អានតួអត្ថបទ
កម្ពុជា

ជំនួយ​សង្គ្រោះ​ជប៉ុន​មក​ដល់​ពេល​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​កើន​ដល់​២០៦​នាក់​

ខណៈ​​ដែល​​​ទឹក​​ជំនន់​​បង្ក​​ផល​​ប៉ះពាល់​​កាន់​តែ​​ធ្ងន់ធ្ងរ​​ឡើង​​ ជំនួយ​​មនុស្សធម៌​​បាន​​មក​​ដល់​​កម្ពុជា​​​ជា​​បណ្តើរៗ។​​ ជាក់ស្តែង​​ ជំនួយ​​​របស់​​​ជប៉ុន​​​​សម្រាប់​​​សង្គ្រោះ​​​បន្ទាន់​​​ដល់​​​ជន​​រងគ្រោះ​​​ដោយ​​​ទឹក​​ជំនន់​​​​បាន​​​មក​​​ដល់​​ភ្នំពេញ​កាលពី​​យប់​​ថ្ងៃ​​សៅរ៍​​ម្សិលមិញ។​​ ជំនួយ​​សង្គ្រោះ​​ទាំង​​នោះ​​មាន​​ដូច​​ជា​​​​​​​​​ធុង​​ច្រោះ​ទឹក​​ មុង​ ​ភួយ​ ​កន្ទេល​ ​តង់​ ​និ​ង​​សម្ភារៈ​​ប្រើប្រាស់​​ផ្សេង​​ទៀត​​ដែល​​មាន​​តម្លៃ​ ​៣៣​​ម៉ឺន​​ដុល្លារ​​។​ ​ជំនួយ​​ជប៉ុន​​នេះ​ ​បាន​​មក​​ដល់ ​​ខណៈ​​ដែល​​តុល្យាការ​​នៃ​​ចំនួន​​អ្នក​​ស្លាប់​​បាន​​កើន​​ឡើង​​ដល់​​២០៦​​នាក់។​

ជំនួយ​សង្គ្រោះ​ជប៉ុន​មក​ដល់​ពេល​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​កើន​ដល់​២០៦​នាក់។​
ជំនួយ​សង្គ្រោះ​ជប៉ុន​មក​ដល់​ពេល​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​កើន​ដល់​២០៦​នាក់។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អំណោយ​មនុស្សធម៌​របស់​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​បាន​មក​ដល់​ភ្នំពេញ​ហើយ​កាល​ពី​យប់​មិញ​នេះ។ អំណោយ​ដែល​មាន​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជូន​តាម​រយៈ​អង្គការ ​JICA។អំណោយម​នុស្សធម៌​ទាំងនោះ​មាន​ដូច​ជា ​ធុង​សម្រាប់​ចម្រោះទឹក​ ធុង​ដាក់​ទឹក ​តង់ ​មុង ​កន្ទេល ​ភួយ​និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​សម្រាប់​ឆ្លើយតប​ទៅ​នឹង​ការ​សង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​ដែល​លិច​លង់​ដោយ​ទឹក​ជំនន់។

ការ​មក​ដល់​នៃ​ជំនួយ​សង្គ្រោះ​របស់​ជប៉ុន​គឺ​នៅ​ខណៈ​ពេល​ដែល​តុល្យការ​ចំនួន​អ្នក​ស្លាប់​កាន់​តែ​កើន​ឡើង​ជា​លំដាប់។ ​លោក ​ញឹម វណ្ណដា ​អនុប្រធាន​ទី១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​បាន​មាន​ប្រសាសន៍​ខណៈ​ពេល​ទៅ​ទទួល​ជំនួយ​នៅ​ព្រលានយន្ដ​ហោះ​អន្ដរ​ជាតិ​ភ្នំពេញ​ថា ​គិត​រហូត​មក​ដល់​ពេល​នេះ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​ទឹកជំនន់​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​២០៦​នាក់​ហើយ។ ​ក្រៅ​ពី​នោះ​ ប្រជាជន​ជាង​១​លាន​នាក់​បាន​ទទួល​រង​ផល​ប៉ះ​ពាល់ ​និង​ផ្ទះ​ចំនួន​១៨​ម៉ឺន​ខ្នង​បាន​លិច​លង់ ​រីឯ​ដំណាំ​ស្រូវ​រាប់​ម៉ឺន​ហិកតា​ត្រូវ​បំផ្លាញ។

បើ​យោង​តាម​លោក ​ញឹម វណ្ណដា ​ក្នុង​រយៈពេល​ពីរ​ខែ​កន្លង​ទៅ​នេះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​តែ​ទឹក​ជំនន់​ជិត​១០​ម៉ឺន​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។ ពួកគេ​កំពុង​ទទួល​ការ​សង្គ្រោះ​ពី​រដ្ឋាភិបាល ​និង​កាកបាទ​ក្រហម​។ ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ កម្ពុជា​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់​ជាច្រើន​ទៀត។ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​លោក​ ម៉ាសាហ្វូមី ​គូរ៉ូគី ​​បាន​មាន​ប្រសាសន៍​ថា ​ថ្វី​ដ្បិត​តែ​អំណោយ​មនុស្សធម៌​នេះ​ ​មាន​ចំនួន​តិច​តួច​ ក៏ប៉ុន្តែ ​វា​បាន​បង្ហាញ​ពី​ទឹកចិត្ត​របស់​រដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន​ចំពោះ​ប្រជាជន​កម្ពុជា។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​កែប ជុតិមា ​ក៏​បាន​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន​នានា​សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

​ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​មួយ​នៅ​ចុង​សប្តាហ៍​នេះ។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ទឹក​នៅ​តែ​បន្ត​ជន់​លិច​ខណ្ឌ​ចំនួន​៤ ​របស់​រាជធានី​ភ្នំពេញ​គឺ​ ខណ្ឌ​ឬស្សីកែវ ​ខណ្ឌមានជ័យ​ខណ្ឌសែនសុខ​ និង​ខណ្ឌដង្កោ។ ទឹកជំនន់​បាន​បណ្តាល​ឲ្យ​លំនៅដ្ឋាន​ សាលារៀន​ វត្តអារាម​ មណ្ឌល​សុខភាព​ ផ្លូវ​ ជាច្រើន​កន្លែង​ក្នុង​រាជធានី ​លិច​លង់​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ