អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ ដាក់​ចេញ​នូវ​វិធានការ​២​ចំណុច​ ដើម្បី​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​

នៅ​​ព្រឹក​​ថ្ងៃ​​ចន្ទ​​នេះ​ រដ្ឋាភិបាល​ បាន​​បើក​​កិច្ចប្រជុំ​​ពិសេស ​ដោយ​​សម្រេច​​ដាក់​​ចេញ​​នូវ​​វិធានការ​​២​​ចំណុច ​ដើម្បី​​ទប់ទល់​​គ្រោះ​ទឹកជំនន់​។​ ទី​១-​​វិធាន​ការ​​ចំពោះ​​មុខ​ និង​​ទី​២​-​វិធានការ​​ក្រោយ​​ទឹក​ស្រក​។​ នោះ​​គឺ​រដ្ឋាភិបាល​​បាន​សម្រេច​​ចំណាយ​លុយ​​ប្រមាណ​ ២០០​ លាន​​រៀល​ ប្រហែល​ជា ​៥​​ម៉ឺន​​ដុល្លារ​ សម្រាប់​​អាជ្ញាធរ​​ខេត្ត​​នីមួយៗ​ ប្រើប្រាស់​​សម្រាប់​​ទប់ទល់​​នឹង​​គ្រោះ​ទឹក​ជំនន់​។​ ចំណែក​​អង្ករ​​ប្រមាណ​ ១៧០០​ តោន​ ក៏​​ត្រូវ​បាន​​បញ្ជូន​​ទៅ​កាន់​​ខេត្ត​ ដែល​​លិច​លង់ ​ដោយ​​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ បាន​​ដាក់​​បទ​បញ្ជា​​ថា ​មិន​​ឲ្យ​​ប្រជាជន​​ខ្មែ​​រណា​​ម្នាក់​ ស្លាប់​​ដោយ​​​អត់បាយ ​ពេល​​ទឹក​ជំនន់​នៅ​​គ្រា​​នេះ​​ឡើយ​។​​

ក្មេងប្រុស​ហែល​ទឹក​ក្នុង​ផ្ទះ​ដែល​ជន់​លិចដោយ​ទឹកភ្លៀង ​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី ២៦ កញ្ញា ២០១១
ក្មេងប្រុស​ហែល​ទឹក​ក្នុង​ផ្ទះ​ដែល​ជន់​លិចដោយ​ទឹកភ្លៀង ​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី ២៦ កញ្ញា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិសេស រយៈពេល​ប្រហែល ៤ ម៉ោង នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ រដ្ឋាភិបាល​បាន​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ចំនួន ២ ចំណុច គឺ​ទី​១ វិធានការ​​ចំពោះ​មុខ និង​ទី​២ វិធានការ​ក្រោយពេល​ទឹក​ស្រក​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​។​

 
​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍ថា វិធានការ​ចំពោះ​មុខ សំខាន់​គឺ​ការដោះស្រាយ ធ្វើ​យ៉ាងណា ដើម្បី​ធានា​កុំឲ្យ​មាន​អ្នកស្លាប់ ដោយ​អត់បាយ​។ ក្នុងនោះ អភិបាល​ខេត្ត​ទាំងអស់ ត្រូវ​​នៅនឹងកន្លែង មិន​ត្រូវ​ចេញ​ទៅ​ក្រៅប្រទេស ឬ​ក៏​មក​ប្រជុំ​នៅ​ភ្នំពេញ​ទេ​។ អាជ្ញាធរខេត្ត​ក៏​ត្រូវ​សហការ​ជាមួយ​កាកបាទ​ក្រហម ដើម្បី​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រជាជន​រងគ្រោះ​ផងដែរ​។​

​លោក​ខៀវ​កាញារីទ្ធ បាន​បន្ថែមថា រដ្ឋាភិបាល​បាន​សម្រេច​បញ្ជូន​ទៅកាន់​ខេត្ត ដែល​រងគ្រោះ ដោយ​ទឹកជំនន់​នូវ​កញ្ចប់​ថវិកា​ចំនួន ២០០ លាន​រៀល ដើម្បី​ចុះ​ទៅ​ជួយសង្គ្រោះ​ភ្លាមៗ​នៅ​តាម​​ខេត្ត​នីមួយៗ រួម​ទាំង​អង្ករ​មួយចំនួនទៀត​។​

​ចំណែក​វិធានការ​ក្រោយពេល​ទឹក​ស្រ​ក ត្រូវបាន​លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា សំខាន់​គឺ​ស្តារ​​ដំណាំ​ស្រូវ​ឡើងវិញ ឬ​កន្លែង​ណា ដាំ​ស្រូវ​មិនបាន គឺ​យើង​ធ្វើ​ដំណាំ​ផ្សេង និង​ទី​២ ត្រូវ​ពិនិត្យ​លើ​សុខភាព​ប្រជាជន នៅពេល​ទឹក​ស្រ​ក ព្រមទាំង​ត្រៀមខ្លួន ដើម្បី​ស្តារ​ផ្លូវ ដែល​ខូច​ខាត​។

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​លើកយក​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មក​បង្ហាញ​ថា មកដល់​ថ្ងៃ​២៦​កញ្ញា​នេះ ទឹកជំនន់​បាន​លិចលង់​ខេត្ត​ចំនួន ១៤ ក្នុងស្រុក​ចំនួន ៨៧ និង​មាន​ប្រជាជន ៩០.៣០៣ គ្រួសារ ត្រូវ​រងគ្រោះ​។ ក្នុងនោះ មាន​អ្នកស្លាប់​ដោយ​ទឹកជំនន់​សរុប​ចំនួន ៦១ នាក់ ដែល​មាន​កុមារ ៣៤ នាក់​។

ចំណែក​ប្រជាជន ១៣.៤០២ គ្រួសារ ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ផ្ទះ​ប្រជាជន​ចំនួន ៨៣.០០៧ ខ្នង ត្រូវបាន​លិចលង់ ហើយ​ផ្ទះ​ចំនួន ២៣៨ ខ្នង ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់​។​

​អំពី​ស្ថានភាព​ទឹកជំនន់ ត្រូវបាន​លោក ម៉ៅ ហាក់ អគ្គនាយករង ទទួលបន្ទុក​កិច្ចការ​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​ជល​សាស្ត្រ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ទឹក​ទន្លេមេគង្គ​នៅ​ផ្នែក​ខាងលើ ដូចជា នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម បានចាប់ផ្តើម​ស្រក​ចុះ​ហើយ គិត​មកដល់​ថ្ងៃ​ទី​២៦​កញ្ញា​នេះ​។

រីឯ​នៅ​ទន្លេមេគង្គ ផ្នែក​ខាងក្រោម ដូចជា នៅ​ភ្នំពេញ និង​នៅ​ទន្លេ​សាក់ ទន្លេសាប ទឹក​នៅ​ឡើង​​បន្តិចបន្តួច រហូត​ដល់​ទី​២៨​កញ្ញា ទើប​ស្រក​ចុះ​។ ដោយឡែក​ទឹកជំនន់​ទឹកភ្លៀង នៅ​តាម​ស្ទឹង ដែល​លិចលង់​ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ បាន​ស្រក់​ចុះបណ្តើរៗ​ហើយ​។

​តាម​មន្ត្រី​ជំនាញ​ឧតុនិយម ពេលនេះ មាន​ព្យុះ ២​ទៀត កំពុង​កើតមាន​នៅ​មហាសមុទ្រ ប៉ាស៊ីហ្វិក​ ក៏ប៉ុន្តែ​ព្យុះ​នោះ នឹង​ជះ​ឥទ្ធិពល​ខ្សោយ​លើ​ប្រទេស​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ