អានតួអត្ថបទ
កម្ពុជា

​តុលាការ​កាត់ទោស​អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់​ពី​រឿង​ពុករលួយ

បន្ទាប់ពី​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ​ចោទប្រកាន់ កាលពី​ចុង​ឆ្នាំ២០១០ ក្នុងករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ លោកតុប ច័ន្ទសិរីវុធ អតីត​ព្រះរាជអាជ្ញា​តុលាការ​ខេត្តពោធិ៍សាត់​ត្រូវបាន​សាលា​ដំបូង​​ខេត្ត​​ពោធិ៍សាត់ សម្រេច​​ផ្តទ្ទា​ទោស នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី ១២​ឧសភា​នេះ​អោយ​ជាប់​ពន្ធនាគារ​ចំនួន១៩ឆ្នាំ។ ចំណែកគូកន​លោកបីនាក់​ផ្សេងទៀត អ្នកខ្លះ​ត្រូវជាប់​ពន្ធនាគារ​១៨​ឆ្នាំ ១៦ឆ្នាំ និង​១៥​ឆ្នាំ។ អង្គភាព​ ប្រឆំាង​​អំពើ​ពុករលួយ ជា​ដើមបណ្តឹង​បាន​ស្វាគម​ចំពោះ​ការសម្រេច​​របស់​តុលាការនេះ។ សំណុំរឿង​ពុករលួយ​របស់​លោក តុប ច័ន្ទសិរីវុធ ជា​ករណី​ធំមួយ ក្នុង​ចំណោម​បទល្មើស​ពុករលួយ​ធំៗ ចំនួន​២ ដែល​អង្គភាពប្រឆំាង​អំពើ​ពុក​រលួយ​បាន​បញ្ជួន ទំាង​ជន​ល្មើស និង​ភស្តុតាង​ទៅ​អោយ​​តុលាការ។

©
ផ្សាយពាណិជ្ជកម្ម

តុលាការ​ខេត្តពោធិ៍សាត់​បាន​កំណត់​បទ​ចោទប្រកាន់​លោក តុប ច័ន្ទសិរីវុធ​ចំនួន​ពីរ​ករណី។ ទី១ លោក​ត្រូវជាប់ចោទ​ពី​បទ​ចាប់ជំរិត​បង្ខាំង​មនុស្ស​ទារប្រាក់ និង​ទី២ គឺ​ការប្រព្រឹត្តអំពើ​ពុករលួយ ស៊ី​សំណូក​សូកប៉ាន់ នៅក្នុង តួនាទី​របស់លោក ពេលធ្វើជា​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​​ពោធិ៍សាត់។ តាមកំហុស​ទំាងពីរ​ករណីខាងលើ​នេះ សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ បាន​សម្រេច​ផ្តន្ទា​ទោស​អតីត​ព្រះរាជអាជ្ញា​រូបនេះ អោយជាប់​ពន្ធនាគារ​ចំនួន ១៩ឆ្នាំ។

 
ចំណែកគូកន​របស់​លោក ចំនួន​បីនាក់​ផ្សេងទៀត ត្រូវជា​ប្អូនថ្លៃ ជាអង្គរក្ស និងជាអ្នកបើក​ឡាន​​អោយ​​លោក​​ អ្នកទំាងបី​ក៏​ត្រូវ​តុលាការ​ចោទប្រកាន់ ក្នុង​ករណី​ចាប់ជំរិត ​បង្ខំាង​​មនុស្សទារ​ប្រាក់​ផងដែរ។ ពួកគេម្នាក់ៗ មាន​អ្នក​ខ្លះត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ១៨ឆ្នាំ ១៦ឆ្នាំ និង​ទាប​បំផុត​១៥​ឆ្នាំ។ តុលាការ​ក៏បាន​បញ្ជា​អោយ​ជនជាប់ទោស​ទំាងបួន​នាក់​ខាង​លើ​ សង​សំណង​ជា​ប្រាក់​ចំនួន ៤លានរៀល​ទៅអោយជនរង​គ្រោះ​ផង​ដែរ។

លោក តុប ច័ន្ទសិរីវុធ និង​កូគន​ត្រូវបាន​ស្ថាប័ន​ប្រឆំាង​អំពើពុករលួយ សហការ​ជាមួយ​សមត្ថកិច្ច ចាប់ខ្លួន​បញ្ជួនទៅ​តុលាការ កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១០ ពោលគឺ​ក្រោយពេល​តែ​ប៉ុន្មាន​ខែ បន្ទាប់​ពី​ស្ថាប័ន​ប្រឆំាង​អំពើ​ពុករលួយ​បានបង្កើត​ឡើង។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆំាង​អំពើពុករលួយ​បាន​ប្រាប់​វិទ្យុបារំាង​អន្តរជាតិ ក្រោយ​តុលាការ​សម្រេចកាត់ក្តី​លោក តុប ច័ន្ទសិរីវុធ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះថា លោក​ស្វាគមការសម្រេច​របស់​តុលាការ​នេះ ជា​ការសម្រេច​ស្របតាម ការរកឃើញ​កំហុស​លោក​តុប ច័ន្ទ​សិរីវុធ របស់​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ​ផងដែរ។

ករណី​ប្រព្រឹត្តអំពើ​ពុករលួយ របស់អតីតព្រះរាជអាជ្ញា​តុលាការ​ខេត្តពោធិ៍សាត់ លោក តុប​ ច័ន្ទ​សិរីវុធ គឺ​ជាករណី​មួយ ក្នុង​ចំណោម​ការបង្ក្រាប​បទល្មើស​ពុករលួយធំៗ ចំនួនពីរ ដែលអង្គភាព​ប្រឆំាង​អំពើពុករលួយ​បាន​បញ្ជួន​ទៅ​តុលាការ។

បទល្មើស​ទី២ ក្នុងសំណុំរឿង​ពុករលួយ​ គឺជាករណី​ជួញដូរ​គ្រឿងញៀន។ ក្នុង​សំណុំរឿង​ពុករលួយទី២​នេះ បាន​ធ្វើ​អោយ​​មន្រ្តី​នគរបាល ថ្នាក់​ឧត្តមសេនីយ និង​ស្នងការ​ខេត្ត ស្នងការរង ខេត្ត​បន្ទាយមានជ័យ​កំពុងជាប់ឃុំ។ ក្នុង​សំណុំរឿងទី២​នេះ​មហាជន​ក៏​កំពុង​រង់ចំាមើល​ការផ្តន្ទាទោស​ជនជាប់ចោទ​ផងដែរ។

លោក​​ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ​បាន​អោយដឹងថា រហូតមកដល់​ពេលនេះ មាន​ពាក្យ​បណ្តឹង ប្តឹង​ករណី​ពុករលួយ​ជាង ១០០ករណី កំពុង​ស្ថិតនៅ ក្នុង​ដៃអង្គភាព​របស់​លោក។ ប្រធាន​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ ជាស្ថាប័ន​ដែល​គណបក្ស​ប្រឆំាង​មិនជឿជាក់​អះអាង​ថា ជនល្មើស​ពុករលួយផ្សេង​ទៀត ក៏នឹង​ត្រូវចាប់ខ្លួន​ យកទៅ​ផ្តន្ទាទោស​ផងដែរ បើ​សិន​ស្ថាប័ន​របស់លោក​​រក​​ឃើញ​កំហុសរបស់ពួក​គេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ