អានតួអត្ថបទ
កម្ពុជា

លោក ​ស៊ូ​ប៊ែ​រ​ឌី មក​ទស្សនកិច្ច​កម្ពុជា​សាជា​ថ្មី នៅ​សប្តាហ៍​ក្រោយ​

អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​រ​ឌី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត នៅ​សប្តាហ៍​​ក្រោយ។ ទស្សនកិច្ច​លើក​នេះ​មាន​រយៈពេល​១០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​២៥​មិថុនា ដើម្បី​ពិនិត្យមើល​បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​នូវ​អនុសាសន៍ផ្សេងៗ ដែល​លោក​បាន​ដាក់​ជូន​រដ្ឋាភិបាល​កាល​ពី​ពេល​កន្លង​ទៅ។

លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។
លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។ RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

ដំណឹង​ស្តី​ពី​ការ​មក​ដល់​របស់លោក​ស៊ូ​ប៊ែ​រ​ឌី ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា នៅ​ថ្ងៃ​ពុធ​ទី១១មិថុនា​នេះ។ សេចក្តី​ជូន​ដំណឹង​ឲ្យ​ដឹងថា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​រ​ឌី នឹង​មក​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ទី​ក្រុង​ហ្សឺ​ណែវ​ថា បេស​កកម្ម​របស់​លោក នៅ​កម្ពុជា​​លើក​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ការ​វិវឌ្ឍ​នានា​ទាក់ទង​នឹង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឯករាជ្យ​នៅ​កម្ពុជា។ ក្រៅ​ពី​នោះ លោក​ក៏​នឹង​ពិនិត្យ​មើល​ផងដែរ​នូវ​អនុសាសន៍ របស់​លោក​ស្តីពី​កំណែទម្រង់​តុលាការ កំណែទម្រង់​សភា ការ​បោះឆ្នោត​និង​កំណែទម្រង់​ដី​ធ្លី។ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា លោក​ស៊ូ​ប៊ែ​ឌី គ្រោង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល ម្ចាស់​ជំនួយ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

នេះ​ជា​លើក​ទី១១ហើយ​ដែល​លោក ស៊ូ​ប៊ែ​រ​ឌី បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​បន្ទាប់ពី​លោក​ទទួលបាន​ការតែងតាំង​ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាលពី​ខែមីនា ឆ្នាំ ២០០៩​មក។  លោក​ក៏បាន​ធ្វើ​របាយការណ៍​ចំនួន​៦រួច​ហើយ ស្តីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ។

ចុងក្រោយ​នេះ លោក ស៊ូ​ប៊ែ​រ​ឌី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​សេចក្តី​ព្រាងច្បាប់​សំខាន់​ទាំងបី​ទាក់ទង​នឹង​វិស័យ​តុលា​ការ ដែល​ត្រូវ​បាន​អនុម័ត ដោយ​រដ្ឋសភា​កម្ពុជា។ ក៏​ដូចជា​រាល់​លើក​ដែរ តំណាង​ពិសេស​សហប្រជាជាតិ​រូបនេះ​គ្រោង​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ទី ២៤​មិថុនា មុន​ពេល​លោក​ចាក​ចេញ​ពី​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ