អានតួអត្ថបទ
កម្ពុជា

សភា​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដំឡើង​អំណាច​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ

ក្នុងពេល​ច្បាប់​ប្រឆំាង​អំពើ​ពុករលួយ​កំពុង​បញ្ចេញ​ឥទ្ឋិពល​បង្រ្កាប ​បទល្មើស​ពុករលួយ​គួរអោយ​ចាប់អារម្មណ៍ មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ពី​ការ​ធ្វើ​ វិសោធនកម្ម​ច្បាប់នេះ​ លើ​ចំណុច​មួយចំនួន​ ដើម្បី​អោយ​អង្គភាព​ប្រឆំាង​អំពើពុករលួយ​ មាន​កម្លំាង កាន់តែ​​ខ្លំាង​ក្នុង​ការ​បង្រ្កាប​បទល្មើស​ពុករលួយ។ តែ​គណបក្ស​សម រង្ស៊ី​ថា​គ្មានន័យ ព្រោះច្បាប់​ប្រឆំាង​​អំពើ​ពុករ​លួយ​មិនអាចគាស់​រម្លើង​បទល្មើស​ ពុករលួយធំៗបានឡើយ។

ផ្សាយពាណិជ្ជកម្ម

02:55

សេចក្តីរាយការណ៍​របស់ អ៊ឹម ណាវិន ពីភ្នំពេញ

១១ខែ​បន្ទាប់ពី​ប្រកាស​អោយ​ប្រើប្រាស់ ច្បាប់​ប្រឆំាង​អំពី​ពុករលួយ​ដ៏​សំខាន់ ដែល​បាន​បញ្ចេញ​ឥទ្ឋិពល​បង្រ្កាប​បទល្មើស​មួយចំនួន ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដូចជា​ករណី​ជួញដូរ​គ្រឿងញៀន​ បទល្មើស​ព្រៃឈើ ដែល​ធ្វើ​អោយ​មន្រ្តី​ធំៗ​ជាច្រើន​រូប​ធ្លាក់​បុណ្យស័ក្តិ និង​កំពុង​ជាប់ឃុំ​នោះ ពេលនេះ ច្បាប់​ប្រឆំាង​អំពើ​ពុករលួយ​នឹង​​ត្រូវ​ធ្វើ​វិសោធនកម្ម​លើ​ចំណុច​មួយចំនួន។ ជា​វិសោធនកម្ម​ ដើម្បី​ប្រសិទ្ធិភាព​​​និង​ឯករាជ្យ​ របស់​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ​ អោយ​កាន់តែ​ខ្លំាង​​​ថែមទៀត​ ក្នុងការ​ប្រយុទ្ឋ​ប្រឆំាង​អំពើ​ពុករលួយ​នៅ​កម្ពុជា។

ច្បាប់ប្រឆំាង​អំពើ​ពុករលួយ​ត្រូវបាន​ព្រះមហាក្សត្រ​ប្រកាស​អោយ​ប្រើ​ កាលពី​ខែ​មេសា​ឆ្នាំ​២០១០។ រហូតមកដល់​ពេលនេះ ចំណុចខ្លះ​នៃ​ច្បាប់​ប្រឆំាង​អំពើ​ពុករលួយ មិនទាន់​ចូល​​​ជា​ធរមាន​នោះទេ។ ដូច្នេះ ចំណុច​ទាំងនោះ​​នៅ​មិនទាន់​អាច​អនុវត្ត​បាន​នៅឡើយ ពិសេស ត្រង់​ចំណុច​ផ្តន្ទាទោស​បទល្មើស​ពុករលួយ ដែល​បង្ក​​ជា​ឧបសគ្គ​ដល់​ដំណើរ​ការងារ​របស់​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ ឬ គេអាច​និយាយ​បាន​ថា អង្គភាព​នេះ​កំពុង​មាន​អំ​ណាច​​មិន​គ្រប់​លក្ខណៈ។

បញ្ហា​កញ្ចប់ថវិកា​ដោយឡែក របស់​ស្ថាប័ន​ប្រឆំាង​អំពើ​ពុករលួយ។​ ការ​បង្កើត​រចនាសម្ព័ន្ធ​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ​ថ្នាក់ក្រោម​ជាតិ និង​អានុភាព​ ក្នុង​ការ​ផ្តន្ទាទោស​បទល្មើស​ពុករលួយ សុទ្ធសឹង​ជា​ចំណុច​ដែល​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម ដែល​នឹង​អាច​ធ្វើឡើង​ នៅ​ចុងខែ​មីនា​ខាងមុខ​នេះ។

លោកជាម យៀប មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​រដ្ឋសភា​ថ្លែង​ថា ចំណុច​ដែល​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​ទំាងនោះ គឺ​ជា​បញ្ហា​ច្ចេកទេស និង​កិច្ចការ​រដ្ឋបាល សម្រាប់​ដំណើរការ​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ។

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​រដ្ឋសភា​បន្ត​ថា​ ចំពោះ​ចំណុច​ថវិកា​វិញ គេ​នឹង​កែប្រែ​កញ្ចប់​​ថវិកា​របស់​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ ពី​ការ​គ្រប់គ្រង​ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី មកជា​កញ្ចប់​ថវិកា​ស្វយ័ត​វិញ។​ថវិកា​ស្វយ័ត​របស់​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ ត្រូវ​គ្រប់គ្រង​ដោយ​នាយក​រដ្ឋមន្រ្តី និង​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​ជាតិ​សវនកម្ម។

និយាយជារួម ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆំាង​អំពើ​ពុករលួយ ដើម្បី​អោយ​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ មាន​កម្លំាង​កាន់តែ​ខ្លំាង​ក្នុងការ​បង្រ្កាប​​បទល្មើស ចាប់​ជនល្មើស​ភ្លាមៗ​ក្នុង​ពេលនេះ។ ក្នុងពេល​ដែល​បទល្មើស​ពុករលួយ​ជាច្រើន​ករណី​ស្ថិត​ក្នុង​កណ្តាប់​ដៃ​អង្គភាព​ប្រឆំាង​អំពើ​ពុករលួយ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆំាង​អំពើ​ពុករលួយ មិនចំ​ចំណុច​សាធារណជន​ចង់បាន​នោះ​ទេ។ តំណាងរាស្រ្ត​គណបក្ស​សម​រង្ស៊ី លើកឡើង​ថា ពលរដ្ឋ​ចង់​អោយ​មាន​វិសោធនកម្ម​ ត្រង់​ចំណុច​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្រ្តី ជា​សម្ងាត់ មក​ជា​សាធារណៈ​វិញ។​

និយាយជារួម មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆំាង​រូបនេះ​នៅតែ​មិន​គំាទ្រ​ច្បាប់​ប្រឆំាង​អំពើ​ពុករលួយ ​ ដោយសារ​លោក​គ្មាន​ជំនឿ​ថា​ ច្បាប់នេះ​​អាច​គាស់រម្លើង​​បទល្មើស​ធំៗ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ