឲ្យ​ជាប់​គុក​៤ឆ្នាំ។  កាល​ពី​អំឡុង​ឆ្នាំ​២០១៣  លោក​សាស្ត្រាចារ្យ​រូប​នេះ​ បាន​បង្កើត​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា “ចលនា​ប្រជា​ពលរដ្ឋ​ថ្មី”។  ចលនា​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ប្រមូល​ផ្តុំ​សកម្មជន​នានា​ដែល​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​​ និង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​សង្គម​ចិន។ ក្រៅ​ពី​ការ​ចាប់​ខ្លួន​គាត់​  អាជ្ញាធរ​ចិន​បាន​បន្ត​ចាប់​ខ្លួន​សកម្មជន​ជាង​១០នាក់​ផ្សេង​ទៀត​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤។  ទាំង​នេះ​ មិន​មែន​មាន​ន័យ​ថា​រដ្ឋា​ភិបាល​ចិន​មិន​អត់ឱន​ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុល​រលួយ​ទេ​  តែ​មាន​ន័យ​ថា​រដ្ឋា​ភិបាល​ចិន​ នឹង​មិន​អត់ឱន​ចំពោះ​បុគ្គល​ណា ​ដែល​ហ៊ាន​ធ្វើ​ការ​បរិហារ​អំពើ​ពុក​រលួយ​ រឺ​រិះគន់​រដ្ឋា​ភិបាល​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ