អានតួអត្ថបទ
កម្ពុជា

ក្រុម​ការងារ​បក្ស​ទាំងពីរ​ជួប​គ្នា​ថ្ងៃ​ស្អែក ដើម្បី​ជជែក​កំណែទម្រង់​គ.ជ.ប និង​ការបង្កើត​ទូរទស្សន៍​បក្ស​ប្រឆាំង​

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​យល់​ព្រម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជូល​គ.ជ.ប​ទៅ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​អនុញ្ញាត​ឱ្យ​បក្ស​ប្រឆាំង​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លួន​ឯង​បាន​នោះ។ ក្រុម​ការងារ​​នៃ​គណបក្ស​ទាំង​ពីរ នឹង​ជួប​ចរចា​គ្នា​នៅ​ជា​ផ្លូវ​ការណ៍ នៅ​វិមាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ព្រហស្បតិ៍​​ស្អែក​នេះ ដើម្បី​និយាយ​ពី​ស​ម្រេច ពី​ការ​បញ្ចូល​គ.ជ.ប​ទៅ​ជា​ជំពូក​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​សំណើប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បក្ស​ប្រឆាំង។

កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ នៅព្រឹទ្ធសភា កាលពីថ្ងៃទី 24 ខែមីនា ឆ្នាំ2014 កន្លងទៅ។
កិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ នៅព្រឹទ្ធសភា កាលពីថ្ងៃទី 24 ខែមីនា ឆ្នាំ2014 កន្លងទៅ។ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​ចរចារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​លំអិត​ពី​ការបញ្ចូល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចូល​ទៅ​ជា​ជំពូក​ទី​១៥​នៃ​រដ្ឋធម្មនុញ្ញ និង​ការបង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​ចរចារ​នៃ​គណបក្ស​ទាំងពីរ​មាន​សមាសភាព​ម្ខាង​ចំនួន ៣​រូប។ គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អម​ដោយ លោក សក់ ស៊ីថា និង​លោក កើត រិ​ទ្ធ។ ដោយឡែក​បក្ស​សង្គ្រោះ​ជាតិ គឺ​ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​អមដោយ លោក​អេង ឆៃអ៊ាង និង​លោក យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ។ ការ​ជួប​ចរចា​សារ​ជា​ថ្មី​នេះ គឺ​កើតឡើង​ក្រោយពី​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន យល់​ព្រម​តាម​សំណើរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ឆ្លើយ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​ព្រុំ សុខា បាន​ឱ្យ​ដឹង​ថា ភាគី​បក្ស​កាន់អំណាច បាន​រៀប​ចំ​ឯកសារ​លំអិត​រួចរាល់​ហើយ សម្រាប់​ដៃ​គូរ​ចរចា។ ដោយឡែក​តំណាង​​ក្រុម​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន បាន​អះអាងថា​ការចរចា​នៃ​កាលបរិច្ឆេទ​បោះឆ្នោត​ឡើងវិញ គឺ​ជា​តួនាទី​នៃ​មេដឹកនាំ​នយោបាយ​កំពូល។

សូម​រំលឹក​ជូន​ថា ក្រោយ​ការ​ចរចា ជា​បន្តបន្ទាប់​ក្រុម​ការងារ​បច្ចេកទេស នៃ​គណបក្ស​ទាំងពីរ​បាន​សម្រេច​ចំណុច​រួម​ចំនួន ១៤​ចំណុច។ ក្រៅ​ពី​ការបញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ទៅ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ ក្នុង​នោះ​ក៏​មាន​ដែរ ច្បាប់​ហិរញ្ញវត្ថុ​​ ស្តី​ពី​គណបក្ស​នយោបាយ​ជា​ដើម។

ការ​ជួប​ចរចា​ថ្នាក់​បច្ចេកទេស​សារ​ជា​ថ្មី​ម្តងទៀត រវាង​គណបក្ស​ទាំងពីរ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​​ថា គឺជា​តម្រុយ​ដែល​នឹង​អាច​ឈានទៅ​បិទ​បញ្ចប់​ជម្លោះ​នយោបាយ នៅ​កម្ពុជា​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ