អានតួអត្ថបទ
កម្ពុជា

កម្មករ​​បន្ត​​ឈប់​សម្រាក​ឈាន​ចូល​ថ្ងៃ​ទី​ពីរ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​

ក្រុម​មេដឹកនាំ​សហជីព​បាន​អះអាង​ពី​ការបន្ត​កូដកម្ម​របស់​កម្មករ ដើម្បី​ទាមទារ​ឲ្យ​មានការ​​ដោះ​​លែង​អ្នក​ជាប់ឃុំ ២១នាក់ និង​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា ១៦០ដុល្លារ​ក្នុង​មួយខែ។ ការបន្ត​កូដកម្ម​មិន​ចូលធ្វើការ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ដោយ​ប្រើប្រាស់​ការឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​កម្មករ ត្រូវ​ក្រសួង​ការងារ​អំពាវនាវ​ឲ្យ​មានការ​ស្ងាត់ស្ងៀម និង​ពិចារណា រង់ចាំ​ការ​ជជែក​​គ្នា ដោយមាន​ជំនួយ​បច្ចេកទេស ពី​អង្គការ ILO។

សហជីព​​ធ្វើ​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​កម្មករ​​ធ្វើ​​ពហិកា​រ​ក្រោយ​​ចូល​ឆ្នាំ​ ។
សហជីព​​ធ្វើ​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​កម្មករ​​ធ្វើ​​ពហិកា​រ​ក្រោយ​​ចូល​ឆ្នាំ​ ។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​មេដឹកនាំ​សហជីព ដែល​គាំទ្រ​ការតវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ដេរ​ស្បែកជើង បានប្រកាសថា មាន​កម្មករ​ប្រមាណ​ជា ៧០ភាគរយ បាន​សម្រាក​​នៅផ្ទះ និង​មិន​ចូលធ្វើការ នៅ​ថ្ងៃទី​ពីរ នៃ​ការធ្វើ​ពហិការ​របស់​ពួកគេ​បន្ទាប់ពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​គ្រប់គ្រង​សហ​ម្ព័​ន្ធ​សហជីព​ជាច្រើន រួមមាន​វិស័យ​សំណង់ ​និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែរនោះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សុក្រ​នេះ​ថា ចំនួន​កម្មករ​ដែល​បានធ្វើ​ពហិការ​ការងារ​បាន​ថយ​ចុះមក​ត្រឹម៧០ ភាគ​រយ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ដែលមាន​ពី៨០ ទៅ៩០ភាគរយ។

តាម​ការប្រកាស​ពី​លោក អាត់ ធន់ កម្មករប្រមាណ​ជា​ជិត១០០ រោងចក្រ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង នឹងធ្វើ​ពហិការ​ការងា​រ​ឡើងវិញ​នៅ​លា្ង​ច​ថ្ងៃ​សុក្រ។គួរ​បញ្ជាក់ថា​គោល​ដៅ​នៃ​ការឈប់​សម្រាក​របស់​ក​ម្មករព្រមៗគ្នា​បន្ទាប់ពី​បុណ្យចូលឆ្នាំ គឺ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល ដើម្បី​តម្លើង​ប្រាក់ខែ​គោល ១៦០ដុល្លារ​ក្នុង​មួយខែ ស្នើសុំ​ឲ្យ​មានការ​ដោះ​លែង​​អ្នក​ជាប់ឃុំ ២១នាក់ និង​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួនទៀត។

ជុំវិញ​ការធ្វើ​កូដកម្ម​នេះ ដោយ​ប្រើប្រាស់​រូបភាព​ពេលវេលា​ឈប់សម្រាក​ប្រចាំឆ្នាំ​នោះ មេដឹក​នាំ​សហជីព​កម្មករ​រូបនេះ បញ្ជាក់ថា លោក​នឹង​រង់​ចាំមើល​លទ្ធផល​នៅ​ថ្ងៃស្អែក ថា​តើកម្ម​ករ​​នឹង​អាច​ឈប់សម្រាក បាន​ប៉ុន្មាន​នាក់ តាម​សំណើរ​ដែល​ដាក់​រួមគ្នា​ដោយ​សហជីព​ទៅកាន់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC កាលពីមុន​ចូលឆ្នាំ​ខ្មែរ។

សំណើឈប់សម្រាក​បន្ត​ពី​បុណ្យចូលឆ្នាំ​ចាប់ពី​ថ្ងៃទី១៧ខែមេសា ដល់​ថ្ងៃទី២២ខែមេសា ដោយ​​ប្រើប្រាស់​ការឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​កម្មករ ត្រូវ​GMAC ទាត់ចោល និង​បាន​ពន្យល់តាម​អង្គហេតុ​និង​អង្គច្បាប់​ថា​សហជីព​មិនអាច​ធ្វើទៅកើត​ទេ ចំពោះ​ការ សុំច្បាប់​ជួសមុខ​ឲ្យ​កម្មករ​ទាំងអស់ ព្រោះថា​វា​ខុស​នឹង​ច្បាប់​ការងារ​កម្ពុជា។ ក៏ប៉ុន្តែ​ក្រុម​មេដឹកនាំ​សហជីព​បញ្ជាក់ថា ទង្វើ​របស់​ពួកគេ គឺធ្វើឡើង​ស្របទៅនឹង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ ILO ដែល ប្រទេស​កម្ពុជា ជា​ហត្ថលេខី​ផងដែរ។

ជាមួយគ្នានេះ លោក ហេង សួគ៌ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ហៅ​ការ​គម្រាម​កូដកម្ម​របស់​សហជីព​កម្មករ​ថា​ជា​រឿង​មួយ​ហួស​សម័យ ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា​កំពុង​ស្នើសុំ​ជំនួយ​បច្ចេកទេស​និង​ទទួលយក​កម្មវិធី​ការងារ​តាំង​អស់ពី ILO។ លោក ហេង សួគ៌ បញ្ជាក់​ថា​តំណាក់កាល​នេះ​ភាគី​ទាំងអស់​គួរតែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​រង់ចាំ​ជជែក​គ្នា​ដោយមាន​ជំនួយ​បច្ចេកទេស​របស់​ILO ហើយ​មិនគួរ​លើកយក​តួលេខ​ណាមួយ​មក​និយាយ​ដោយ​គ្មាន​មូលដ្ឋាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ