អានតួអត្ថបទ
កម្ពុជា

តុលា​ការ​ដាក់​​លោក​​ប៉ាវ ​ស៊ីណា​​ឱ្យ​នៅ​​ក្រោម​​ការ​ត្រួត​ពិនិត្យ​

ប្រធាន​​សហព័ន្ធ​​សហជីព​​ចលនា​​កម្មករ​ លោក​​ប៉ាវ ​ស៊ីណា​​នៅ​​ថ្ងៃ​​សុក្រ​​ទី​១២​កញ្ញា​​នេះ​ ត្រូវ​បាន​​តុលាការ​​សម្រេច​​ដាក់​ឱ្យ​​នៅ​ក្រោម​​ការ​ត្រួត​ពិ​និត្យ​​និង​​ហាម​ប្រាម​​ការ​ធ្វើ​សកម្មភាព​​នា​នា​ ក្នុង​​រឿង​ក្តី​​បាតុកម្ម​ហិង្សា​​នៅ​លើ​​ផ្លូវ​​វ៉េង​ស្រេង​។ ​ក្រុម​​អ្នក​គាំ​ទ្រ​​បាន​​ឈរ​​ប្រមូល​ផ្តុំ​​គ្នា​​នៅ​ខាង​មុខ​​តុលាការ​​សាលា​ដំ​បូង​​រហូត​ដល់​​ប​ញ្ច​​ប់​​ការ​សាក​សួរ​។​

លោក​ប៉ាវ ​ស៊ីណា ​ពេល​ចូល​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី ​១២ ​ខែ​កញ្ញា ​ឆ្នាំ ​២០១៤​
លោក​ប៉ាវ ​ស៊ីណា ​ពេល​ចូល​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី ​១២ ​ខែ​កញ្ញា ​ឆ្នាំ ​២០១៤​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការ​សាកសួរ​អស់​រយៈពេល​ជាង២ម៉ោង តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នស​ម្រ​ច​ដាក់​លោក​ប៉ាវ ស៊ីណា​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ឱ្យ​ស្ថិតនៅក្រោម​ការត្រួត​ពិនិត្យ និង​ហាម​ធ្វើ​សកម្មភាព​នានា។ ជាការ​សម្រេច​ក្រោម​បទ​ចោទ​ចំនួន៤ ពី​ដើមបណ្តឹង​សមាគម​រោងចក្រ​កាត់ដេរ១៣០រោងចក្រ និង​មន្ត្រីប៉ូលិស​ខណ្ឌ ក្នុង​សំណុំរឿង​អំពើហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​កាលពីដើមឆ្នាំ២០១៤ ក្នុង​យុទ្ធនា​ការដំឡើង​ប្រាក់ខែ​របស់​កម្មករ។ បទ​ចោទ​ទាំង​បួន​នោះ​គឺ ទី១ បង្ក​អំពើហិង្សា​ដោយ​ចេតនា ទី២ ការ​គំរាម​គំហែង ទី៣បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​ឯកជន និង​សាធារ​ណៈ និង​ទី៤ គឺ ការបង្ក​ការកកស្ទះ​ចរាចរណ៍​ជាដើម។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ក្រៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ប៉ាវ ស៊ីណា បាន​បញ្ជាក់ថា ការចោទប្រកាន់​នេះ គឺ​ផ្ទុយ​ពី​ការពិត។ ព្រោះថា​លោក​មិនមាន​វត្ត​មាននៅ​ទីតាំង​កើតហេតុ​ដូច​ការចោទប្រកាន់​នោះទេ។ លោក​ប៉ាវ ស៊ីណា គូសបញ្ជាក់ថា ការចោទប្រកាន់ និង​ដាក់ឱ្យ​នៅក្រោម​ការត្រួតពិនិត្យ​នេះ គឺជា​ការបង្អាក់​សកម្ម​ភាព​របស់​សហជីព​នានា​ក្នុង​យុទ្ធនា​ការដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា​នៅ​ថ្ងៃទី១៧ខាងមុខនេះ​តែ​ប៉ុណ្ណោះ។

តាំងពី​ម៉ោង​ប្រមាណ៨កន្លះ​ព្រឹក​មក លោក​ប៉ាវ ស៊ីណា ដែលមាន​ពាក់អាវ​ពណ៌​ផ្កាឈូក បាន​ដើរចូល​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការស្រែក​គាំទ្រ​ពី​ក្រុមកម្មករ​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ម្ខាង​ផ្លូវ​ព្រះ​មុនី​រ៉េត​ខាងមុខ​តុលាការ។ កម្មករ​ដែលមាន​កាន់​បដា​សឹងគ្រប់ៗគ្នា ប្រមាណ៥០នាក់ បាន​ស្រែក​ឱ្យ​តុលា​កា​ទម្លាក់​ការចោទប្រកាន់​ទាំងអស់​លើ​លោក​ប៉ាវ ស៊ីណា និង​បណ្តា​សហជីព​ដែល​ពាក់​ព​ន្ធ័​ក្នុង​សំណុំរឿង​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​ទាំងអស់។

សូម​រំលឹក​បន្តិច​ថា ក្រៅពី​ការ​លោក​ប៉ាវ ស៊ីណា មេដឹកនាំ​សហជីព​កម្មករ​ចំនួន៥រូប​ផ្សេងទៀត ដែល​រួមមាន​លោក អាត់ ធន់ លោក​រ៉ុង ឈុន និង​លោក​ជា​មុនី​ជាដើម នឹងត្រូវ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់។ បើទោះបីជា​តុលាការ​សម្រេច​ឱ្យ​ប្រធាន​សហព័ន្ធ​សហជីព លោក​ប៉ាវ ស៊ីណា​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ក៏ដោយ ក៏ប៉ុន្តែ​ប្រធាន​សហជីព​រូបនេះ​អះអាង​ខ្លួន​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ដដែល ក្នុង​យុទ្ធនា​ការទាមទារ​ដំឡើង​ប្រាក់ខែ​ចាប់ពី​ថ្ងៃទី១៧ កញ្ញា​តទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ