អានតួអត្ថបទ
ចិន

តុលាការ​ឧទ្ធរណ៍​ចិន​រក្សា​ការផ្តន្ទាទោស​សកម្មជន​ដែល​ធ្វើការ​ប្រឆាំង​អំពើ​ពុករលួយ

សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ចិន​ម្នាក់​ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​ទាត់ចោល​ពាក្យ​បណ្តឹង ដោយ​រក្សា​ការថ្កោលទោស​របស់​តុលាការ​ដំបូង។ នៅថ្ងៃ​សុក្រ​ទី ១១​មេសា លោក​ស៊ុយ ហ្សីយុង ដែល​គេស្គាល់​ច្រើន តាមរយៈ​ការនិយាយ​បើក​កកាយ​អំពើ​ពុករលួយ របស់​ថ្នាក់​ដឹកនាំ​ចិន ត្រូវ​តុលាការ​ដំបូង​ក្រុង​ប៉េកាំង​ផ្តន្ទាទោស​ពី​បទ​ជួបប្រជុំ​ដោយ​ខុសច្បាប់ សំដៅ​បង្ក​អសណ្តាប់ធ្នាប់​សង្គម។

មេធាវី​របស់​លោក​ស៊ុយ ហ្សីយុង (ខាងស្តាំ)​ពេល​បង្ហាញ​សាលក្រម​ដល់​អ្នកកាសែត នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ប៉េកាំង នៅថ្ងៃ​ទី ១១​មេសា ២០១៤
មេធាវី​របស់​លោក​ស៊ុយ ហ្សីយុង (ខាងស្តាំ)​ពេល​បង្ហាញ​សាលក្រម​ដល់​អ្នកកាសែត នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ប៉េកាំង នៅថ្ងៃ​ទី ១១​មេសា ២០១៤ © REUTERS/Petar Kujundzic
ផ្សាយពាណិជ្ជកម្ម

 

លោក​ស៊ុយ ហ្សីយុង (Chuy ហ្សីយុង) ជា​គ្រូ​សកលវិទ្យាល័យ និងជា​ស្ថាបនិក​​ចលនា​ប្រជាជន​ថ្មី។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន បន្ទាប់​ពី លោក​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន​មាន​តម្លាភាព បង្ហាញ​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន ជាសាធារណៈ។ កាលពី​ខែ​មករា តុលាការ​​ដំបូង​បាន​ផ្តន្ទាទោស​លោក​ស៊ុយ ហ្សីយុង ឲ្យ​ជាប់​ពន្ធនាគារ​បួនឆ្នាំ ក្នុង​បទល្មើស​បង្ក​អសណ្តាប់ធ្នាប់​សង្គម។ លោក​ស៊ុយ ហ្សីយុង​បាន​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ដោយសារ​មិន​ពេញចិត្ត​នឹង​សាលក្រម​តុលាការ​ដំបូង​ក្រុង​ប៉េកាំង។

ប៉ុន្តែ មេធាវី របស់​លោក​ស៊ុយ បាន​និយាយប្រាប់​អ្នកកាសែត នៅក្រៅ​បន្ទប់​តុលាការ​ថា តុលាការ​ឧទ្ធរណ៍​នៅ​បន្ត​រក្សា​សាលក្រម​របស់​តុលាការ​ដំបូង ដោយ​រក្សា​ការចោទប្រកាន់​លើ​កូនក្តី​របស់​លោកដដែល។ តាមមេធាវី​របស់​លោក​ស៊ុយ នៅក្នុង​បន្ទប់​សវនាការ លោក​ស៊ុយ​បាន​ស្រែក​ក្តែងៗ នៅ​មុខ​ចៅក្រម​ថា ការសម្រេច​របស់​តុលាការ​ឧទ្ធរណ៍ ជា​រឿង​ដែល​មិន​ត្រឹមត្រូវ និង​មិនអាច​ទប់ស្កាត់​រលក​រីកចម្រើន​បញ្ញា​របស់​ប្រជាជន​ចិន​បាន​ទេ។ អំពើផ្តាច់ការ​កុម្មុយនិស្ត​នឹង​រលំរលាយ នៅពេល​ដែល​ពន្លឺ​នៃ​សេរីភាព និង​យុត្តិធម៌​នឹង​រះ​ឡើង នៅ ភាគខាងលិច​ប្រទេស​ចិន។

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំមកនេះ លោក​ស៊ុយ ហ្សីយុង​បាន​បង្កើត​បណ្តាញ​សង្គម​មិន​ផ្លូវការ​មួយ និង​រៀបចំ​ការជួប​ប្រជុំគ្នា ដើម្បី​និយាយ ពិភាក្សា​គ្នា​ពី​បញ្ហា​សង្គម ការទទួល​បាន​ការអប់រំ និង​អំពើពុករលួយ​របស់​ថ្នាក់ដឹកនាំ​ចិន។ ប៉ុន្តែ សកម្មភាព​ជួប​ប្រជុំ​របស់​ចលនា​លោក​ស៊ុយ មិន​អាច​រំលង​ភ្នែក​ពី​អាជ្ញាធរ​ចិន​បាន​ទេ។ លោក​ស៊ុយ និង​សកម្មជន​ជាង​១០​នាក់ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន នៅ​ដើម​ឆ្នាំនេះ។ នៅក្នុង​សប្តាហ៍នេះ សកម្មជន​បីនាក់​របស់ក្រុម​លោក​ស៊ុយ​កំពុង​ត្រូវ​តុលាការក្រុង​ប៉េកាំង​បើក​សវនាការ​ជំនុំជម្រះ និង​អាច​ប្រឈម​នឹង​ការដាក់ទោស​ជាប់​ពន្ធនាគារ​​៥​ឆ្នាំ។

អង្គការ​ការពារ​សិទ្ធិមនុស្ស ដូចជា​Amnesty International បាន​បរិហារ​សាលក្រម​របស់​តុលាការ​​ឧទ្ធរណ៍​ចិន ដោយ​ថា វា​បាន​ធ្វើឡើង ផ្ទុយទៅ​នឹង​ឆន្ទះ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចិន។ ជាង​មួយឆ្នាំ​មកហើយ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្តេជ្ញា​ធ្វើ​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ នៅគ្រប់​ជួរ​ថ្នាក់ដឹកនាំ​របស់​បក្ស។ ប៉ុន្តែ យុទ្ធនាការ​របស់​លោកស៊ី មាន​និយាយ​ច្រើន​តែ​នៅក្នុង​ការផ្សព្វផ្សាយ ប៉ុន្តែ ការអនុវត្ត​ជាក់ស្តែង នៅ​មាន​តិចតួចណាស់។ នេះ​បើតាម​អ្នកជំនាញការ។ សូម​បញ្ជាក់ថា នៅក្នុង​ប្រទេស​​ចិន រឿង​ទ្រព្យសម្បត្តិ របស់​មេដឹកនាំចិន និង​ក្រុមគ្រួសារ មិនត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើន។ កាសែត​ក្នុង​ស្រុក​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​លើក​និយាយ ឬ​ចោទសួរ​ពី​ទ្រព្យ​សម្បត្តិ​របស់​ថ្នាក់ដឹកនាំ។ អ្នកកាសែត​អាមេរិក​ដូចជា​របស់​New York times និង​Bloomberg ត្រូវ​បាន​ហាម​មិន​ឲ្យ​ជាន់​ទឹកដី​ចិន បន្ទាប់​ពី​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងពី​បាន​ចុះផ្សាយ​ពី​ទ្រព្យ​សម្បត្តិ និង​ជំនួញរកស៊ី​របស់​ក្រុមគ្រួសារ​របស់​អតីត​នាយករដ្ឋមន្រ្តី​ចិន វេន ជាប៉ាវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ