សហជីពថា កម្មករ ៨0ភាគរយមិនចូលធ្វើការ តែថៅកែថា រោងចក្រមិនទាន់បើកទ្វារ
នៅថ្ងៃទី១៧ មេសា នេះ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការមិនចូលធ្វើការរបស់ក្រុមសហជីព និង កម្មករ ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំ និង ដំឡើងប្រាក់ខែឲ្យបាន១៦០ដុល្លារ។សហជីពបានអះអាងថា នៅថ្ងៃនេះកម្មករប្រមាណ 80 ភាគរយមិនចូលធ្វើការនោះទេ។ ប៉ុន្តែ ក្រុមថៅកែរោងចក្រវិញអះអាងថា រោងចក្រភាគច្រើននៅមិនទាន់បើកដំណើរការនៅឡើយ ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥១
សហជីពបានអះអាងថា កម្មករ កម្មការិនីជាច្រើនបានចូលរួមធ្វើកូដកម្មមិនចូលធ្វើការតាមការគ្រោងទុកនៅថ្ងៃទី ១៧ មេសា នេះរហូតដល់ថ្ងៃទី ២២ មេសា ។ លោក ជា មុនីប្រធានសហជីពសេរីកម្មករបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី ១៧ មេសា នេះថា នៅថ្ងៃនេះកម្មករ កម្មការិនីប្រមាណ ៨០ ភាគរយមិនបានចូលធ្វើការនោះទេ។ ប្រធានសហជីពរូបនេះ បានលើកឡើងថា កម្មករ កម្មករិនីនឹងបន្តឈប់សម្រាករហូតដល់ថ្ងៃទី ២១ មេសា ដើម្បីតវ៉ាទាមទារឲ្យមានការដោះលែងអ្នកកំពុងជាប់ឃុំទាំង ២១ នាក់ និង ទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារក្នុងមួយខែ។
ក៏ប៉ុន្តែលោក កេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ថា GMAC បានឆ្លើយតបថា វាមិនមែនជាការពិតនោះទេ។យ៉ាងណាក៏ដោយ លោក ទទួលស្គាល់ថា ថ្ងៃនេះកម្មករ កម្មការិនី ប្រមាណ ៧០ភាគរយមិនមកធ្វើការមែន។ មិនមកធ្វើការគឺដោយសារតែរោងចក្រភាគច្រើនមិនទាន់ដំណើរការ មិនមែនចូលរួមធ្វើពហិកាដូចការលើកឡើងរបស់សហជីពនោះទេ។ លោក កេន លូ បានលើកឡើងថា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ទើបរោងចក្រកាត់ដេរបើកដំណើរធម្មតាឡើងវិញ ហើយ លោកគិតថា ប្រហែលមានកម្មករ កម្មការិនី ១០ភាគរយប៉ុណ្ណោះដែលនឹងធ្វើពហិកាមិនចូលធ្វើការ។
កាលពីមុនបុណ្យចូលឆ្នាំ សមាគមរោងចក្រកាត់ដេរបានចេញផ្សាយការវិភាគផ្លូវច្បាប់មួយដោយព្រមានថា ការធ្វើពហិការមិនចូលធ្វើការដោយឈប់សម្រាកនៅផ្ទះជារឿងខុសច្បាប់ព្រោះវាមិនមែនជាកូដកម្មទេ។ កម្មករទាំងនោះអាចនឹងទទួលពិន័យឬទណ្ឌកម្មតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ លោក ជា មុនី បានព្រមានតបវិញថា ប្រសិនបើការតវ៉ារបស់កម្មករ កម្មការិនីនៅពេលនេះនៅតែមិនមានដំណោះស្រាយទៀតនោះ សហជីព និង កម្មករនឹងរៀបចំយុទ្ធនាការធំមួយនៅថ្ងៃ ទី០១ ឧសភា ខែក្រោយនេះ។
ប៉ុន្តែលោក កេន លូ បាននិយាយថា កម្មករ កម្មការិនីមុនធ្វើអ្វីត្រូវគិតឲ្យបានច្បាស់លាស់កុំជឿតាមការញុះញង់របស់ក្រុមសហជីព កុំធ្វើខុសច្បាប់ និង ប៉ះពាល់ដល់ឆ្នាំងបាយរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ