អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នាលើ​នីតិ​វិធី​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ គ.ជ.ប​

គណបក្ស​​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំគ្នា​ដូច​ការ​គ្រោង​ទុក​មែន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ មិថុនា​​នេះ​។ ​ប៉ុន្តែ​​ការ​ជជែក​​គ្នា​​រវាង​​ក្រុម​​ចរចា​​គណ​បក្ស​​​ទាំង​ពី​រ​បាន​​ខ្ទាស់​​ត្រង់​ចំណុច​​ជ្រើស​រើស​​ក្បាល​ម៉ាស៊ីន​​គណៈ​កម្មា​ធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​។​ ​យ៉ាង​ណា​ក៏ដោយ​ គណបក្ស​​ប្រជាជន​​កម្ពុជា​ អះ​អាង​ថា​​នៅ​តែ​​រក្សា​​ការ​ចរចា​​ជា​​បន្ត​ទៀត​។

ជំនួបចរចាគណបក្សទាំងពីរនៅថ្ងៃព្រហស្បតិ៍ ទី ១២ មិថុនា ឆ្នាំ ២០១៤។
ជំនួបចរចាគណបក្សទាំងពីរនៅថ្ងៃព្រហស្បតិ៍ ទី ១២ មិថុនា ឆ្នាំ ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការជ្រើសរើស​ក្បាលម៉ាស៊ីន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺជា​ចំណុច​ខ្ទាស់​គ្នា​រវាង​ក្រុម​ចរចា​នៃ​គណបក្ស​ដែល​កំពុងមាន​ជម្លោះ​ទាំងពីរ។ គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ចង់ឱ្យមាន​ការជ្រើសរើស​សមាសភាព​ដឹកនាំ​គ.ជ.ប​ដោយ​សំឡេង​សមាជិក​ក្នុង​សភា​ចំនួន២/៣ ប៉ុន្តែ​គណបក្ស​ប្រជាជន​អះអាងថា ការជ្រើសរើស​ក្បាលម៉ាស៊ីន​ត្រូវតែ​ប្រើប្រាស់​សំឡេង ដាច់ខាត ៥០+។ ពោលគឺ​យោងតាម​ច្បាប់​វិសោធនកម្ម​កាលពី​ឆ្នាំ២០០៦កន្លងទៅ។ 

នៅក្រោយ​កិច្ចប្រជុំ​អស់​រយៈពេល​ប្រមាណ​ជាង១ម៉ោង ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នោះទេ។ ប៉ុន្តែ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ព្រុំ​ សុខា បានធ្វើ​ស​និ្នសីទសារ​ព័ត៌មាន។

លោក ព្រុំ ​សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា សំណើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្ទុយ​ពី​ច្បាប់។ បើតាម​លោក ព្រុំ​ សុខា​ ដដែល ការទាមទារ​របស់​ភា​គី​គណបក្ស​សង្គ្រោះ​ជាតិ ២/៣នេះ គឺ​បង្ហាញ​ពី​ការមិនទុកចិត្ត​គ្នា​រវាង​គណបក្ស​ទាំងពីរ​នោះទេ។ ដោយ​មិនបាន​និយាយ​ចំ​ចំពោះ​ករណី​ខ្វែងគ្នា​នេះ គឺ​បណ្តាលឱ្យ​គាំងដំណើរ​ការឈានទៅរក​ការចរចា​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​បានអូសបន្លាយ​អស់​រយៈពេល​មួយខែ​នេះ​ទេ។

នៅក្នុងការ​ចរចា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បក្សប្រឆាំង គឺ​មិនមាន​នៅក្នុង​របៀបវារៈ​នោះទេ។ ពោលគឺ​និយាយ​ចរចា​តែ​ពី​ចំណុចការដាក់បញ្ចូល​ទៅក្នុង​ជំពូក​នៃ​រដ្ឋធម្មនុញ្ញ​តែប៉ុណ្ណោះ។ បើតាម​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ជំពូក​១៥ ដែល​ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ គឺមាន​ចំនួន​តែ២មាត្រា​តែប៉ុណ្ណោះ។ មា​ត្រា​ទី១ គឺ​ចែង​ពី មុខងារ​និង​តួនាទី និង​ភាព​អ​ព្យា​ក្រិត​ភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ និង​ទី២ គឺ​លក្ខ​ណៈស​ម្ប​តិ្ត​នៃ​ការជ្រើសតាំង​បេក្ខជន​ដឹកនាំ​នៃ​គណៈកម្មការ​បោះឆ្នោត។ បើតាម​លោក ព្រុំ សុខា​ ដដែល និតិ​វិធី​នៃ​កិច្ចដំណើរការ​បោះឆ្នោត​គឺ​ត្រូវ​ចង្អុល​ចូលទៅក្នុង​ច្បាប់​រៀបចំ​ចាត់តាំង​អង្គការ។

សូមបញ្ជាក់ថា ការជួប​ចរចា​គ្នា​ជា​ផ្លូវ​ការណ៍​សារជាថ្មី​នេះ បន្ទាប់ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី លើ​ការដាក់បញ្ចូល​គ.ជ.ប ទៅជា​ច្បាប់រដ្ឋធម្មនុញ្ញ និង​ការអនុញ្ញាតឱ្យ​បក្សប្រឆាំង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក​ ព្រុំ ​សុខា បានស្នើ​ឱ្យ​បក្ស​សង្គ្រោះ​ជាតិ ពិចារណា​ឡើងវិញ​នូវ​ការ​សម្បទាន​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ព្រោះថា រដ្ឋសភាជាតិ បាន​បង្កើត​បន្ថែម​នូវ​គណៈ​ជំនាញ​រដ្ឋសភា​រហូតដល់១០ដែល​បក្ស​ទាំងពីរ​មាន​ម្នាក់៥ គណៈកម្មការ។ ហើយ​គណៈអចិន្ត្រៃយ៍​វិញ គឺ​បាន​បន្ថែម​រហូតដល់ ១៣ ដែល​គណៈបក្ស​សង្គ្រោះ​ជាតិ​ទ​ទូល​បាន៦ បក្ស​ប្រជាជន៧ គណៈអចិន្ត្រៃយ៍។ មួយវិញទៀត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​ដំណែង អនុប្រធាន​ទី១នៃ​រដ្ឋសភា​ផងដែរ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​លោក ព្រុំ​ សុខា បាន​អះអាងថា បើ​ថ្នាក់​ចរចា​បច្ចេកទេស​មិនទាន់​អាច​សម្រេច​អ្វី​បាន​នោះ ជំ​នូ​ប​កំពូល និង​ការបិទ​បញ្ចប់​ជម្លោះ​នយោបាយ​ក៏​ពិបាក​នឹង​ទៅរួច​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ